Robert Lewandowski ខ្សែប្រយុទ្ធដ៏មុតស្រួចរបស់ក្លិប Bayern Munich ត្រូវបានបោះឆ្នោតឲ្យជាប់ ជាកីឡាករឆ្នើមប្រចាំប្រទេសប៉ូឡូញជាលើកទី៦។
កីឡាករវ័យ២៨ឆ្នាំរូបនេះបានឈ្នះពានរង្វាន់កីឡាករឆ្នើមចំនួន៦ឆ្នាំជាប់ៗគ្នាតែម្តងដោយឆ្នាំនេះ រូបគេបានយកឈ្នះលើកីឡាករដូចជា Kamil Glik, Grzegorz Krychowiak, Arkadiusz Milik និង Michal Pazdanជាដើម។
ខ្សែប្រយុទ្ធLewandowskiបាននិយាយថា “ខ្ញុំសប្បាយរីករាយណាស់ដែលបានឈ្នះពានរង្វាន់នេះម្តងទៀត។ វាមានអត្ថន័យច្រើនណាស់សម្រាប់ ខ្ញុំហើយជាកិត្តិយសធំណាស់ដែរដែលទទួលបានពាននេះ” ។
គួរបញ្ជាក់ថា Lewandowskiទទួលបានជោគជ័យខ្លាំងក្នុងក្លិបBayern Munichក្នុងឆ្នាំ២០១៦ដោយ ជួយក្រុមយក្សអាល្លឺម៉ង់នេះឈ្នះពានរង្វាន់ចំនួន២ និងជាកីឡាកររកគ្រាប់បាល់ច្រើនជាងគេបង្អស់នៅ ក្របខ័ណ្ឌកំពូលអាល្លឺម៉ង់កាលពីរដូវកាលចាស់ផងដែរ ៕ ដេវីត