គណបក្សកុម្មុយនីស្តចិនបានចាប់ផ្តើមធ្វើសមាជជ្រើសរើសមេដឹកនាំថ្មីរបស់ខ្លួន ដែលសមាជកនេះធ្វើឡើងរៀងរាល់៥ឆ្នាំម្តង។ សមាជលើកនេះប្រព្រឹត្តឡើងកាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ ដោយបិទទ្វារជិត និងមានសមាជិក សមាជិកាប្រមាណជាង២ពាន់នាក់ចូលរួម ស្ថិតក្រោមការយាមកាមផ្នែកសន្តិសុខយ៉ាងតឹងរ៉ឹងបំផុត។
ប្រធានាធិបតីចិន លោកស៊ី ជីងពីន ដែលប្រភពវាយប្រហារលើកឡើងថាកំពុងខិតខំប្រមូលផ្តុំអំណាចនោះត្រូវគេទាយទុកមុនថា នៅតែជាអ្នកកាន់តំណែងកំពូលរបស់ចិន ហើយដឹកនាំប្រទេសនេះថែមមួយអាណត្តិទៀត។
នៅក្រោយពីធីសមាជត្រូវបានបញ្ចប់ភ្លាម បក្សកុម្មុយនីស្តចិននឹងប្រកាសឈ្មោះសមាជិកអង្គការសម្រេចចិត្តជាន់ខ្ពស់របស់ចិន នោះគឺ គណៈកម្មការអចិន្ត្រៃយ៍ការិយាល័យនយោបាយ ដែលជាអ្នកកាច់ចង្កូតដឹកនាំប្រទេសចិននោះឯង។
សុន្ទរកថារយៈពេល៣ម៉ោងស្តីអំពីសមិទ្ធផល ក្នុងអង្គពិធីសមាជនោះ, លោកស៊ី ជីងពីនបានថ្លែងថា សង្គមនិយមតាមបែបផ្នត់គំនិតអត្តចរិតចិននាយុគសម័យនេះ គឺចិនបានក្លាយជាមហាអំណាចមួយរបស់ពិភពលោក ហើយដើរតួនាទីយ៉ាងសំខាន់នៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។
លោកថ្លែងទៀតថា គំរូដឹកនាំតាមបែបកុម្មុយនីស្តចិនកំពុងតែរីកសាយភាយ ដែលជាការផ្តល់នូវជម្រើសថ្មីមួយសម្រាប់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ដទៃផ្សេងទៀត។ វាជាពេលវេលាដែលយើងត្រូវក្តាប់ឲ្យជាប់ ដើម្បីរួមចំណែកចែករំលែកឲ្យបានច្រើនថែមទៀតដល់មនុស្សជាតិ។
លោកស៊ី ជីងពីនបានចូលកាន់អំណាចក្នុងឆ្នាំ២០១២, តាំងពីពេលនោះរៀងមក ចិនមានកំណើនសេដ្ឋកិច្ចជាបន្តបន្ទាប់។ ប៉ុន្តែទោះបីយ៉ាងណា គេបានរាយការណ៍ថា ចិនកាន់តែក្លាយទៅជារបបផ្តាច់ការ បង្កើនការតាមដានត្រួតពិនិត្យ ការចាប់ខ្លួនមេធាវី និងសកម្មជនជាដើម។
អ្នកវិភាគបានលើកឡើងថា លោកស៊ី ជីងពីនជាមេដឹកនាំមួយរូបដែលហ្មឹងម៉ាត់ជាងមេដឹកនាំមុនៗថ្មីៗរបស់ចិន។ នៅក្នុងសុទ្ធរកថាដ៏វែងអន្លាយមួយ និងជាសុន្ទរកថារកសេចក្តីទុកចិត្តនោះ លោកបានងាកត្រឡប់សារក្រោយរយៈពេល៥ឆ្នាំដែលកាន់តំណែង ដោយលោកបញ្ជាក់ថា បក្សកុម្មុនីយនីស្តបានទទួលនូវអព្ភូតហេតុ គឺតួនាទីរបស់ចិននៅលើឆាកអន្តរជាតិកាន់តែមានកំណើន។
អ្នកវិភាគបន្តថា ប៉ុន្តែខ្លឹមសារសំខាន់នៅក្នុងសេចក្តីថ្លែងការណ៍របស់លោកស៊ី ជីងពីននោះ គឺគ្រាន់តែជាមនោគមន៍វិជ្ជារកការផ្តល់ទំនុកចិត្តប៉ុណ្ណោះ។ ថ្មីៗកន្លងមកនេះ ប្រព័ន្ធផ្សព្វផ្សាយគ្រប់គ្រងដោយបក្សកុម្មុយនីស្តចិន បានបរិយាយចំពោះវិបត្តិ និងអំពើចលាចលនៅក្នុងប្រទេសប្រជាធិបតេយ្យលោកខាងលិច ដោយប្រៀបធៀបជាមួយកម្លាំង និងការរួបរួមគ្នានៅក្នុងប្រទេសចិន។
នៅថ្ងៃនេះដែរ លោកស៊ី ជីងពីនបានថ្លែងថា លោកនឹងមិនចម្លងប្រព័ន្ធនយោបាយបរទេសនោះឡើយ និងថា បក្សកុម្មុយនីស្តត្រូវជំទាស់ដាច់ខាត អ្វីគ្រប់យ៉ាងដែលធ្វើឲ្យខាតប្រយោជន៍មេដឹកនាំរបស់ខ្លួន។
រដ្ឋធានីក្រុងប៉េកាំងមានការប្រុងប្រយ័ត្នខ្ពស់ផ្នែកសន្តិសុខអំឡុងពេលសមាជចាប់ផ្តើមឡើងនោះ។ មនុស្សឈរតម្រង់ជួរយ៉ាងវែងអន្លាយនៅតាមស្ថានីយរថភ្លើង ក៏ដូចនៅតាមផ្លូវដឹកជញ្ជូនផ្សេងដទៃទៀតដែរដើម្បីត្រួតពិនិត្យសន្តិសុខ។
សមាជរបស់បក្សកុម្មុយនីស្តចិនពេលនេះប៉ះពាល់ដល់ការធ្វើពាណិជ្ជកម្មរកស៊ីលក់ដូរទំនិញផងដែរ។ ភោជនីយដ្ឋាន ក្លឹបរាត្រី បារខារ៉ាអូខេ ឬទីកន្លែងហាត់ប្រាណជាដើម មិនអនុញ្ញាតឲ្យបើកទ្វារដំណើរការរកស៊ីឡើយ គឺត្រូវតែបិទទ្វារបណ្តោះអាសន្នតាមច្បាប់សន្តិសុខដ៏តឹងរ៉ឹង។
ប្រព័ន្ធផ្សព្វផ្សាយចិនរាយការណ៍ថា បក្សកុម្មុយនីស្តរំពឹងទៅលើការតាក់តែងរដ្ឋធម្មនុញ្ញាថ្មីមួយរបស់ខ្លួន ដែលរួមបញ្ចូលរបាយការណ៍ការងារ ឬគំនិតនយោបាយ របស់លោកស៊ី ជីងពីនផងដែរ ដែលធ្វើឲ្យគាត់ក្លាយជាមនុស្សល្បីល្បាញដូចមេដឹកនាំចិនម៉ៅ សេទុង និង តេង ស៊ាវពីង។
អ្នកវិភាគយល់ឃើញថា លោកស៊ី ជីងពីនកំពុងប្រមូលអំណាចជាងបណ្តាមេដឹកនាំដទៃទៀតតាំងពីជំនាន់លោក ម៉ៅ រហូតមកដល់ពេលនេះ ហើយថា សមាជនេះនឹងឃ្លាំមើលដិតដល់បំផុតអំពីតម្រុយថា តើហេតុអ្វីបានជាអំណាចទាំងឡាយស្ថិតនៅតែក្នុងដៃរបស់បុរសម្នាក់។
លោកស៊ី បានគ្រប់គ្រងយ៉ាងតឹងរ៉ឹងនៅក្នុងគណបក្ស និងនៅក្នុងសង្គមចិនទាំងមូលផងដែរ, ប៉ុន្តែទោះបីយ៉ាងណា លោកនៅតែទទួលបានការគាំទ្រ គោរពស្រឡាញ់ច្រើនពីចំណោមបណ្តាជនសាមញ្ញ៕ ថាច់ យ៉ាត