ក្រោយរយៈពេលប៉ុន្មានម៉ោងដែលអ្នកបង្កើតគេហទំព័រ WikiLeaks លោក Julian Assange បានប្រកាសថា ជួយដល់ក្រុមហ៊ុនបច្ចេកវិទ្យាការពារទប់ស្កាត់ CIA លួចស្តាប់ឬលួចឯកសារ រដ្ឋាភិបាលរបស់ប្រធានាធិបតី ត្រាំ ក៏បានរិះគន់ពីសមត្ថភាពការពារសម្ងាត់របស់ CIA។ ជាមួយគ្នានេះដែរ រដ្ឋាភិបាលក៏បានបង្ហាញក្តីបារម្ភពីការបែកធ្លាយព័ត៌មានសម្ងាត់ខាងលើ នឹងធ្វើឲ្យសន្តិសុខជាតិរងការគំរាមកំហែង។
អ្នកនាំពាកក្យសេតវិមានលោក Sean Spicer បាននាំសម្តីប្រធានាធិបតីត្រាំបញ្ជាក់ថា CIA ពិតជាហួសសម័យ ចាំបាច់ត្រូវតែមានការផ្លាស់ប្តូរបង្កើនសមត្ថភាពការពារព័ត៌មានសម្ងាត់របស់ជាតិ។
កាលពីថ្ងៃទី៧ ខែមីនា Wikileaks បានផ្សព្វផ្សាយឯកសារសម្ងាត់ជាង ៨.០០០ទំព័រ ស្តីពីCIA លួចស្តាប់ការសន្ទនាតាមទូរស័ព្ទដៃ ឯកសារនៅកុំព្យូទ័រជាដើម។ ការផ្សព្វផ្សាយនោះមានឯកសារចាប់ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៦។
សកម្មភាពខាងលើបានបង្ហាញពីភាពទន់ខ្សោយរបស់អាមេរិកក្នុងការការពារ រឿងសម្ងាត់របស់ជាតិអាចធ្វើឲ្យសត្រូវមានឱកាសវាយប្រហារបានគ្រប់ពេល។
ពាក់ព័ន្ធនឹងករណីខាងលើលោក Julian Assange ម្ចាស់គេហទំព័រ Wikileaks បានចេញមុខរិះគន់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់អាមេរិក CIA ថា អសមត្ថភាព ដែលនាំទៅបំផ្លិចបំផ្លាញអ្នកដទៃ។ ស្ថាបនិករបស់វីគីលីកអះអាងដែរថា នឹងធ្វើការជាមួយក្រុមហ៊ុនបច្ចេកវិទ្យា ដើម្បីជួសជុល កែតម្រូវលែងឲ្យ CIA អាចជ្រៀតចូលទៅលួចស្តាប់យកការណ៍។
អសមត្ថភាពជាប្រវត្តិសាស្រ្តរបស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក CIAបង្កឲ្យមានការបំផ្លិចបំផ្លាញដ៏ធំធេង។ នៅក្នុងសន្និសីទកាសែតតាមវីដេអូ ដែលលោកធ្វើតាំងពីស្ថានទូតអេក្វាទ័រ ក្នុងទីក្រុងឡុងដ៍ លោក ជូ លៀន អាសាញ់ជ៍ ស្ថាបនិករបស់វេបសាយ វីគីលីក បានរិះគន់ចារកិច្ចអាមេរិកថា បានធ្វើកំហុសមួយដោយបានផលិតកសាងអាវុធព័ត៌មានវិទ្យា ដ៏ពិសពុលមួយ ប៉ុន្តែផ្ទុយទៅវិញបានរក្សាទុកវានៅកន្លែងប្រមូលផ្តុំតែមួយ។ ការណ៍នេះគ្រោះថ្នាក់ខ្លាំងណាស់ ជាពិសេសនៅពេលកម្មវិធីបង្កើតឡើងដោយCIAធ្លាក់ទៅក្នុងដៃរបស់ឧក្រិដ្ឋជន។ “គេមិនអាចគ្រប់គ្រងអាវុធព័ត៌មានវិទ្យាបានទាំងស្រុងទេ ប្រសិនបើអ្នកបង្កើតវាឡើងនៅថ្ងៃណាមួយអ្នកនឹងបាត់វាពីក្នុងដៃ”។ នេះបើតាមស្ថាបនិករបស់វីគីលីក វេបសាយ ដែលជំនាញខាងទម្លាយការសម្ងាត់របស់រដ្ឋាភិបាលអាមេរិក៕ ម៉ែវ សាធី