ព័ត៌មានទាន់ហេតុការណ៍៖

ខ្មាន់កាំភ្លើងបាញ់សម្លាប់នារីម្នាក់ក្នុងចំណោមគ្នា៥នាក់ដូចបាញ់ចាបនៅលើកំណាត់ផ្លូវវេងស្រេង

ចែករំលែក៖

ភ្នំពេញ៖ អំពើឃាតកម្មបាញ់សម្លាប់មនុស្សចំៗកណ្តាលក្រុងភ្នំពេញ កាន់តែមានលក្ខណះរសើបបំផុតដែលសមត្ថកិច្ចប្រឈមការទទួលខុសត្រូវសម្រាប់ដែនសមត្ថកិច្ចដែនដីខ្លួនគ្រប់គ្រងដើម្បីធានាអោយបាននូវសន្តិសុខ សណ្តាប់ ភាពសុខសាន្តជូនប្រជាពលរដ្ឋស្របតាមទិសស្លោករាជរដ្ឋាភិបាលលើយន្តការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព។

គួរអោយរន្ធត់និងភ័យខ្លាចបំផុតខណះនារីម្នាក់បានស្លាប់ភ្លាមៗក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម ក្នុងចំណោមជនរងគ្រោះ៥នាក់ រងនូវបាញ់ប្រហារដ៏ឃោរឃៅពីក្រុមខ្មាន់កាំភ្លើងកាលពីវេលាម៉ោង៣ទាបភ្លឺឈានចូលព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវវេងស្រេង ក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

សាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា៖ មុនពេលកើតហេតុខាងជនរងគ្រោះមានគ្នា៥នាក់(ស្រី៣នាក់)ចេញពីក្លឹបកំសាន្ត«មីតណាយក្លឹប»ដៃដន្យអីក៏ម៉ូតូធាក់មិនឆេះ ក៏នាំគ្នាបណ្តើររកជាងជុសជុល។ ខណះនោះក៏មានមនុស្ស៤នាក់និងម៉ូតូ២គ្រឿងបានជិះមកចតនៅក្បែរជនរងគ្រោះកំពុងជុសជុលម៉ូតូ និងចូលមកសួរកទិញទឹកភេសជ្ជៈ ហើយអាចជាការនិយាយឡែបខាយដោយពាក្យមិនទំនងទៅលើនារីៗទាំងនោះ ព្រមទាំងឮសំឡេងបណ្តេញអោយទៅចកម៉ូតូកន្លែងផ្សេងឆ្ងាយពីពីកន្លែងជុសជុលម៉ូតូ ក៏ក្លាយទៅជាកំហឹងពុះកញ្ជ្រោលទើបពួកគេម្នាក់ក្នុងចំណោម៤នាក់ដកកាំភ្លើងមិនស្គាល់ម៉ាកបាញ់ប្រហារអស់ជាច្រើនគ្រាប់បណ្តាលអោយនារីម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ ដោយឡែកក្រុមជនដៃដល់បើកម៉ូតូគេចខ្លួនដោយសុវត្ថិភាព។

ជនរងគ្រោះត្រូវបានគេស្គាល់ថា ៖ឈ្មោះ មូល ស៊ីម ភេទស្រី អាយុប្រហែល២៥ឆ្នាំ មុខរបរកម្មករោងចក្រ មានស្រុកកំណើតនៅខេត្តតាកែវ ដែលបច្ចុប្បន្នមកស្នាក់នៅបន្ទប់ជួល ស្ថិតក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ករណីបាញ់សម្លាប់មនុស្សដូចបាញ់ចាបនេះមិនទាន់ដឹងពីមូលហេតុច្បាស់នៅឡើយទេ ខណះទំនាក់ទំនងមិនបានពីលោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិសែនជ័យនាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧ ។

គួរំលឹកថា៖ ទឹកដីខណ្ឌពោធិសែនជ័យមានអំពើឃាតកម្មញឹកញាប់ ប៉ុន្តែភាគច្រើនជនល្មើសត្រូវបានបំបែកសំណុំរឿងដោយមន្ត្រីនគរបាលយុត្តិធម៍វែករកមុខឃើញចាប់កសាងសំណុំរឿងបញ្ជូនតាមនីតិវិធីទៅសាលាដំបូងរាជធានី ដូចជាករណីខ្មាន់កាំភ្លើងនេះអាចនឹងរកឃើញជនដៃជនក៏ដូចជាសហចារី ខណះសមត្ថកិច្ចមូលដ្ឋានមានច្រើនធ្លាប់ល្បាតនៅពេលរាត្រី៕  សុខ ខេមរា


ចែករំលែក៖