នាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីន ហ្ស៊ូអាបេ បានប្រកាសរំលាយរដ្ឋសភា នឹងរៀបចំការបោះឆ្នោតឲ្យបានឆាប់បំផុតគឺនៅក្នុងខែតុលា ឆ្នាំ២០១៧នេះ។ នេះជាសកម្មភាពខិតខំរបស់ លោក អាបេ ដើម្បីពង្រឹងការគាំទ្រទៅលើរដ្ឋាភិបាលក្នុងពេលដែល ប្រទេសជាតិកំពុងតែប្រឈមនឹងការគំរាមកំហែងដល់សន្តិសុខពីកូរ៉េខាងជើង។ ការបោះឆ្នោតមុនកំណត់នាពេលនេះជារឿងមួយដ៏ល្អបំផុត សម្រាប់លោក ស៊ីន ហ្ស៊ូអាបេ ដែលមានពលរដ្ឋគាំទ្រច្រើន។
លោក ស៊ីន ហ្ស៊ូអាបេ បានប្រកាសថា «ខ្ញុំនឹងបង្ហាញពីសមត្ថភាពដឹកនាំយ៉ាងមឺងម៉ាត ចំពោះវិបត្តិដែលកំពុងតែកើតឡើងទាំងនោះជាតួនាទី និងកាតព្វកិច្ចរបស់នាយករដ្ឋមន្ត្រី»។ លោកបានប្រកាសទៀតថា លោកនឹងរំលាយរដ្ឋសភានៅថ្ងៃទី២៨ ខែកញ្ញា ខាងមុខ ហើយរៀបចំការបោះឆ្នោតនៅខែក្រោយ។
បើទោះបីនាយករដ្ឋមន្ត្រីជប៉ុនមិនបានបញ្ជាក់ច្បាប់ពីពេលវេលាបោះឆ្នោតនោះឡើយ ប៉ុន្តែលោក Natsuo Yamaguchi មេដឹកនាំគណបក្ស Komeito ដែលជាសម្ពន្ធមិត្តិ ជាមួយគណបក្សកាន់អំណាចប្រជាធិបតេយ្យសេរី LDP របស់លោក ស៊ីន ហ្ស៊ូអាបេ បានបញ្ជាក់ថា ការបោះឆ្នោតអាចនឹងធ្វើឡើងនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧។
ការសម្រេចកែទម្រង់នាពេលនេះដោយរំលាយរដ្ឋសភា ត្រៀមបោះឆ្នោតជាថ្មីរបស់លោក អាបេ មានលក្ខណនយោបាយដើម្បីកម្ចាត់ក្រុមប្រឆាំង។ ការរៀបចំឲ្យបោះឆ្នោតមុនកំណត់របស់លោក កើតឡើងក្នុងពេលដែលពលរដ្ឋជប៉ុន មានទំនុកចិត្តខ្ពស់គាំទ្រដល់ការដឹកនាំរបស់លោក ស៊ីន ហ្ស៊ូអាបេ។
តាមលទ្ធផលស្ទង់មតិគណបក្សកាន់អំណាចរបស់លោក អាបេ ទទួលបានការគាំទ្រដល់ទៅ៤៤ភាគរយ ចំណែកគណបក្សប្រឆាំងវិញមានតែ៨ភាគរយប៉ុណ្ណោះ។ ទាំងនោះហើយបើមានការបោះឆ្នោតនាពេលនេះចំនួនអាសនៈក្នុងសភារបស់គណបក្សកាន់អំណាចនឹងកើនឡើងចំណែកគណបក្សប្រឆាំងវិញនឹងធ្លាក់ចុះជាមិនខាន៕ ម៉ែវ សាធី