អតីតប្រធានាធិបតី អូបាម៉ា និងភរិយា លោកស្រី Michelle Obama បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលក់សិទ្ធិបោះពុម្ពភផ្សាយសៀវភៅកំណត់ហេតុពីរក្បាល ដែលមានតម្លៃព្រមព្រៀងរហូតដល់៦០លានដុល្លារ គឺឈានមុខទាំងអតីតប្រធានាធិបតីប៊ីល គ្លីនតុន , Cgerge W.bush , Hillary Clinton និង DonalTrump ទៅទៀត ។
ក្រោយពេលប៉ុន្មានម៉ោងដែលសៀវភៅកំណត់ហេតុពីរក្បាល សរសេរដោយលោក អូបាម៉ា និងអ្នកស្រី Michelle សរសេរដាច់ដោយឡែកពីគ្នា ត្រូវបានប្រកាសជាសាធារណៈ សារព័ត៌មានThe New YorkTimes បានផ្សាយថា ក្រុមហ៊ុន Penguin Random House ដែលធ្លាប់ដេញថ្លៃបានសិទ្ធិបោះពុម្ពសៀវភៅ៣ក្បាលកន្លងមករបស់លោក អូបាម៉ា ទទួលបានសិទ្ធិបោះពុម្ពជាថ្មី ។
តម្លៃនៃកិច្ចព្រមព្រៀងនោះ ត្រូវបានទម្លាយឲ្យដឹង ប៉ុន្តែមិនទាន់កំណត់ពេលវេលាច្បាស់លាស់ ក្នុងការចេញផ្សាយសៀវភៅខាងលើនៅឡើយ ។ នៅក្នុងកិច្ចព្រមព្រៀងនោះ ក្រុមហ៊ុន នឹងផ្តល់ជួនដោយអត់គិតថ្លៃ១លានក្បាល ក្នុងនាមជា អូបាម៉ា។
អគ្គនាយកក្រុមហ៊ុន Penguin Random House លោក Markus Dohle បានបញ្ជាក់ថា «យើងមានភាពសប្បាយរីករាយយ៉ាងខ្លាំង ពេលដែលបានបន្តសហការជាមួយអតីតប្រធានាធិបតីអូបាម៉ា និងភរិយា។ សៀវភៅទាំងនោះ គឺជំនួសនូវសម្តី និងការដឹកនាំពិភពលោករបស់អ្នកទាំងពីរ ។
មនុស្សដែលរកប្រាក់បានច្រើនជាងគេបំផុតពីការលក់សិទ្ធិបោះពុម្ពសៀវភៅ គឺលោក James Patterson ទទួលបានប្រាក់លក់សិទ្ធិដល់ទៅ១៥០លានដុល្លារសម្រាប់សៀវភៅ១៧ក្បាល កាលពីឆ្នាំ២០០៩ ។ ប៉ុន្តែបើគិតតាមសៀវភៅមួយក្បាលៗមានតម្លៃតែ ១០លានដុល្លារប៉ុណ្ណោះ តិចជាងលោក អូបាម៉ា និងភរិយា ដែលមានរហូតដល់ទៅ៣០លានដុល្លារក្នុងមួយក្បាល ។
កន្លងមក នៅក្នុងការលក់សិទ្ធិ សៀវភៅ My Life របស់លោក ប៊ីល គ្លីនតុន កាលពីឆ្នាំ២០០៤ មានតម្លៃ១៥លានដុល្លារ ។ សៀវភៅ Decision Points របស់អតីតប្រធានាធិបតី George W.bush មានតម្លៃ១០លានដុល្លារ ។ សៀវភៅ Living History និង Hard Choices របស់លោកស្រីហ៊ីល ឡារីគ្លីនតុន មានតម្លៃ៨លានដុល្លារ និង១៤លានដុល្លារ ។
ចំណែកប្រធានាធិបតីដូណាល់ ត្រាំ កន្លងមក បានលក់សិទ្ធិបោះពុម្ភផ្សាយសៀវភៅ The Art of The Deal មានតម្លៃតែ៥សែនដុល្លារប៉ុណ្ណោះ ប៉ុន្តែក្រោយមក លោកត្រាំ រកប្រាក់បានយ៉ាងច្រើនពីការលក់សៀវភៅខាងលើ ដោយសៀវភៅនោះ ស្ថិតនៅក្នុងចំណោមសៀវភៅលក់ដាច់ជាងគេបំផុតនៅឆ្នាំ២០០៤ និងក្រោយពេលលោកលោកត្រាំ ប្រកាសចូលរួមបោះឆ្នោតប្រធានាធិបតីនៅអាមេរិកកាលពីឆ្នាំ២០១៥ ។
ប្រាក់ចំណូលរបស់ប្រធានាធិបតី និងអតីតប្រធានាធិបតីអាមេរិក ភាគច្រើនបានមកពីការសរសេរសៀវភៅប៉ុណ្ណោះ ។ បើគិតពីប្រាក់ខែរបស់ប្រធានាធិបតី អូបាម៉ា ក្នុងរយៈពេល៨ឆ្នាំដឹកនាំអាមេរិក មានតែជាង៣លានដុល្លារប៉ុណ្ណោះ។ ចំណែកការលក់សៀវភៅវិញមានតម្លៃរាប់រយដង ។
ជាទម្លាប់ ពលរដ្ឋនៅប្រទេសលោកខាងលិច ក្នុងនោះមានអាមេរិក ទាំងក្មេង ទាំងចាស់ចូលចិត្តអានសៀវភៅ ហើយអ្នកអាចជ្រើសរើសតែសៀវភៅរបស់បុគ្គលល្បីៗនៅលើពិភពលោក ដែលទទួលបានជោគជ័យនៅក្នុងឆាកជីវិត ។ ទាំងនោះហើយ ទើបធ្វើឲ្យតម្លៃនៃការលក់សិទ្ធិបោះពុម្ពសៀវភៅរបស់អតីតប្រធានាធិបតីអាមេរិកមានតម្លៃថ្លៃជាងគេទាំងអស់ក្នុងចំណោមអ្នកនិពន្ធ ។
មួយវិញទៀត នៅប្រទេសលោកខាងលិច គ្មានអ្នកណាថតចម្លងសៀវភៅដើមរបស់គេឡើយ គឺទិញតែសៀវភៅច្បាប់ដើមប៉ុណ្ណោះ ទើបធ្វើឲ្យតម្លៃអ្នកសរសេរ និងបោះពុម្ពត្រូវបានលើកកម្ពស់ ៕ ម៉ែវ សាធី