ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០១៧ រដ្ឋបាលខណ្ឌដូនពេញ ដឹកនាំដោយលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានចុះធ្វើយុទ្ធនាការសម្អាតទីក្រុង ក្រោមប្រធានបទ “ទីក្រុងស្អាតៈ ទីក្រុងផ្តល់ភាពកក់ក្ដៅដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ” ដើម្បីអបអរសាទរក្នុងថ្ងៃទិវាទីក្រុងស្អាតលើកទី៥ ឆ្នាំ២០១៧ ។
យុទ្ធនាការនេះដែរ ដោយមានការអញ្ជើញចូលរួមពី ក្រុមការងារគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត,គណៈអភិបាលខណ្ឌ ,ប្រជាពលរដ្ឋតំណាងសង្កាត់ទាំង១១, យុវជន ស.ស.យ.ក ខណ្ឌ-សង្កាត់ទាំង១១,ភ្នាក់ងារអនាម័យសង្កាត់ទាំង១១, ទីរួមផ្សារទាំង៣ ,ក្រុមយុវជនការិទ្ធកម្ពុជា, ក្រុមយុវជនកាកបាទក្រហមកម្ពុជា,បុគ្គលិកសណ្ឋាគារ រ៉ូសហ្វ៊ូត,កម្លាំងប្រជាការពារខណ្ឌ,និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង និងមហាជនចូលរួមសរុបចំនួន ៤៥០នាក់ ។
ក្នុងពិធីនោះក៏ដោយបានផ្សព្វផ្សាយខ្លឹមសារអបអរសាទរទិវាជាតិទីក្រុងស្អាតរបស់សម្ដេចតេជោនាយករដ្ឋមន្រ្ដី និងបានធ្វើការបែងចែកជា៣ក្រុម ធំៗ ចុះតាមសួនច្បារ ដងវិថីសំខាន់ៗដូចជា ជុំវិញរមណីយដ្ឋានប្រវត្តិសាស្រ្ដ និងវប្បធម៌វត្តភ្នំ, សួនច្បារសាន់វេ, សួនច្បារមុខក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាCDC, សួនច្បារខាងមុខសាកលវិទ្យាល័យជាតិគ្រប់គ្រង និងសួនច្បារមាត់ទន្លេចាប់ពីខាងមុខផ្សាររាត្រី រហូតដល់ខាងមុខព្រះបរមរាជ្យវាំង សួនច្បារមុខស្ថានទូតបារាំង និង ក្នុងរដ្ឋាករស្វយ័តផ្សារធំថ្មីផងដែរ៕ ស តារា