ព័ត៌មានទាន់ហេតុការណ៍៖

តារាចម្រៀងល្បីនៅស្រុកខ្មែរ លោក ខេរៈ សិរីមន្ត ភ្ញាក់ផ្អើលថាចូលច្រៀងឲ្យហង្សមាស

ចែករំលែក៖

ភ្នំពេញ៖ ស្ងាត់ៗស្រាប់តែតារាចម្រៀងល្បីឈ្មោះលោក ខេមរៈ សិរីមន្តលេចមុខច្រៀងបទចម្រៀងឲ្យផលិតកម្មហង្សមាស ជាមួយនឹងបទចម្រៀងពិរោះរណ្តំចិត្ត។មកកាន់ផលិតកម្មថ្មីខេមរៈ សិរីមន្ត ក៏បានដឹកដៃបងប្រុសលោក គឺលោក ខេរៈ ភារុណ ដែលជាអ្នកនិពន្ធមកជាមួយផងដែរ។

ពិតជារឿងដែលគួរឲ្យភ្ញាក់ផ្អើលសម្រាប់ទស្សនិកជនព្រោះស្រាប់តែសុខៗលេចមុខតារាចម្រៀងខេមរៈសិរីមន្តក្នុងផលិតកម្មហង្សមាស។ គណនីយផលិតកម្មរស្មីហង្សមាសកាលពីរាត្រីថ្ងៃទី១៨ខែសីហានេះពិតជាធ្វើឲ្យអ្នកគាំទ្រតារាចម្រៀង ខេមរៈ សិរីមន្ត ភ្ញាក់ផ្អើលខ្លាំង។ គណនីយផលិតកម្មលើកឡើងថា “សូមស្វាគមន៍សមាជិកថ្មីមកកាន់គ្រួសារហង្សមាសគឺលោកខេមរៈសិរីមន្ត។រីករាយស្ដាប់បទចម្រៀងដ៏លន្លង់លន្លោចរបស់គាត់ទាំងអស់គ្នាណា!បទ៖ស្ទឹងត្រែងបងអើយច្រៀងដោយ៖ខេមរៈសិរីមន្តនិពន្ធទំនុកច្រៀង៖ខេមរៈភារុណនិងសម្រួលតន្ត្រី៖ហង្សអុកស៊ីនថានី”។

បទចម្រៀងបើកឆាកដំបូងបរិយាយអំពីខេត្តស្ទឹងត្រែងកាន់តែធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍ទាំងខ្លឹមសារនិងអត្ថន័យជ្រាលជ្រៅដែលមិនដល់៣ម៉ោងផងអ្នកចូលស្តាប់បទចម្រៀងនេះមានចំនួនប្រមាណជាង២០ម៉ឺនដង។វត្តមានក្នុងផលិតកម្មធំមួយនេះត្រូវបានគេដឹងថានឹងធ្វើឲ្យផលិតកម្មនេះបន្តនាំមុខការផលិតបទចម្រៀងថ្មី ហើយក៏ចាត់ទុកថាផលិតកម្មដែលប្រមូលផ្តុំដោយតារាចម្រៀងលំដាប់កំពូលៗដែរ។ សិល្បករម្នាក់លើកឡើងថា ខេមរៈ សិរីមន្ត សម្រេចចិត្តចូលជ្រកក្រោមដំបូលផលិតកម្មហង្សមាសព្រោះតែផលិតកម្មផ្តល់អាទិភាពច្រើន ពិសេសការយល់ព្រមលើលក្ខខណ្ឌទទួលយកបងប្រុសជាអ្នកនិពន្ធ មកជាមួយនឹងលក្ខខណ្ឌផ្តល់ឱកាសច្រើនសម្រាប់តារារូបនេះបញ្ចេញបទចម្រៀងតាមការចង់បាន ហើយដំណឹងដែលលើកឡើងថា លោកបានចេញពីផលិតកម្មសាន់ដេ មកបើកផលិតកម្មផ្ទាល់ខ្លួនគឺបានក្លាយជារឿងមិនពិត។

ថ្មីៗនេះតារាចម្រៀងល្បីដែលដើរចេញពីសាន់ដេមាន លោក កែវ វាសនា អ្នកនាង សុខ ស្រីនាង អ៊ីវ៉ា ហើយចុងក្រោយគឺ ខេមរៈ សិរីមន្ត។ គ្រាដែលកន្លងមកតារាចម្រៀងល្បីៗរបស់ផលិតកម្មហង្សមាសក៏ចាកចេញមិនតិចរូបដែរមានដូចជាកញ្ញា ស៊ុន ស្រីពេជ្រ កញ្ញា ឈិត សុវណ្ណបញ្ញា អ្នកនាង យក់ ថិតរដ្ឋាជាដើម។ វត្តមានខេមរៈ សិរីមន្តនៅផលិតកម្មហង្សមាស ក៏ត្រូវបានគេចាត់ទុកថាអាចនឹងមានខ្លាពីរនៅភ្នំតែមួយគឺខេមរៈ សិរីមន្ត និងលោកព្រាប សុវត្ថិដែលកន្លងមកត្រូវបានគេដឹងថាអ្នកទាំងពីរមានឈ្មោះបោះសំឡេង និងតម្លៃខ្លួនស្ទើរតែប្រហាក់ប្រហែលគ្នា។ ការចាកចេញរបស់តារាចម្រៀងខេមរៈសិរីមន្តពីផលិតកម្មសាន់ដេនឹងធ្វើឲ្យផលិតកម្មនេះកាន់តែថមថយកម្លាំងក្នុងការប្រកួតប្រជែងបទចម្រៀងលក់នៅលើទីផ្សារគ្រាដែលតារាល្បីៗដើរចេញជាបន្តបន្ទាប់៕ វឌ្ឍនា


ចែករំលែក៖