ក្លិបបិសាចក្រហមកំពុងចាប់អារម្មណ៍កីឡាករខ្សែការពារ Kieran Tierney របស់ក្រុមមកពី ស្កុតឡេន Celtic ដើម្បីមកចូលរួមក្រុម ខណៈដែលខ្សែការពារឆ្វេងរបស់បិសាចក្រហម ហាក់ មានភាពមិនសូវនឹងនរ ព្រោះតែកីឡាករភាគច្រើនមានវិបត្តិ(របួស, ឈឺ, ចង់ចាកចេញ..)។
ក្រុមបិសាចក្រហម Manchester United បានបង្ហាញទម្រង់លេងបានល្អប្រសើរ ឡើងវិញក្រោយការចូលមកដឹកនាំរបស់គ្រូបង្វឹកលោក Jose Mourinho រដូវកាលមុន និង ការចាប់ផ្តើមរដូវកាលថ្មីអង់គ្លេស Premier League (2017-2018) ប៉ុន្តែអ្វីដែលជាបញ្ហា និង ក្តីកង្វល់ដែលក្រុមកំពុងប្រឈម គឺវិបត្តិតំបន់ការពារខាងឆ្វេងដែលជាបញ្ហាត្រូវដោះស្រាយ ស្របពេលខ្សែការពារសញ្ជាតិអង់គ្លេស Luke Shaw នៅញាំញីដោយសាររបួសតាំងពីរដូវកាលមុន ខណៈខ្សែការពារបច្ចុប្បន្នរបស់ក្រុមជម្រើសជាតិហុល្លង់ Delay Blind នៅមិនទាន់ប្រាកដថានិងបន្តលេងឲ្យក្រុមបានយូរអង្វែងតទៅទៀតឬយ៉ាងណា ដោយសារតែកីឡាករ រូបនេះមានរបួសជាញឹកញាប់។
កីឡាករវ័យក្មេង Kieran Tierney មានអាយុទើបតែ២០ឆ្នាំត្រូវបាន ក្រុមបិសាចក្រហមចាប់អារម្មណ៍ និងដាក់គោលដៅអាទិភាពទិញយកមករួមក្រុម ឲ្យបានមុនទីផ្សារដោះដូរកីឡាករបិទនៅចុងខែសីហានេះ ។
ខ្សែការពារឆ្វេងរបស់ក្រុមជម្រើសជាតិស្កុតឡេនរូបនេះត្រូវបានគ្រូបង្វឹកលោក Brendan Rodger អាចយល់ព្រមឲ្យរូបគេចាកចេញ ស្របពេលដែលក្លិបបិសាចក្រហម ចាប់អារម្មណ៍ខ្លាំងចង់បានដើម្បីមកបំពេញតំបន់ការពារខាងឆ្វេងកាន់តែឆាប់កាន់តែល្អ ។
សូមបញ្ជាក់ថា សម្រាប់រដូវកាលថ្មីនេះក្រុមបិសាចក្រហមបានទិញកីឡាករបានច្រើនដែល សុទ្ធសឹងជាកីឡាករមានសក្តានុពលនៅតំបន់ប្រយុទ្ធ ប៉ុន្តែនៅតំបន់ការពារគឺក្រុមនេះមិន ទាន់បានទិញនៅឡើយទេ ប៉ុន្តែដើមរដូវកាលថ្មីនេះក្រុមបិសាចក្រហមទទួលបានជោគជ័យ ដោយចាប់ផ្តើម៣ប្រកួត ឈ្នះទាំង៣ប្រកួត ឈរនៅចំណាត់ថ្នាក់លេខ១បណ្តោះអាសន្ន នៅ លីកកំពូលរបស់អង់គ្លេស ៕ ដេវីត