ព័ត៌មានទាន់ហេតុការណ៍៖

វិភាគអន្តរជាតិ៖ តំណែងប្រធានាធិបតីរបស់លោក អាល់ អាសាដពិបាករក្សាក្រោយ អ.ស.ប ចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្គ្រាម

ចែករំលែក៖

នៅពេលនេះបើទោះបីមានការការពារ ពីប្រទេសរុស្ស៊ីលើរបបដឹកនាំស៊ីរីរបស់លោកអាល់ អាសាដ ក៏ពិបាកក្នុងការគេច វេះខ្លាំងណាស់ ពេលដែលអង្គការសហ ប្រជាជាតិមានភស្តុតាងគ្រប់គ្រាន់ក្នុងការចោទប្រកាន់លោកពីបទឧក្រិដ្ឋកម្មសង្គ្រាម។

បច្ចុប្បន្នសង្គ្រាមនៅក្នុងប្រទេសស៊ីរីវាយប្រហារទៅលើក្រុមភេរវកម្មមានភាពរីក ចម្រើនទៅមុខ ដោយទាហានរដ្ឋាភិបាលស៊ីរី មានការជួយជ្រោមជ្រែងពី រុស្ស៊ីនិងអីុរ៉ង់ បានយកឈ្នះជាបន្តបន្ទាប់នៅក្នុងសមរ ភូមិ។ ក្រុមអ្នកវិភាគបានលើកឡើងថា ដោយសារតែប្រធានាធិបតីអាល់ អាសាដ ស្ថិតនៅក្នុងគោលដៅរបស់ប្រទេសលោកខាងលិច ឲ្យចុះចេញពីតំណែងនោះ ដូច្នេះ លោកពិបាកក្នុងការគេចឲ្យផុតណាស់ បើទោះបីបានបញ្ចប់សង្គ្រាមប្រឆាំងភេរវកម្មក្តី។

កន្លងមកលោកខាងលិច និង អ.ស.ប បានចោទប្រកាន់ស៊ីរីពីបទឧក្រិដ្ឋកម្ម សង្គ្រាម ដោយ ទាហានរដ្ឋាភិបាលស៊ីរី បានប្រើប្រាស់អាវុធគីមី សម្លាប់ពលរដ្ឋ ស្លូតត្រង់ ។ប៉ុន្តែរដ្ឋាភិបាលស៊ីរី បានច្រាន ចោលការចោទប្រកាន់ទាំងនោះ ដោយចាត់ទុកថាការវាយប្រហារដោយអាវុធគីមីគឺជាស្នាដៃរបស់ក្រុមប្រឆាំងដែលមានអាមេរិកនិងលោកខាងលិចនៅពីក្រោយខ្នង។មិនតែប៉ុណ្ណោះសុីរី ក៏បានចោទប្រកាន់អាមេ​រិកថា ជាអ្នកផ្គត់ផ្គង់ ដល់ក្រុមភេរវករនៅ ក្នុងប្រទេសស៊ីរីផងដែរ។

កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ កន្លងមក ក្រសួងការបរទេសស៊ីរី បាន​ចោទប្រកាន់ត្រង់ៗ ចំពោះសហរដ្ឋអាមេរិក និងសម្ពន្ធមិត្ត គឺចក្រភពអង់គ្លេសថា បាន ផ្គត់ផ្គង់ឧស្ម័នពុលប្រភេទ CS និងCNដល់ ក្រុមភេរវករ។

សារព័ត៌មាន Sputnik បានឲ្យដឹង ដោយផ្អែកតាមក្រសួងកិច្ចការបរទេសស៊ីរីថា ភ្នាក់ងារឧស្ម័នពុល ត្រូវបានគេរកឃើញនៅក្នុងទីក្រុងអាឡែប៉ូ និងជាយរដ្ឋធានី ដាម៉ាស់ ដែលនាំចូលដោយក្រុមហ៊ុនមួយ របស់អង់គ្លេស និងក្រុមហ៊ុន២ទៀត របស់ អាមេរិក។

លោក Faisal Mekdad អនុរដ្ឋមន្រ្តីការ បរទេសស៊ីរី បាននិយាយថា «គ្រឿងបរិក្ខារ ពិសេស ត្រូវបានគេរកឃើញមានគ្រាប់ បែកដៃ និងឧបករណ៍បំផ្ទុះគ្រាប់បែកដៃ ដែលមានសារធាតុគីមីពុលCS និងCN។ គ្រាប់រំសេវគីមីទាំងនោះ គឺផលិតដោយ ក្រុមហ៊ុន Federal Laboratories និងក្រុម ហ៊ុន NonLethal Technologies នៅអាមេ រិក និងក្រុមហ៊ុន Cherming Defence UK របស់អង់គ្លេស»។

ពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្ក្រាម គណៈកម្មការ ស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិប្រមូលបានភស្តុតាង និងឯកសារគ្រប់គ្រាន់ ដែលអាចឲ្យគេ បើកសវនាការ ជំនុំជម្រះ លោកប្រធានាធិប តីស៊ីរីលោកអាល់ អាសាដ ពីបទប្រព្រឹត្ត ឧក្រិដ្ឋកម្មសង្រ្គាម។ សមាជិកម្នាក់របស់ គណៈកម្មការ គឺលោកស្រី Clara Del Ponte បាននិយាយយ៉ាងដូច្នេះ ប្រាប់ កាសែត ស្វ៊ីស កាលពីថ្ងៃអាទិត្យទី ១៣ ខែសីហា ឆ្នាំ២០១៧។

លោកស្រី Clara Del Ponte អតីតរដ្ឋអាជ្ញាស្វ៊ីសបានចូលរួមនៅក្នុងគណៈកម្មការរបស់អង្គការ សហប្រជាជាតិ ដែល ស៊ើបអង្កេតទៅលើបទឧក្រិដ្ឋនានា ដែល​បានកើតឡើង នៅក្នុងទឹកដីស៊ីរី។ ចាប់តាំងពីចាប់ផ្តើមសកម្មភាពរបស់ខ្លួននៅឆ្នាំ ២០១២ គណៈកម្មការស៊ើបអង្កេតរបស់​អង្គការសហប្រជាជាតិប្រមូលបានភស្តុតាងជាច្រើន ស្តីពីការប្រើប្រាស់អាវុធគីមី ការ វាយប្រហារទៅលើក្បួនដឹកជញ្ជូនជំនួយ មនុស្សធម៌ ហើយនិងការសម្លាប់ប្រល័យ ពូជសាសន៍ទៅលើជនជាតិ Yazidi នៅស៊ីរី ជាដើម។

ចាប់តាំងពីផ្ទុះសង្រ្គាមស៊ីវិលនៅស៊ីរីឆ្នាំ ២០១១ មកប្រជាជនស៊ីរី ជិត៥សែន នាក់ បានស្លាប់ និងបាត់ខ្លួន។ អង្គការតាមដានឃ្លាំមើលសិទ្ធិមនុស្សស៊ីរី ដែលមានទី តាំងនៅទីក្រុងឡុង ធ្លាប់អះអាងពីការរក ឃើញរណ្តៅសាកសព ជាច្រើនដែលគេ ជឿថា ជាក្រុមទាហានប្រឆាំង ដែលត្រូវ ទាហានរដ្ឋាភិបាលស៊ីរី បាញ់សម្លាប់យ៉ាង រង្គាល នៅពេលវាយយកបានទីតាំងរបស់ក្រុមប្រឆាំង ដូចជានៅទីក្រុងហូមជាដើម។

នៅក្នុងបទសម្ភាសន៍ ជាមួយកាសែត ស្វុីស កាលពីថ្ងៃអាទិត្យមុន លោកស្រី Del Ponte ដែលធ្លាប់ស៊ើបអង្កេតលើឧក្រិដ្ឋកម្ម នៅប្រទេសរ៉ាន់ដា និងយូហ្គោស្លាវីជាដើម បាននិយាយថា លោកស្រី ជឿជាក់យ៉ាង មុតមាំថា មានភស្តុតាងគ្រប់គ្រាន់ ដើម្បីឲ្យគេអាចផ្តន្ទាទោសប្រធានាធិបតីស៊ីរី លោក អាល់ អាសាដ ពីបទឧក្រិដ្ឋកម្មសង្រ្គាម។

គណៈកម្មការ ស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិ បានរកឃើញផងដែរ នូវ បទឧក្រិដ្ឋកម្មសង្រ្គាមប្រព្រឹត្តដោយកងទ័ពនិងចារកិច្ចសម្ងាត់របស់រដ្ឋាភិបាលស៊ីរី។ គណៈកម្មការធ្លាប់បានចេញផ្សាយ ជាញឹក ញាប់របាយការណ៍ ដែលបង្ហាញពីលទ្ធផលនៃការស៊ើបអង្កេត ប៉ុន្តែ នៅក្រោយការស៊ើបអង្កេតអស់រយៈពេល៦ឆ្នាំ ក្រុមប្រឹក្សាសន្តិសុខហាក់មិនចង់បញ្ជូនសំណុំរឿងនេះទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ នៅទីក្រុង ឡាអេនោះទេ។

សម្រាប់ លោកស្រី Del Ponte រុស្ស៊ី ដែលជាសម្ពន្ធមិត្តរបស់រដ្ឋាភិបាលស៊ីរី នឹងប្រើ សិទ្ធិវេតូ ដើម្បីរារាំងកុំឲ្យគេអាចនាំយក ប្រធានាធិបតីស៊ីរីយកកាត់ទោស នៅតុលា ការព្រហ្មទណ្ឌ។ លោកស្រីសោកស្តាយថា ក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិគ្មានសមត្ថភាពបង្កើតតុលាការពិសេស ដើម្បីជំនុំជម្រះរដ្ឋាភិបាលស៊ីរី ពីបទ ប្រព្រឹត្ត ឧក្រិដ្ឋកម្មសង្រ្គាម។ គឺហេតុផល នេះហើយ ដែលធ្វើឲ្យលោកស្រី Clara Del Ponte សម្រេចចិត្តដើរចេញពីគណៈ កម្មការស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិ កាលពីសប្តាហ៍មុន៕ ម៉ែវ សាធី


ចែករំលែក៖