នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ លោក ដូណាល់ ត្រាំ នឹងស្បថចូលកាន់ តំណែងប្រធានាធិបតីប្រទេសមហាអំណាច ទី១នៅលើពិភពលោកអាចនឹងធ្វើឲ្យពិភពលោកត្រូវផ្លាស់ប្តូរនយោបាយមួយចំនួនដែលលោក ត្រាំ មិនពេញចិត្ត។ ក្នុងនោះមានគោលនយោបាយសេដ្ឋកិច្ចរបស់ អូបា ម៉ា គឺកិច្ចព្រមព្រៀងពាណិជ្ជកម្មឆ្លងទ្វីប TPP , ការដកទាហានចេញពីកូរ៉េខាងត្បូង ជប៉ុន ក៏ដូចជាការបន្តអនុវត្តគោលនយោបាយឆ្ពោះទៅកាន់តំបន់អាស៊ីប៉ាស៊ីហ្វិក របស់ អូបាម៉ា ។
គោលនយោបាយឆ្ពោះទៅកាន់តំបន់អាស៊ីរបស់ប្រធានាធិបតី អូបាម៉ា ដោយ បានសន្យាផ្តោតសំខាន់មកទ្វីបធំជាងគេ និងកំពុងតែអភិវឌ្ឍន៍ខ្លាំងនៅលើពិភពលោក។ ប៉ុន្តែពេលនេះកំពុងតែគំរាមកំហែង ក្រោយអាមេរិកប្តូរមេដឹកនាំ។
ជាច្រើនទសវត្សកន្លងមកយុទ្ធសាស្ត្រ របស់អាមេរិកគឺបង្កើតបង្គោលគ្រឹះ៣គឺ ពង្រីកពាណិជ្ជកម្ម បង្កើនសម្ពន្ធមិត្តកាន់តែជិតស្និទ្ធ ដូចជា ជប៉ុន អូស្ត្រាលី សិង្ហបុរីជា ដើម និងបង្កើនតម្លៃប្រជាធិបតេយ្យរីកដុះដាលនៅលើពិភពលោក។
នៅពេលនេះគេមិនដឹងថា លោក ដូ ណាល់ ត្រាំ ដែលជាប្រធានាធិបតីទើប តែជាប់ឆ្នោតរបស់អាមេរិកមានទស្សនៈបែបណាចំពោះយុទ្ធសាស្ត្រខាងលើរបស់ លោក អូបាម៉ា នោះទេ។ ប៉ុន្តែក្រោយពេល លោក ដូណាល់ ត្រាំ ទទួលជ័យជម្នះមក ដូចជាមានខ្យល់ព្យុះខ្លាំងកំពុងតែវាយ ប្រហារទៅលើអំណាច និងយុទ្ធសាស្ត្រ របស់អាមេរិកនៅអាស៊ី។
អំពីពាណិជ្ជកម្មនៅក្នុងដំណាក់កាលលោក អូបាម៉ា កាន់អំណាចជំរុញឲ្យមាន កិច្ចព្រមព្រៀងឆ្លងទ្វីប TPP រវាងអាមេរិក នឹង១២ប្រទេសដែលជាសម្ពន្ធមិត្ត។ ប៉ុន្តែ ក្រោយលោក ដូណាល់ ត្រាំ ជាប់ឆ្នោត កិច្ច ព្រមព្រៀងពាណិជ្ជកម្មទាំងនោះអាចត្រូវលុបចោលដូចអ្វីដែលលោកបានប្រកាសពេលឃោសនាបោះឆ្នោត។
ជាការពិតណាស់លោក ត្រាំ បានគំរាមកំហែងធ្វើសង្គ្រាមពាណិជ្ជកម្មជាមួយចិន ដែលជាដៃគូពាណិជ្ជកម្មធំបំផុតរបស់អាមេរិក។ លោក ដូណាល់ ត្រាំ បានសន្យាថា នឹងបង្កើនពន្ធដាក់ទៅលើមុខទំនិញរបស់ចិន៤៥ភាគរយ បើទោះបីអាមេរិកក្លាយជាជនរងគ្រោះនៅក្នុងសង្គ្រាមពាណិជ្ជកម្មនោះក៏ដោយ។ ទាំងនោះហើយនឹងធ្វើឲ្យមានភាពចលាចលនៅតំបន់អាស៊ីទាំង មូលក្នុងនោះមានប្រទេសដែលពាក់ព័ន្ធ។
អ្នកសេដ្ឋកិច្ចតែមួយគត់ក្នុងចំណោមទីប្រឹក្សាផ្ទាល់របស់លោក ត្រាំ គឺលោក Peter Vavarro ធ្លាប់បានលើកឡើងថា ចិនត្រូវ តែទទួលខុសត្រូវសម្រាប់ការផលិតរបស់ អាមេរិកនាំចេញទៅក្រៅ។ លោកបានលើក ឡើងថា មិនមានតុល្យភាពនៅលើវិស័យពាណិជ្ជកម្មជាហេតុផលធ្វើឲ្យអាមេរិកត្រូវខាតបង់ជាច្រើន។
មិនត្រឹមតែប៉ុណ្ណោះលោក ដូណាល់ ត្រាំ បានប្រកាសថា នឹងដកខ្លួនចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីបម្រែបម្រួលអាកាសធាតុជាមួយចិន។ មិនតែប៉ុណ្ណោះ លោក ត្រាំ ក៏បានប្រកាសថា នឹងប្តឹងចិនពីវិស័យពាណិជ្ជកម្មទាំងនៅអាមេរិក និងនៅអង្គការពាណិជ្ជកម្មពិភពលោកផងដែរ។ តាមច្បាប់អាមេរិកអនុញ្ញាតឲ្យប្រធានាធិបតី ចេញច្បាប់ពន្ធដាក់ជាឯកតោភាគីខ្ពស់បំផុត គឺ១៦ភាគរយ ហើយមានសុពលភាពត្រឹមតែ១៥០ថ្ងៃប៉ុណ្ណោះ។
គោលនយោបាយរបស់ប្រធានាធិបតី អូបាម៉ា អាចនឹងត្រូវបំផ្លាញដោយសារតែការដឹកនាំរបស់លោក ដូណាល់ ត្រាំ ។ នៅ ពេលដែលលោកឃោសនាបោះឆ្នោតលោក ធ្លាប់ប្រកាសថា នឹងដកទាហានចេញពី ជប៉ុន និងកូរ៉េខាងត្បូងដើម្បីកាត់បន្ថយការចំណាយរបស់អាមេរិក ឬក៏បន្តនៅទីនោះដោយទុកឲ្យប្រទេសទាំងពីរជាអ្នកចំណាយ លើទាហានអាមេរិក។
លោក ដូណាល់ ត្រាំ ក៏ធ្លាប់បានប្រកាស ថា នឹងបើកកិច្ចពិភាក្សាជាមួយមេដឹកនាំ កូរ៉េខាងជើងដើម្បីបញ្ចប់វិបត្តិអូសបន្លាយជាង៥ទសវត្សកន្លងមកចាប់តាំងពីសង្គ្រាម ឧបទ្វីបកូរ៉េបានបញ្ចប់ដោយកិច្ចព្រមព្រៀង ឈប់បាញ់ឆ្នាំ១៩៥៣។
ប្រសិនបើអាមេរិកដកខ្លួនចេញពីតំបន់អាស៊ីនោះចិននឹងក្តាប់យកឱកាសនោះដើម្បី គ្រប់គ្រងតំបន់ដែលមានវិវាទជាមួយប្រទេស ជិតខាងដោយគ្មានអាមេរិកលូកដៃ។
កន្លងមកទីក្រុងព្យុងយ៉ាងបានព្រមានប្រធានាធិបតីជាប់ឆ្នោត និងរដ្ឋាភិបាល អាមេរិកថ្មីគួរតែរាប់អានប្រទេសមាននុយក្លេអ៊ែរទៅ។ សម្រាប់កូរ៉េខាងជើងនយោបាយគ្មាននុយក្លេអ៊ែររបស់អាមេរិកជាចេតនាឆ្ពិនភ្នែកហួសសម័យហើយ។
នៅក្នុងទំព័រកាសែតរបស់បក្សកុម្មុយនីស្តតែមួយគត់នៅកូរ៉េខាងជើង និងជាការ ឆ្លុះបញ្ចាំងជំហររបស់រដ្ឋាភិបាលគេមិនឃើញ មានសរសេរឈ្មោះប្រធានាធិបតីអាមេរិក ទើបជាប់ឆ្នោតថ្មី ដូណាល់ ត្រាំ ទេ ប៉ុន្តែ ប៉ុន្មានថ្ងៃមកហើយដែលកូរ៉េខាងជើងបាន ដំឡើងសំឡេងកាន់តែខ្លាំងឡើងៗ ស្នើសុំឱ្យវ៉ាស៊ីនតោនប្តូរទស្សនវិស័យចំពោះកូរ៉េ ខាងជើង។ «រដ្ឋាភិបាល អូបាម៉ា បានសាកល្បងធ្វើ អ្វីដែលនាំអសន្តិសុខនិងគ្រោះថ្នាក់ដល់ទ្វីប អាមេរិក! សំណល់នេះបានធ្លាក់បន្ទុកទៅឱ្យរដ្ឋាភិបាលថ្មីជាអ្នកប្រឈមនឹងរដ្ឋនុយក្លេអ៊ែរ» នេះជាអ្វីដែលមានសរសេរក្នុងទំព័រ កាសែតបក្ស។ កាសែតបានបញ្ជាក់ទៀត ថា ថ្នាក់ដឹកនាំអាមេរិកគួរតែធ្វើតាមសម្តី របស់លោក James Clapper ថា អាចមានការត្រូវរ៉ូវគ្នាជាទូទៅមួយដោយព្រមទទួលស្គាល់កូរ៉េខាងជើងជាប្រទេសនុយក្លេអ៊ែរ។ ក្តីសង្ឃឹមរបស់អាមេរិកចង់ឃើញ កូរ៉េខាងជើងរំសាយកម្មវិធីនុយក្លេអ៊ែរជាក្តីស្រមៃក្នុងអតីតកាលប៉ុណ្ណោះ។
សូមបញ្ជាក់ថា កាលពីចុងខែតុលាកន្លងទៅអ្នកសម្របសម្រួលភ្នាក់ងារសម្ងាត់អា មេរិកលោក James Clipper បានប្រកាស អំពីបរាជ័យនៃការបញ្ចុះបញ្ចូលរបបព្យុងយ៉ាងឱ្យបោះបង់កម្មវិធីនុយក្លេអ៊ែរ។ រដ្ឋា ភិបាល អូបាម៉ា មានជំហរដាច់ខាតមិន ព្រមចរចាជាមួយកូរ៉េខាងជើងឡើយដរាបណាប្រទេសមួយនេះមិនព្រមបោះបង់នុយក្លេអ៊ែរ។
ចំណែកលោក ដូណាល់ ត្រាំ វិញ នៅ ក្នុងអំឡុងពេលឃោសនាលោកមិនបាន ផ្សព្វផ្សាយផែនការអ្វីច្បាស់លាស់ទាក់ទងនឹងនយោបាយជាមួយកូរ៉េខាងជើងឡើយ គ្រាន់តែបានព្រលយមាត់ថា លោកបើក ចំហចំពោះការចរចាជាមួយនឹងមេដឹកនាំ ព្យុងយ៉ាង គីម ជុងអ៊ុន និងបានបង្ហើបចេតនាចង់ដកទ័ពអាមេរិកចេញពីកូរ៉េខាងត្បូងផងដែរ។ ប៉ុន្តែគ្រាន់តែបានជាប់ឆ្នោតភ្លាមលោកបានទូរស័ព្ទទៅលោកស្រី ផាក គឿន ហេ ប្រធានាធិបតីកូរ៉េខាងត្បូងដើម្បីបញ្ជាក់ អំពីកិច្ចសន្យារបស់អាមេរិកក្នុងក្របខ័ណ្ឌសម្ព័ន្ធសន្តិសុខជាមួយសេអ៊ូល។
លោក ត្រាំ គឺជាប្រធានាធិបតីតែមួយ គត់ដែលធ្លាប់សរសើរដល់មេដឹកនាំកូរ៉េខាង ជើង គីម ជុងអ៊ុន ថា មានសមត្ថភាពជាអ្នក ដឹកនាំ ដោយលោក គីម ជុងអ៊ុន ម្នាក់ ឯងទប់ទល់នឹងប្រទេសមហាអំណាចពិភពលោកបាន។ ប្រសិនបើលោក ត្រាំ អាច ចរចាជាមួយកូរ៉េខាងជើងបញ្ចប់គំនុំនោះគឺជារឿងដ៏ប្រសើរបំផុត។ ផ្ទុយទៅវិញបើមិន អាចនិយាយគ្នាបានទេ កូរ៉េខាងជើងអាច នឹងរងការវាយប្រហារដោយបរមាណូជា មិនខាន។ ដូណាល់ ត្រាំ ជាមេដឹកនាំ «ចិត្ត ក្តៅបំផុតធ្វើអ្វីគ្មានអ្នកណាស្មានដឹងមុនឡើយ»៕ ម៉ែវ សាធី