ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់២នាក់នៅក្នុងបាតុកម្មប្រឆាំងការដកដំណែងប្រធានាធិបតីកូរ៉េខាត្បូង

ចែករំលែក៖

ប៉ូលិសកូរ៉េខាងត្បូងបានប្រកាសឲ្យដឹថា មានមនុស្ស២នាក់ស្លាប់ ពេលចូលរួមធ្វើបាតុកម្ម ប្រឆាំងនឹងតុលាការរដ្ឋធម្មនុញ្ញ ដែលសម្រេចដកតំណែងប្រធានាធិបតីពីលោកស្រី Park Geun Hye ។

សារព័ត៌មាន AP បានដកស្រងសម្តី ប៉ូលិសកូរ៉េខាងត្បូងបានបញ្ជាក់ថា មានមនុស្ស២នាក់ស្លាប់ ក្នុងនោះមានលោកតាអាយុ៧០ឆ្នាំម្នាក់ ដោយមានរបួសចំក្បាល ពេលប៉ះជាមួយរថយន្តក្រុង នៅមុខអគារតុលាការរដ្ឋធម្មនុញ្ញ។ ក្រុមបាតុករបាននាំគ្នាតវានៅមុខតុលាការ ក្រោយពេលដែលលោកស្រី ផាក គឿនហេ ត្រូវបានដកហូតដំណែង។

ក្រោយការសម្រេចខាងលើក្រុមអ្នកគាំទ្រលោកស្រី ផាក បានដង្ហែក្បួនបាតុកម្ម បង្ករឲ្យមានអំពើហិង្សា ដោយក្រុមបាតុករបានយកតំបងវាយរថយន្តក្រុងដែលដាក់ធ្វើជារនាំការពារមុខតុលាការ។

ជាមួយនឹងការដកហូតដំណែងខាងលើ កូរ៉េខាងត្បូងនឹងត្រូវរៀបចំបោះឆ្នោត ជ្រើសរើសប្រធានាធិបតីថ្មីនៅក្នុងខែឧសភាខាងមុខ។ នៅពេលនេះប្រធានាធិបតីចាំផ្ទះដឹកនាំប្រទេសជាបណ្តោះអាសន្នរហូតដល់មានប្រធានាធិបតីថ្មី។

ពាក់ព័ន្ធនឹងការដកហូតដំណែងខាងលើ មេធាវីម្នាក់របស់អតីតប្រធានាធិបតី កូរ៉េខាងត្បូងលោកស្រី ផាក គឿនហេ បានតវ៉ាប្រឆាំងនឹងសេចក្ដីសម្រេច របស់តុលាការធម្មនុញ្ញ ដែលបានបណ្ដេញលោកស្រីចេញពីតំណែងនៅព្រឹកថ្ងៃសុក្រ ទី១០ ខែមីនា ឆ្នាំ២០១៧នេះ ដោយលោកបានលើកឡើងថា ការកាត់ទោសនេះត្រូវបានគេធ្វើឡើង នៅក្នុងលក្ខណៈមិនត្រឹមត្រូវ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់។

ការតវ៉ារបស់មេធាវីការពារក្ដីរបស់អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Seo Seog-goo ធ្វើឡើងក្នុងរយៈពេលដ៏ខ្លីមួយបន្ទាប់ពីតុលាការបានសម្រេចបណ្ដេញលោកស្រី ផាក គឿនហេ ចេញពីតំណែងក្រោមបទចោទប្រកាន់ថា មានជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវ អំពើពុករលួយដែលត្រូវបានគេដឹងថា លោកស្រីបានឃុបឃិតជាមួយ នឹងមនុស្សជំនិតរបស់ខ្លួន គឺលោកស្រី ឆយ សុនស៊ីល ដើម្បីលេបយកផលប្រយោជន៍ និងអនុញ្ញាតឲ្យលោកស្រី ឆយ ជ្រៀតជ្រែកក្នុងកិច្ចការរដ្ឋ៕ ម៉ែវ សាធី

download fwe


ចែករំលែក៖