ព័ត៌មានទាន់ហេតុការណ៍៖

កីឡាករ វ៉ែន ហុងជីវ៉ុង និង អ៊ុំ វណ្ណេត ឈ្នះ កៅអី៨នាក់សប្តាហហ៍ទី១វគ្គជម្រុះ១៦នាក់

ចែករំលែក៖

ភ្នំពេញ ៖ អ្នកប្រដាល់២នាក់បានឈ្នះកៅអីវគ្គ៨នាក់នៅសប្តាហ៍ទី១នៃការប្រកួតជម្រុះដំណាក់កាលទី២ វគ្គ១៦នាក់ គឺកីឡាករ វ៉ែន ហុងជីវ៉ុង មកពីក្លិបកងកេងមានប្ញទ្ធិខេត្តបាត់ដំបង ដែលបានវាយឈ្នះកីឡាករទេស ជីវ៉ា មកពី ក្លិបកងពលតូចលេខ៧០ ដោយពិន្ទុ ។ ចំណែកកីឡាករ អ៊ុំ វណ្ណេត មកពីក្លិប មរតកយុទ្ធគុនខ្មែរបានវាយកីឡាករ ភុន សោភ័ណ្ឌមកពីក្លិបនាគរាជមានជ័យឲ្យសន្លប់ក្នុងទឹកទី២ កាលពីយប់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧ នៅសង្វៀនប្រដាល់ប៉ុស្តតិ៍លេខ៥ ។

ជ័យជម្នះរបស់វ៉ែន ហុងជីវ៉ុង ក្នុងវគ្គជម្រុះដំណាក់កាលទី២វគ្គ១៦នាក់ខាងលើបន្ទាប់ពីវាយ ឈ្នះទេស ជីវ៉ា បានឡើងទៅវគ្គ៨នាក់ចុងក្រោយ ក្នុងកម្មវិធី ប្រកួត TV5 Knock Out Series K-Cement រដូវកាលថ្មីរបស់ប៉ុស្ដិ៍លេខ៥ ។

បញ្ហាដែលនាំឲ្យអ្នកទស្សនា ភ្ញាក់ផ្អើល នោះគឺទេស ជីវ៉ា ហាក់មានប្រៀបជាង ជីវ៉ុង ប៉ុន្តែការវាយរបស់គេ មិនសូវចំគោលដៅល្អ ដែលធ្វើឱ្យពិន្ទុ ជីវ៉ុងតាមយ៉ាងប្រផុតប្រផើយ ។ ក្រោយគណៈវិនិច្ឆ័យ បូកសរុបពិន្ទុ ទាំង៣ទឹកពេញមក កីឡាករ វ៉ែន ហុងជីវ៉ុង បានឈ្នះពិន្ទុលើ ទេស ជីវ៉ា ត្រូវបានឡើងទៅវគ្គ៨នាក់ចុងក្រោយតែម្ដង ។

លោក សេង កដិកា អ្នកគ្រប់គ្រងកម្មវិធី ប្រដាល់ប៉ុស្ដិ៍លេខ៥ បាននិយាយថា ពិតជាធ្វើឱ្យអ្នកគាំទ្រចម្លែកចិត្តបន្តិចហើយ ដ្បិតអី ទេស ជីវ៉ា ជាកីឡាករខ្លាំង មានអ្នកគាំទ្រភាគច្រើនគិតថាទេស ជីវ៉ាឈ្នះក្នុងការប្រកួតនេះ ។ ទីបំផុតនៅពេលប្រកួតមែនទែន បែរជាចាញ់ជីវ៉ុងទៅវិញ។

ដោយឡែក ការប្រកួត រវាង កីឡារ អ៊ុំ វណ្ណេត នឹង កីឡាករ ភុន សោភ័ណ្ឌ វិញបានធ្វើឲ្យទស្សនិកជនជក់យ៉ាងខ្លាំងដែរ ប៉ុន្តែការប្រកួត របស់ពួកគេ បានត្រឹមតែ២ទឹកប៉ុណ្ណោះ កីឡាករ អ៊ុំ វណ្ណេត បានវាយឲ្យកីឡាករ ភុន សោភ័ណ្ឌសន្លប់ក្នុងទឹកទី២ ៕ សារីម


ចែករំលែក៖