ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធររាជធានីស្នើឲ្យគណបក្សនយោបាយមានភាពចាស់ទុំ មិនត្រូវណែនាំសកម្មជនឲ្យធ្វើខុសច្បាប់

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង បានសម្តែងនូវការសោកស្តាយជាទីបំផុត ចំពោះគណបក្សនយោបាយខ្លះ ដែលបានបង្កឡើងនូវបញ្ហាមួយចំនួន ក្នុងពេលឃោសនាបោះឆ្នោត បោះឆ្នោត និងរាប់សន្លឹកឆ្នោត ជាពិសេស គណបក្សនយោបាយ ត្រូវមានភាពចាស់ទុំខាងនយោបាយ និងមិនត្រូវណែនាំសកម្មជន ឲ្យខុសអំពីច្បាប់ នៃការបោះឆ្នោត។

លោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មការៀបចំការបោះឆ្នោតរាជធានី បានថ្លែងបែបនេះក្នុងពិធីបើកសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧នេះ នៅរដ្ឋ​បាលរាជធានីភ្នំពេញ។ លោកអភិបាលរងរាជធានីភ្នំពេញ មានប្រសាសន៍ថា តាមរយៈការបោះឆ្នោតនេះ ចាប់តាំងពីដំណើរការចុះឈ្មោះបោះឆ្នោត ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត ប្រព្រឹត្តទៅដោយរលូននិងមានរបៀបរៀបរយ និងមានសណ្តាប់ធ្នាប់ល្អ ដែលបង្ហាញឲ្យឃើញពីភាពចាស់ទុំរបស់គណបក្សនយោបាយ ដែលមានភាពល្អប្រសើរពីមួយអាណត្តិ ទៅមួយអាណត្តិ បើទោះបីជាមានការរអាក់រអួលបន្តិចបន្តួចក្តី ជុំវិញបញ្ហាមានការវ៉ៃយុវជនម្នាក់ របស់សកម្មជនគណបក្សខ្លះ ដែលមិនគោរពតាមការណែនាំគ.ជ.ប ។ លោកបានបន្តថា “ពួកគាត់ភ្លេចគិតថា ពួកគាត់ជាសកម្មជនរបស់គណបក្សមួយ គាត់មិនអាចទៅធ្វើជាតួនាទីក្នុងការរាប់សន្លឹកឆ្នោត ជំនួសគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានទេ ជាពិសេសជំនួសប្រធានការិយាល័យនៅមូលដ្ឋាន ។ លោកអភិបាលរង ក៏បានអំពាវនាវដល់គណបក្សនយោបាយ ទាំងអស់សូមឲ្យមានភាពចាស់ទុំនយោបាយ មិនត្រូវណែនាំឲ្យខុសអំពីច្បាប់នៃការបោះឆ្នោត ។ ខ្លួនជាសកម្មជនរបស់គណបក្ស តែខ្លួនមិនមែនជាអ្នកមានតួនាទីរាប់សន្លឹកឆ្នោតទេ អាចស្តាប់បាន អាចចាំស្តាប់នៅខាងក្រៅបាន តែមិនត្រូវស្រែកឡូឡាដល់អ្នករាប់សន្លឹកឆ្នោតទេ ដែលករណីទាំងនេះជាបញ្ហា”។

លោក បានបន្តថា បច្ចុប្បន្ននេះ គណបក្សនយោបាយទាំងអស់ មានសិទ្ធិ មានតួនាទី មានភារកិច្ច ស្វែងរកសន្លឹកឆ្នោតរៀងខ្លួន ទៅតាមបទដ្ឋានកំណត់របស់គ.ជ.បនិងច្បាប់បោះឆ្នោត ។ មិនមែនចេះតែនឹកឃើញបង្កចលាចល ចេះតែធ្វើផ្តេសផ្តាស អាងតែខ្លួនមិនមែនជាអ្នកទទួលខុសត្រូវ ប៉ុន្តែខ្លួនអាចជាអ្ន​កទទួលខុសត្រូវ ហើយក៏អាចរួចខ្លួនដែរ ដែលវ៉ៃគេ គឺមិនទាន់ខ្លួនទេ ឯណាទៅសិទ្ធិមនុស្ស ដែលខ្លួនតែងតែនិយាយថាសិទ្ធិមនុស្ស។

លោកបានសម្តែងនូវការសោកស្តាយជាទីបំផុត ដែលមានគណបក្សនយោបាយខ្លះបានធ្វើឡើង ប៉ុន្តែក៏មិនបង្កការរំខានដល់ការបោះឆ្នោតថ្ងៃទី៤មិថុនានោះទេ ហើយរឿងនេះជារឿងរបស់គណបក្សនយោបាយមួយ ឬរបស់សកម្មជនគណបក្សនយោបាយមួយ ដែលបង្កឡើងលើពលរដ្ឋសាមញ្ញម្នាក់។ គណបក្សនយោបាយទាំងអស់ ល្មមដល់ពេលចាស់ទុំនយោបាយ ល្មមគិតអំពីច្បាប់ទម្លាប់ មិនត្រូវធ្វើអ្វីតាមទំនើងចិត្តនោះទេ សូមឲ្យចេះអប់រំមនុស្សនៅក្នុងសង្គមកុំឲ្យទំនើង ឲ្យគោរពច្បាប់ ។

លោកឃួង ស្រេង ក៏បានអំពាវនាវដល់គណបក្សនយោបាយទាំងអស់ ត្រូវគិតអំពីផលប្រយោជន៍ជាតិធំ ធ្វើយ៉ាងណាឲ្យមានសន្តិភាព ស្ថេរភាព ទើបមានការបោះឆ្នោត ហើយនៅប្រទេសស៊ីរី និងអាហ្វហ្គានីស្ថាន ដែលកំពុងមានសង្រ្គាមតើអាចបោះឆ្នោតបានទេ? ហើយនៅកម្ពុជា អាចបោះឆ្នោតប្រកបដោយយុត្តិធម៌ ទទួលយកបាន មានជាតិនិងអន្តរជាតិ ចូលរួមសង្កេតការណ៍ ។​

ក្នុងឱកាសនោះដែរ លោកនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានថ្លែងថា​ គ្រប់ដំណាក់កាលនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤ បរិយាកាសសន្តិសុខបានប្រព្រឹត្តទៅយ៉ាងល្អប្រសើរ បង្កលក្ខណៈឲ្យគណបក្សនយោបាយទាំង៦ ដែលចូលរួមប្រកួតប្រជែង បានដំណើរការងាររបស់ខ្លួនស្រប តាមច្បាប់បោះឆ្នោត បទបញ្ជានិងនីតិវិធីរបស់គ.ជ.ប លើមូលដ្ឋាននៃលទ្ធិប្រជាធិបតេយ្យ សេរី ពហុ បក្ស ។ គ្មានផលប៉ះពាល់ណាមួយ ធ្វើឲ្យមានការរាំងស្ទះ ដល់ដំណើរការរៀបចំការបោះឆ្នោតឡើយ៕ សំរិត


ចែករំលែក៖