ឧត្តមសេនីយ៍ឯក Valery Asapov មេបញ្ជាការកងទ័ពរុស្ស៊ីប្រចាំនៅស៊ីរីបានស្លាប់នៅក្នុងការវាយប្រហារដោយគ្រាប់ផ្លោងពីក្រុមភេរវកម្ម IS ទៅលើទីបញ្ជាការកងទ័ពរុស្ស៊ីដោយចៃដន្យ។
សារព័ត៌មាន Sputnik បានដកស្រង់ការប្រកាសពីក្រសួងការពារជាតិរុស្ស៊ីកាលពីថ្ងៃទី២៤ ខែកញ្ញាថា ឧត្តមសេនីយ៍ឯង Valery Asapov បានស្លាប់ដោយការបាញ់គ្រាប់ផ្លោង ទៅលើទីបញ្ជាការកងទ័ពរុស្ស៊ី ស៊ីរីនៅជិត ទីក្រុង Deir Ez Zor ពីសំណាក់ក្រុមភេរវកម្ម IS ។ ឧត្តមសេនីយ៍ខាងកំពុងតែធ្វើជាទីព្រឹក្សាយោធាដល់រដ្ឋាភិបាលស៊ីរីនៅក្នុងសង្គ្រាមរំដោះទីក្រុង Deir Ez Zor។
ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់ថា«ឧត្តមសេនីយ៍ឯង Valery Asapo បានស្លាប់នៅក្នុងប្រទេសស៊ីរីដោយការវាយប្រហារពីក្រុម IS ការវាយប្រហារនោះបណ្តាលឲ្យរងរបួសធ្ងន់ហើយស្លាប់តែម្តង»។
នៅក្នុងខែកញ្ញានេះ កម្លាំងទាហានស៊ីរីដោយមានការគាំទ្រពីកម្លាំងទាហានអាកាសរុស្ស៊ីបានវាយប្រហារដណ្តើរទីក្រុង Deir ez Zor ពីដៃក្រុមភេរវកម្ម IS។ ពលរដ្ឋនៅទីក្រុងនោះចាប់ផ្តើមវិលត្រឡប់ទៅផ្ទះសម្រាប់ជីវិតរស់នៅប្រចាំថ្ងៃនៅទីនោះ។ ដោយសារតែផ្លូវថ្នាល់តផ្ជាប់រវាងទីក្រុង Deir ez Zor និង Palmyra ស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលស៊ីរី ជំនួយមនុស្សធម៌ក៏បានបញ្ជូនទៅដល់ពលរដ្ឋរងគ្រោះដោយសារតែការឡោមព័ទ្ធរបស់ក្រុមភេរវកម្ម។
ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសឲ្យដឹងដែរថា កាលពីខែសីហា ទាហានរុស្ស៊ី៣៤នាក់ស្លាប់ នៅក្នុងប្រទេសស៊ីរីចាប់តាំងពីរុស្ស៊ីចូលរួម នៅក្នុងសង្គ្រាមនោះតាំងពីឆ្នាំ២០១៥មក។ ជាមួយនឹងការស្លាប់ នាពេលនេះចំនួនទាហាន និងមេបញ្ជាការកងទ័ពរបស់រុស្ស៊ីនៅស៊ីរី ស្លាប់កើនឡើង៣៧នាក់។
នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀតដែលពាក់ព័ន្ធនោះដែរពលរដ្ឋស៊ីរីជាច្រើនបានស្លាប់ដោយសារតែការវាយប្រហាររបស់ក្រុមប្រឆាំងគាំទ្រដោយអាមេរិក។ ចំនួនពលរដ្ឋស៊ីវិលស៊ីរី សរុបទៅដល់២.៦១៧នាក់ហើយ ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារប្រឆាំងក្រុមភេវរកម្ម ដឹកនាំដោយអាមេរិក គិតចាប់តាំងពីឆ្នាំ២០១៤ នៅក្នុងប្រទេសនេះ។
ចំនួនអ្នកស្លាប់សរុបដែលមានរួមបញ្ចូលទាំងក្មេង៦១៥នាក់ ស្ត្រីប្រមាណជា៤៤៣នាក់ ហើយអ្នកស្លាប់ភាគច្រើន គឺជាពលរដ្ឋដែលរស់នៅក្នុងទីក្រុង និងខេត្តសំខាន់ៗ ដូចជា Hasakah, Raqqa, Aleppo, Idlib និងDeir al Zour ជាដើម នេះបើយោងតាមតួលេខ ដែលចេញផ្សាយដោយក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សរបស់ទីក្រុងឡុងប្រចាំនៅប្រទេសស៊ីរី។
គួរបញ្ជាក់ថា ការដឹកនាំដោយអាមេរិកភាគច្រើនមានការគាំទ្រទៅលើក្រុមឧទ្ទាម Kurd ដែលមានប្រតិបត្តិការខ្លាំងនៅក្នុងតំបន់ភាគខាងជើងនៃប្រទេសស៊ីរី ដើម្បីប្រយុទ្ធប្រឆាំងទៅនឹងក្រុមជ្រុលនិយមរដ្ឋអ៊ិស្លាម៕ ម៉ែវ សាធី