ប្រធានាធិបតីអូបាម៉ា កាលពីថ្ងៃតី២០ ខែវិច្ឆិកាបានបញ្ជាក់ថា ស្ថានភាពអសន្តិសុខនៅក្នុងប្រទេសស៊ីរី នឹងបន្តអូសបន្លាយក្នុងពេលខាងមុខទៀត ដោយសារតែមានការជួយអន្តរាគមន៍របស់រុស្ស៊ី និងអីរ៉ង ការពារទាហានរដ្ឋាភិបាលលោកអាល់ អាសាដ វាយប្រហារទៅលើក្រុមប្រឆាំង ដែលគាំទ្រដោយប្រទេសលោកខាងលិច ។
មានប្រសាសន៍នៅក្នុងកិច្ចប្រជុំកំពូល APEC នៅប្រទេសប៉េរ៉ូ លោកអូបាម៉ា បញ្ជាក់ថា «ខ្ញុំមិនសូវមានជំនឿពីអនាគតរបស់ស៊ីរីឡើយ នៅពេលដែលអីរ៉ង និងរុស្ស៊ី បានសម្រេចជួយដល់កម្លាំងទាហានលោកអាល់ អាសាដ ពិសេសគឺយុទ្ធនាការវាយប្រហារតាមដែនអាកាស ទៅលើទីក្រុងអាឡែប៉ូ បើទោះបីមានកុមារ និងស្ត្រីជាច្រើនស្លាប់ និងរបួសក៏ដោយ ។ សាលារៀន មន្ទីរពេទ្យ ក៏រងការបំផ្លាញដោយសារតែការវាយប្រហារតាមដែនអាកាសរបស់រុស្ស៊ី» ។
នៅក្នុងកិច្ចប្រជុំនោះ លោក អូបាម៉ា បានជួបពិភាក្សាជាមួយលោកពូទីន ក្នុងរយៈពេលខ្លី ដោយលោកអូបាម៉ា បង្ហាញក្តីបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពនៃការវាយប្រហារបង្ហូរឈាមនៅក្នុងប្រទេសស៊ីរី ហើយចាំបាច់ត្រូវតែមានកិច្ចព្រមព្រៀងឈប់បាញ់នៅទីនោះ ។
ចំណែកប្រធានាធិបតីអាមេរិក ទើបតែជាប់ឆ្នោតដូណាល់ ត្រាំ វិញ បានបង្ហាញគោលនយោបាយផ្ទុយទាំងស្រុងពីរដ្ឋាភិបាលអូបាម៉ា ដោយលោកត្រាំ បានប្រឆាំងទៅនឹងសកម្មភាពរបស់អាមេរិក ដែលបានជួយដល់ក្រុមបះបោរស៊ីរី ក្នុងការផ្តួលរំលំរដ្ឋាភិបាលលោកអាល់ អាសាដ។ អាមេរិកគួរណាស់តែផ្តោតសំខាន់ទៅលើការប្រឆាំងក្រុមភេរវកម្មIS ទើបជារឿងសមហេតុផល ។ ជាមួយគ្នានេះ លោកត្រាំ ក៏បានប្រកាសថា នឹង សហការជាមួយរុស្ស៊ី ក្នុងការវាយប្រាហរទៅលើក្រុមរដ្ឋអិស្លាម ៕ ម៉ែវ សាធី