សារព័ត៌មាន AFP បានផ្សាយថា អារ៉ាប៊ីសាអូឌីត នៅថ្ងៃសៅរ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦ បានឱ្យដឹងថាខ្លួនបានបាញ់ទម្លាក់មីស៊ីលគ្រូសមួយគ្រាប់ដែលហោះតម្រង់រករាជធានីរីយ៉ាដ បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហ៊ូទីរាយការណ៍ពីការវាយប្រហាររបស់អារ៉ាប៊ីសាអូឌីតលើយេម៉ែន។
ក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីតដែលគាំទ្ររដ្ឋាភិបាលយេម៉ែនទទួលដោយអន្តរជាតិ ជារឿយៗបានបើកការវាយប្រហារទម្លាក់គ្រាប់បែក លើតំបន់គ្រប់គ្រងដោយក្រុមឧទ្ទាមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់ ចាប់តាំងពីសង្រ្គាមស៊ីវិលនៅយេម៉ែនផ្ទុះឡើងសាជាថ្មីកាលពីរដូវក្ដៅកន្លងទៅនេះ។ ជាការសងសឹកវិញ ក្រុមហ៊ូទីបានបើកការវាយប្រហារដោយប្រើដ្រូន និងមីស៊ីលទឹកដីអារ៉ាប៊ីសាអូឌីតស្ទើរតែរៀងរាល់ថ្ងៃ ជាមួយការកំណត់គោលដៅលើរោងចក្រប្រេង អាកាសយានដ្ឋាន និងសង្កាត់ហិរញ្ញវត្ថុក្នុងរាជធានីរីយ៉ាដ។
នៅក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម X អ្នកនាំពាក្យក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីត លោក Turki Al-Malki បាននិយាយថាប្រព័ន្ធការពារដែនអាកាសបានបាញ់ស្ទាក់កម្ទេចមីស៊ីលគ្រូសមួយគ្រាប់ដែលត្រូវបានបាញ់ចេញដោយក្រុមភេរវករហ៊ូទីឆ្ពោះទៅរកតំបន់រាជធានីរីយ៉ាដ។ ការវាយប្រហារនេះដែរកើតមានឡើងក្រោយប្រព័ន្ធផ្សព្វផ្សាយរបស់ហ៊ូទី Saba បានរាយការណ៍ពីការវាយប្រហារមួយរបស់អារ៉ាប៊ីសាអូឌីតលើរដ្ឋធានីសាណា របស់ប្រទេសយេម៉ែនដែលកំពុងស្ថិតនៅក្រោមការគ្រប់គ្រងដោយក្រុមហ៊ូទី។
តាមប្រព័ន្ធផ្សព្វផ្សាយដដែល ផ្ទះ៨ខ្នង និងហាងទំនិញចំនួន៣ បានរងការខូចខាតដោយសារការវាយប្រហាររបស់អារ៉ាប៊ីសាអូឌីត លើតំបន់ Bir Abu Shamlah in Al-Tahrir នៃរដ្ឋធានីសាណា ដោយបណ្ដាលឱ្យមនុស្ស ១៣នាក់រងរបួស៕

ដោយ៖ ធីរីណា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច