ស្ថានទូតរុស្សីប្រចាំនៅទីក្រុងដាម៉ាកាស ប្រទេសស៊ីរី កាលពីថ្ងៃទី១៦ ខែកក្កដា រងការវាយប្រហារបណ្តាលឲ្យមនុស្សជាច្រើនរងរបួស និងខូចខាតទ្រព្យសម្បត្តិយ៉ាងច្រើន។
អគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅស៊ីរីក៏បានប្រកាសពីព័ត៌មានខាងលើផងដែរ។ ចំណែកសារព័ត៌មានSASA របស់ស៊ីរីបានផ្សាយថា ក្នុងការវាយប្រហារនោះបណ្តាលឲ្យមនុស្ស៧នាក់រងរបួស។ កាំភ្លើងធំ២គ្រាប់បានវាយទៅលើស្ថានទូតរុស្ស៊ី ដោយ១គ្រាប់ចំអគារ និង១គ្រាប់ទៀតធ្លាក់នៅទីធ្លាស្ថានទូត។
ហេតុការណ៍ខាងលើកើតឡើងក្នុងពេលដែលកម្លាំងទាហានរដ្ឋាភិបាលស៊ីរី ក្រោមការគាំទ្រពីរុស្ស៊ីបានបើកការវាយប្រហារយ៉ាងខ្លាំងទៅលើក្រុមបះបោរនៅជិតទីក្រុងដាម៉ាកាស។កម្លាំងទាហានបះបោរនៅជាយក្រុងធ្លាប់វាយប្រហារស្ថានទូតរុស្ស៊ីម្តងរួចមកហើយ។ ដូច្នេះការវាយប្រហារលើកនេះ ត្រូវបានគេសន្និដ្ឋានថា ជាសកម្មភាពរបស់ក្រុមបះបោរ។
រុស្ស៊ីបានគាំទ្រយ៉ាងពេញទំហឹងដល់រដ្ឋាភិបាលស៊ីរីដឹកនាំដោយលោក អាល់អាសាដ ហើយរុស្ស៊ីបានចាប់ផ្តើមលូកដៃចូលក្នុងសង្គ្រាមប្រទេសស៊ីរី ចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៥។ តាមរបាយការរបស់អង្គការសិទ្ធិមនុស្សស៊ីរីបានបញ្ជាក់ថា នៅក្នុងសង្គ្រាមស៊ីវិលក្នុងប្រទេសនេះ បានសម្លាប់មនុស្សដល់ទៅ ៤៧៥.០០០នាក់ ក្នុងនោះមានពលរដ្ឋស្លូតត្រង់៩៩.៦១៧នាក់៕ ម៉ែវ សាធី