ក្រុមអ្នកគាំទ្រភេរវកម្ម IS នៅក្នុងប្រទេសអីរ៉ាក់ និងស៊ីរី បានបញ្ជាក់ថា សឹង្ហបុរី គឺជាផ្នែកមួយនៃ ប្រទេស របស់ខ្លួននៅតំបន់អាស៊ីភាគអាគ្នេយ៍។ ក្រុមអ្នកវិភាគបានលើកឡើងថា សកម្មភាពខាងលើ អាចជម្រុញឲ្យក្រុមភេរវកម្ម បើកការវាយប្រហារនៅទីនេះ។
កាលពិសប្តាហ៍កន្លងមក មហាវិទ្យាល័យស្រាវជ្រាវអន្តរជាតិ S. Rajaratnam បានបង្ហាញអត្ថបទវិភាគ របស់ អ្នកឯកទេសវិភាគ Jasmindersingh បញ្ជាក់ថា សឹង្ហបុរី គឺស្ថិត នៅក្នុងបញ្ជី ទីតាំង ដែលក្រុមភេរវកម្ម IS ចាត់ទុកថា ជាផ្នែកមួយនៃទឹកដីរបស់ខ្លួននៅតំបន់អាស៊ីភាគអាគ្នេយ៍។ ក្រៅពីនេះនៅមានប្រទេស ដូចជា ម៉ាឡេស៊ី, ឥណ្ឌូនេស៊ី, ហ្វីលីពីន , តំបន់ភាគខាងត្បូងប្រទេសថៃ , មីយ៉ានម៉ា និងជប៉ុនជាដើម។
លោកJasmindersingh បានបញ្ជាក់ថា ក្រុម IS បានជ្រើសរើសយកប្រទេសខាងលើ ធ្វើជាទីតាំងរបស់ខ្លួននៅតំបន់អាស៊ីភាគអាគ្នេយ៍ ក្រោយពេលទីតាំងរបស់ពួកគេនៅមជ្ឈឹមបូព៌ាប្រឈមនឹងការបាត់បង់ពីមួយថ្ងៃទៅមួយថ្ងៃ។
អ្នកឯកទេសវិភាគខាងលើបានបញ្ចាក់ទៀតថា « ខ្មាន់កាំភ្លើងបរទេស កំពុងតែ សម្រុកមក តំបន់អាស៊ានដើម្បីអនុវត្តគម្រោង បង្កើតប្រទេសនៅក្នុងតំបន់ នេះ»។ ក្រុមភេរវកម្ម អាចនឹង បញ្ចុះបញ្ចូល ខ្មាន់កាំភ្លើងបើកការវាយប្រហារ នៅតំបន់ អាស៊ាន ប្រសិនបើ ខ្មាន់កាំភ្លើងទាំងនោះមិនអាចធ្វើដំណើរទៅកាន់មជ្ឈិមបូព៌ាចូលរួមជាមួយក្រុម IS នៅទីនោះ គឺអាចវាយប្រហារនៅនឹងកន្លែង។
កាលពីថ្ងៃទី២០ ខែមិថុនា ក្រសួងមហាផ្ទសសឹង្ហបុរីបានប្រកាសថា ប៉ូលិស ពីរនាក់ នៅក្នុងប្រទេសនេះត្រូវបានចាប់ខ្លួន ដោយសារតែជាប់ពាក់ព័ន្ធនិងសកម្មភាពវាយប្រហារភេរវកម្ម។ ការចាប់ខ្លួនធ្វើឡើងទៅតាមច្បាប់សន្តិសុខផ្ទៃក្នុង ISA របស់សឹង្ហបុរី។
ប៉ូលិសម្នាក់ឈ្មោះ Muhammad Khairul Mohamed អាយុ២៤ឆ្នាំ ត្រូវបានចាប់ខ្លួនកាលពីចុងខែឧសភា ដោយចោទប្រកាន់ថា បានឡើងគម្រោង ធ្វើដំណើរទៅកាន់ប្រទេសស៊ីរីចូលរួម ជាមួយក្រុមភេរវកម្ម ប្រឆាំងនិងរដ្ឋាភិបាលលោក អាល់ អាសាដ ។ ប៉ូលិសម្នាក់ទៀតឈ្មោះ Mohamad Rizal Wahid អាយុ៣៦ឆ្នាំ ត្រូវបានចាប់ចខ្លួន ពីបទ គាំទ្រ គម្រោង របស់ មិត្តរួមការងា ក្នុងការចូលរួមជាមួយក្រុមភេរវកម្ម។
ប៉ូលិសទាំងពីរនាក់ខាងលើមានតួនាទី ត្រួតពិនិត្យសន្តិសុខ នៅតាំង អគារ ខ្ពស់ និង តំបន់ដែលមានមនុស្សច្រើន ៕ ម៉ែវ សាធី