រដូវវស្សាមកដល់ បង្កឲ្យមានសម្ពាធទាបស៊ីតុណ្ហភាព ធ្វើឲ្យមានភ្លៀងធ្លាក់ខ្លាំងក្លាយជាគ្រោះទឹកជំនន់ និងបង្កឲ្យបាក់ដីនៅតំបន់ជាច្រើន ក្នុងប្រទេសចិន បណ្តាលឲ្យមានអ្នកស្លាប់ បាត់ខ្លួន និងរងរបួស ជាច្រើន ។
សារព័ត៌មានស៊ីនហួ បានផ្សាយនៅថ្ងៃទី៣ ខែកក្កដាថា កាលពីថ្ងៃទី ២ ខែកក្កដាកន្លងមក ភ្លៀងនៅតែបន្តធ្លាក់ខ្លំាង ដោយមានភ្លៀងតាំងពីថ្ងៃទី១ ខែកក្កដា បណ្តាលឲ្យពលរដ្ឋចំនួន៧នាក់ស្លាប់ និង៣នាក់ផ្សេងទៀតបាត់ខ្លួន នៅតំបន់ស្វយ័តមួយស្ថិតនៅភាគខាងត្បូង ប្រទេសចិន នៅក្នុងទឹកដីខេត្តក្វាងស៊ី។
តាមការប៉ាន់ប្រមាណអំពីផលប៉ះពាល់នោះគិតជាទឹកប្រាក់វិញ អស់ប្រមាណ៣០០លានយ័នស្មើនឹង (៤៤លានដុល្លារសហរដ្ឋអាមេរិក)។ នាយកដ្ឋានប្រចាំតំបន់ទទួលបន្ទុកកិច្ចការជនស៊ីវិលបានឲ្យដឹងថា ភ្លៀងបានធ្លាក់ចុះយ៉ាងខ្លាំងនៅទូទាំងខេត្តក្វាងស៊ី ដែលមាន២៨តំបន់យ៉ាងហោចណាស់ ពលរដ្ឋ២៧០.០០០នាក់ រងនូវផលប៉ះពាល់ និងបង្ខំឲ្យពួកគេចាកចេញពីលំនៅឋាន ដែលមានចំនួនលើសពី២៣.០០០នាក់។ ផ្ទះលើសពី៦.១០០ខ្នងត្រូវបានបំផ្លាញ និងដីរាប់ពាន់ហិកតាដែលមានដំណាំស្រាប់ត្រូវបានបំផ្លិចបំផ្លាញដែរ។
ចំណែកនៅខេត្តហួណានវិញ រដ្ឋាភិបាលក្នុងតំបន់បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារគ្រោះបាក់ដីកើតឡើង៥នាក់ហើយនិង៤នាក់ផ្សេងទៀតកំពុងបាត់ខ្លួន។
បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំងចាប់តាំងពីថ្ងៃសុក្រ មកនៅភូមិZuta នៅវេលាម៉ោង៤រសៀល ថ្ងៃទី១ ខែកក្កដា មានគ្រោះបាក់ដីកើតឡើងក្នុងនោះមនុស្ស៩នាក់ផ្សេងទៀតរងរបួស។
ផ្នែកជាច្រើនស្ថិតនៅក្នុងតំបន់ខាងលើទឹកភ្លៀងធ្លាក់ចុះមានទំហំ២០០មីលី្លម៉ែត្រ តាមការព្យាករណ៍ក្នុងរយៈពេល២៤ម៉ោង ដោយបង្កឲ្យមានទឹកជំនន់ធ្វើឲ្យរំខានដល់ការធ្វើចរាចរណ៍និងទូរគមនាគមន៍នានាហើយ កម្រិតទឹកចេះតែបន្តកើនឡើងដល់កម្រិតអាសន្ន៕ ម៉ែវ សាធី