ព័ត៌មានទាន់ហេតុការណ៍៖

នាយករដ្ឋមន្ត្រីស៊ីនហ្ស៊ូ អាបេបន្តជាប់ឆ្នោត កូរ៉េខាងជើងព្រួយបារម្ភខ្លាចជប៉ុនឈ្លានពានជាថ្មី

ចែករំលែក៖

ទីក្រុងព្យុងយ៉ាងបានចោទប្រកាន់នាយករដ្ឋមន្ត្រី ស៊ីនហ្ស៊ូ អាបេ និងមន្ត្រីជប៉ុន ថាកំពុងតែឡើងគម្រោងឈ្លានពានឧបទ្វីបកូរ៉េសារជាថ្មី។

សារព័ត៌មាន RT បានផ្សាយថា ការដែលនាយករដ្ឋមន្ត្រីជប៉ុនរំលាយរដ្ឋសភា កាលពីខែមុន ហើយបោះឆ្នោតជាថ្មី នៅថ្ងៃទី២២ ខែតុលា ជាការជួយដល់មេដឹកនាំជប៉ុនមានឱកាសអនុវត្តគោលនយោបាយការបរទេស តឹងតែងជាមួយកូរ៉េខាងជើង។

ចំពោះជ័យជំនៈរបស់លោក អាបេ កាលពីថ្ងៃទី២២ ខែតុលា សារព័ត៌មានជាតិកូរ៉េខាងជើង KCNA បានផ្សាយនៅការប្រកាសរបស់រដ្ឋាភិបាលកូរ៉េខាងជើង ដោយចោទប្រកាន់ជ័យជំនៈរបស់លោក អាបេ មិនខុសអ្វីពីការខិតខំអនុវត្តឡើងវិញ នូវរបបចក្រពត្តិជប៉ុនដូចកាលពីដើមសតវត្សរ៍ទី២០។

សារព័ត៌មាន KCNA បានរំលឹកឡើងវិញ នូវតំបន់ដែលជប៉ុនបានដាក់ឈ្មោះ ក្រោយការគ្រប់គ្រងនៅក្នុងសង្គ្រាមលោកលើកទី២។ កូរ៉េខាងជើងបានប្រកាសថា «រដ្ឋាភិបាលជប៉ុន បានរំលាយរដ្ឋសភារបស់ខ្លួន ដើម្បីបង្កើនឥទ្ធិពលនៅក្នុងជួររដ្ឋាភិបាល ដោយមានគោលដៅឈ្លានពានទឹកដីកូរ៉េខាងជើង»។

ក្រៅពីនេះ សារព័ត៌មាន KCNA ក៏បានរិះគន់ដល់ជប៉ុន ទុកឲ្យអាមេរិកដាក់ទាហានឈរជើងនៅក្នុងប្រទេសរបស់ខ្លួន។ មិនតែប៉ុណ្ណោះ ជប៉ុនមិនបានបំពេញភារកិច្ចក្នុងការសងសំណងពីបទឧក្រិដ្ឋនៅក្នុងសង្គ្រាមកាលពីអតីតកាល។

សារព័ត៌មានកូរ៉េខាងជើង បានចោទប្រកាន់ថា «ការពិតបានបង្ហាញយ៉ាងច្បាស់ថា ជប៉ុន បានឡើងគម្រោងជួយពីក្រោយដល់ទាហានអាមេរិក ហើយបញ្ជូនកម្លាំងទាហានជប៉ុនចូលក្នុងទឹកដីកូរ៉េខាងជើង ក្រោយពេលអាមេរិកវាយប្រហារកូរ៉េខាងជើង»។

ភាពតានតឹងរវាង ជប៉ុន នឹងកូរ៉េខាងជើងកើនមានឡើងរយៈពេលជាងកន្លះសតវត្សរ៍កន្លងមក។ ឧបទ្វីបកូរ៉េធ្លាប់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ជប៉ុនចាប់តាំងពីឆ្នាំ១៩១០ ដល់ឆ្នាំ១៩៤៥។ ក្នុងរយៈពេលនោះ ជប៉ុនមានសកម្មភាពព្រៃផ្សៃទៅលើពលរដ្ឋកូរ៉េខាងជើង ដោយយកអ្នកទោសសាកល្បងអាវុធជីវសាស្ត្រ និងចាប់បង្ខំស្ត្រីធ្វើជាទាសករផ្លូវភេទបម្រើដល់កម្លាំងទាហានជប៉ុន។

ក្នុងរយៈពេលចុងក្រោយនេះ ភាពតានតឹងនៅឧបទ្វីបកូរ៉េកាន់តែខ្លាំងឡើងរវាងកូរ៉េខាងជើងនឹងម្ខាងទៀតមានអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង។ អាមេរិកតែងតែគំរាមកំហែងប្រើប្រាស់កម្លាំងយោធាដើម្បីលុបបំបាត់កម្មវិធីអាវុធរបស់កូរ៉េខាងជើង។

ពាក់ព័ន្ធនឹងស្ថានភាពនៅកូរ៉េខាងជើងនោះដែរ អនុរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការ គណៈរដ្ឋមន្ត្រីជប៉ុន លោក Yasutoshi Nishimura បាននិយាយនៅថ្ងៃទី២៣ ខែតុលាថា នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ិនហ្ស៊ូ អាបេ និងប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានព្រមព្រៀងធ្វើការរួមគ្នា ដើម្បីបង្កើនការដាក់សម្ពាធ លើប្រទេសកុម្មុយនីស្តឯកោកូរ៉េខាងជើង។

យោងតាមទីភ្នាក់ងារសារព័ត៌មានពីកាសែតរ៉យទ័រចេញផ្សាយនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ បានឲ្យដឹងថា លោក អាបេ និងលោក ត្រាំ បានធ្វើកិច្ចសន្ទនាជាមួយគ្នាតាមទូរស័ព្ទ បន្ទាប់ពីបក្សកាន់អំណាចនាយករដ្ឋមន្ត្រីជប៉ុន ទទួលបានការឈ្នះដ៏ធំ ក្នុងដំណើរបោះឆ្នោតមួយកាលពីថ្ងៃអាទិត្យ។

លោកអនុរដ្ឋមន្ត្រី Nishimura តាមសេចក្តីរាយការណ៍ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា លោក អាបេ និងលោក ត្រាំ កំពុងគ្រោងវាយកូនគោលជាមួយគ្នា នៅថ្ងៃទី៥ ខែវិច្ឆិកា នៅពេលដែលប្រធានាធិបតីអាមេរិករូបនេះ ធ្វើទស្សនកិច្ចនៅក្នុងប្រទេសជប៉ុន ជាលើកដំបូង។

កូរ៉េខាងជើងកំពុងតែប្រឈមនូវបញ្ហាសេដ្ឋកិច្ច ដោយរងការដាក់ទណ្ឌកម្មពីសហគមន៍អន្តរជាតិ ហើយចិនដែលជាសម្ពន្ធមិត្តដ៏ជិតស្និទ្ធរបស់កូរ៉េខាងជើង ក៏បានកាត់ផ្តាច់ទំនាក់ទំនង និងដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើងផងដែរ។

អ្វីដែលជាបញ្ហានាពេលនេះ ស៊ុយអែត បានទារបំណុលកូរ៉េខាងជើង កាលពីថ្ងៃទី២៣ ខែតុលា ។ ប្រទេសស៊ុយអែតនាពេលថ្មីៗនេះ បាននិយាយថា ប្រទេសកូរ៉េខាងជើង មិនឆ្លើយតបចំពោះការទាមទារឲ្យសងបំណុល ដែលទីក្រុងព្យុងយ៉ាងបានខ្ចី អស់រយៈកាលជាង៤០ឆ្នាំ។ បំណុលកូរ៉េខាងជើង ជំពាក់ស៊ុយអែតក្នុងពេលបច្ចុប្បន្ន មានចំនួនប្រហែល ៣៣០លានដុល្លារអាមេរិក គឺមានចំនួន៤៥ភាគរយ នៃចំនួនបំណុលទាំងអស់ ដែលប្រទេសចំនួន១៦ជំពាក់ស៊ុយអែត។

កាសែតកូរ៉េខាងត្បូង Korea Times ចេញផ្សាយនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ បានឲ្យដឹងថា របាយការណ៍នោះ បាននិយាយទៀតថា ក្នុងចំណោមប្រទេស ជាប់បំណុលទាំងនោះ មានតែប្រទេសកូរ៉េខាងជើងមួយប៉ុណ្ណោះ ដែលមិនដែលអនុវត្តសងបំណុល៕ ម៉ែវ សាធី


ចែករំលែក៖