ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីអាមេរិក៖ ការគំរាមកំហែងពីកូរ៉េខាងជើង នឹងត្រូវដោះស្រាយបញ្ចប់ឲ្យបានឆាប់បំផុត

ចែករំលែក៖

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃទី២៦ ខែមិថុនា បានប្រកាសថា ការគំរាមកំហែងពីកម្មវិធីកាំជ្រួចមីស៊ីល និងបរមាណូរបស់កូរ៉េខាងជើង នឹងត្រូវដោះស្រាយឲ្យបានឆាប់បំផុត។ ប៉ុន្តែលោកមិនបានបញ្ជាក់ថា នឹងត្រូវដោះស្រាយដោយវិធីណានោះទេ។

ការប្រកាសខាងលើរបស់លោក ត្រាំ ក្នុងពេលដែលលោកបានអរគុណដល់នាយករដ្ឋមន្ត្រីឥណ្ឌាដែលកំពុងបំពេញទស្សនកិច្ចមកកាន់អាមេរិក ហើយឥណ្ឌាបានគាំទ្រយ៉ាងពេញទំហឹងដល់ការដាក់ទណ្ឌកម្មទៅលើទីក្រុងព្យុងយ៉ាងរបស់អាមេរិក។

មានប្រសាសន៍ក្រោយជំនួបជាមួយនាយករដ្ឋមន្ត្រីឥណ្ឌាលោក ដូណាល់ ត្រាំ បញ្ជាក់ថា«របបកូរ៉េខាងជើងកំពុងតែបង្កឲ្យមានវិបត្តិលើពិភពលោក ចាំបាច់ត្រូវតែដោះស្រាយ ឲ្យបានឆាប់បំផុត »។

កន្លងមក លោក ត្រាំ បានប្រកាសថានឹងរារាំងកម្មវិធីអាវុធរបស់កូរ៉េខាងជើង គឺជាអាទិភាពនាំមុខនៅក្នុងគោលនយោបាយការបរទេសជាមួយរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន។

ការប្រកាសបែបនេះរបស់ប្រធានាធិបតីអាមេរិកត្រូវបានអ្នកឯកទេសវិភាគលើកឡើងថា ការដែលអាមេរិកបញ្ចប់កម្មវិធីបរមាណូរបស់កូរ៉េខាងជើងបាននោះមានតែវិធីសាស្ត្រតែមួយគត់ គឺវាយប្រហារដោយកម្លាំងយោធា។ បើពិភាក្សារកដំណោះស្រាយតាមរយៈកិច្ចការបរទេសនោះ មិនអាចទៅរួចឡើយ គឺកូរ៉េខាងជើងតែងតែដាក់លក្ខខណ្ឌខ្ពស់ដែលអាមេរិក មិនអាចទទួលយកបានឡើយ។

ប្រធានាធិបតីអាមេរិកធ្លាប់បានប្រកាសកន្លងមកថ្មីៗថា រាល់កិច្ចចរចាតាមរយៈកិច្ចការបរទេស ជាមួយកូរ៉េខាងជើងរយៈពេល២អាណត្តិរបស់អតីតប្រធានាធិបតី អូបាម៉ា បានបញ្ចប់ទៅហើយអាមេរិកនឹងមិនពិភាក្សាទៀតឡើយ។

ជាមួយនឹងការប្រកាសនាពេលបច្ចុប្បន្ន និងពេលកន្លងមកព្រមទាំងសកម្មភាពយោធារបស់អាមេរិកនាពេលចុងក្រោយនេះ អាមេរិកអាចនឹងវាយប្រហារទៅលើកូរ៉េខាងជើង ក្នុងពេលដ៏ខ្លីខាងមុខប្រសិនបើកូរ៉េខាងជើង នៅតែបន្តសកម្មភាពបរមាណូនោះ៕ ម៉ែវ សាធី


ចែករំលែក៖