ព័ត៌មានទាន់ហេតុការណ៍៖

តំណាងលោកបណ្ឌិត គុណ ញឹម ចុះ សួរសុខទុក្ខ និងនាំយកអំណោយសប្បុរសធម៌ របស់ សមាគមសង្គហមិត្ត មន្ត្រីរាជការ នៃ អគ្គនាយកដ្ឋាន គយ និង រដ្ឋាករ កម្ពុជា ជូនសមាគម វិទ្យុ និងទូរទស្សន៍អនឡាញសំឡេង ជនពិការភ្នែក

ចែករំលែក៖

ភ្នំពេញ៖ លោក ប៊ុន ជីវ ប្រធាននាយករបបគយ តំណាងដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី អគ្គនាយកនៃ អគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា រួមជាមួយក្រុមការងារ សប្បុរសធម៌ នាព្រឹក ថ្ងៃសៅរ៍ ៤រោច ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦ បាន ចុះ សួរសុខទុក្ខ និងនាំយកអំណោយសប្បុរសធម៌ របស់ សមាគមសង្គហមិត្ត មន្ត្រីរាជការ នៃ អគ្គនាយកដ្ឋាន គយ និង រដ្ឋាករ កម្ពុជា ជូនសមាគម វិទ្យុ និងទូរទស្សន៍អនឡាញសំឡេង ជនពិការភ្នែក ដែលមានបុគ្គលិកចំនួន ៩០នាក់និងមានទីស្នាក់ការកណ្តាលនៅភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ព្រមទាំងសាខារបស់សមាគមនៅខេត្តបាត់ដំបង កំពង់ចាម បន្ទាយមានជ័យ និងពោធិ៍សាត់។

ក្នុងនាមក្រុមការងារសប្បុរសធម៌ លោក ប៊ុន ជីវ បានសម្តែង សេចក្តីសោមនស្សរីករាយ និងបានកោតសរសើរ ចំពោះ កិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលការងារនាពេលកន្លងមករបស់ សមាគម វិទ្យុ និងទូរស្សន៍ អនឡាញសំឡេង ជនពិការភ្នែក ដែល បានជួយជនពិការភ្នែក និងជនពិការដទៃទៀត ឱ្យទទួលបានការងារប្រកប ដោយសេចក្តីថ្លៃថ្នូរ និងមានសិទ្ធិសេរី ភាពបរិបូរ ណ៍ ព្រមទាំងរស់នៅក្នុងសង្គមប្រកប ដោយសេចក្ដីសង្ឃឹ ម និងមានមោទនភាព ក្នុង ជីវិត។ ទន្ទឹមនេះ លោកប្រធានក្រុមការងារបានលើកឡើង ពីការយកចិត្តទុកដាក់ខ្ពស់របស់ រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំអគ្គនាយក ដ្ឋាន គយនិងរដ្ឋាករកម្ពុជា ក្នុងការ ជួយជ្រោមជ្រែងឧបត្ថម្ភដល់សមាគម វិទ្យុ និងទូរស្សន៍ អនឡាញសំឡេងជន ពិការភ្នែក រួមទាំងវីរកងទ័ព អង្គការ សមាគម មណ្ឌលកុមារកំព្រា និងជនងាយរងគ្រោះនានា។ អំណោយសប្បុរសធម៌ក្នុងពេលនេះ រួមមាន អង្ករផ្កាខ្ញី៥០គីឡូក្រាម ចំនួន ១៥បាវ, មីជាតិ ១២ កេសតូច, ត្រីខកំប៉ុង ២០យួរ, ទឹកស៊ីអ៊ីវ ១០យួរ, ទឹកត្រី ១០យួរ, ស្ករស៥០គីឡូក្រាម ចំនួន ២បាវ និងម៉ាស៊ីនជំរុញទឹក ចំនួន ១គ្រឿង ព្រមទាំងបានឧបត្ថម្ភថវិកាជូនដល់សមាគម គណៈគ្រប់គ្រងនិងបុគ្គលិករបស់សមាគម ផងដែរ។

ក្នុងឱកាសនោះ លោក សែម សំណាង អគ្គនាយកសមាគម វិទ្យុ និងទូរទស្សន៍អនឡាញសំឡេងជនពិការភ្នែក បានថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅ ជូនចំពោះ លោក បណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្រ្តី និង លោកស្រី ថ្នាក់ដឹកនាំ និងមន្រ្តីគយនិងរដ្ឋាករទាំងអស់ ព្រមទាំងក្រុមការងារសប្បុរសធម៌ នៃ អគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា ដែលតែងតែយកចិត្តទុកដាក់អញ្ជើញចុះសួរសុខទុក្ខ និងនាំយកនូវអំណោយសប្បុរសធម៌ជូនសមាគមជាលើកទី៤។

គួរបញ្ជាក់ផងដែរថា មូលនិធិសប្បុរសធម៌របស់សមាគមសង្គហមិត្តមន្ត្រីរាជការ នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានបង្កើតឡើងកាលពីឆ្នាំ២០២០ ក្នុងស្មារតីចូលរួមចំណែកផ្តល់ជំនួយគាំទ្រសម្រាប់សម្រាល ដល់ការលំបាកចំពោះ អង្គការ សមាគម មណ្ឌលកុមារកំព្រា និងជនងាយរងគ្រោះនានា ៕

ដោយ ៖ សិលា


ចែករំលែក៖