នៅវេលាម៉ោង១២និង១៥នាទី ថៃ្ងទី១០ ខែវិច្ឆិកា យន្តហោះ Air Force One បានដឹកប្រធានាធិបតីអាមេរិក ចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ ដាណាំង (Da Nang) ។ នៅទីនោះអភិបាលខេត្ត និងមន្ត្រីជាន់ខ្ពស់វៀតណាមជាច្រើនរូប ទៅទទួលស្វាគមន៍លោកត្រាំ និងរដ្ឋមន្ត្រីទទួលបន្ទុក ព័ត៌មានរបស់វៀតណាម។
នៅក្នុងប្រទេសវៀតណាមលោកត្រាំ នឹងចូលរួមកិច្ចប្រជុំជាមួយមេដឹកនាំ និងប្រធានក្រុមហ៊ុន APEC និងមានការថ្លែងសុន្ទរកថាដ៏សំខាន់នៅទីនោះ។ មន្ត្រីសេតវិមានបានឲ្យដឹងថា លោកត្រាំ នឹងលើកឡើងពីចក្ខុវិស័យ និងសន្យារបស់អាមេរិកនៅក្នុងតំបន់ ជម្រុញកិច្ចសហប្រតិបតិ្តការដោយតម្លាភាព និងយុត្តិធម៌ នៅលើទីផ្សារសេដ្ឋកិច្ចពាណិជ្ជកម្ម។
តាមគម្រោងលោកត្រាំនឹងជួបពិភាក្សាជាមួយ ប្រធានាធិបតីពូទីន ក្រៅកិច្ចប្រជុំ APEC ជាសកម្មភាពសំខាន់មួយសម្រាប់កំណត់ជោគវាសនានៅក្នុងទំនាក់ទំនងប្រទេសទាំងពីរ ។ លោកត្រាំ និងពូទីន នឹងពិភាក្សាស្តីអំពីស្ថានភាពនៅស៊ីរី កូរ៉េខាងជើង ជាដើម។
នៅមុនពេលមកកាន់ប្រទេសវៀតណាម លោកត្រាំ បានទស្សនកិច្ចប្រទេសចិន ដោយនៅទីនោះ លោកត្រាំ បាននិយាយទៅកាន់ប្រធានាធិបតីចិន លោកស៊ី ជីនពីង ក្នុងអំឡុងកិច្ចពិភាក្សានៅប៉េកាំងថា រដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងរក្សា និងប្រកាន់ខ្ជាប់នូវគោលនយោបាយ “ចិនតែមួយ”។
ជាមួយគ្នានេះ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ តាមសេចក្តីរាយការណ៍ បានអំពាវនាវឲ្យចិន ធ្វើកិច្ចការបន្ថែម ដើម្បីដោះស្រាយបញ្ហាកម្មវិធីនុយក្លេអ៊ែរកូរ៉េខាងជើង និងនិយាយថា ពាណិជ្ជកម្មទ្វេភាគី គឺមិនយុត្តិធម៌ចំពោះសហរដ្ឋអាមេរិកទេ ស្របពេលដែលប្រធានាធិបតីចិន លោក ស៊ី ជីនពីង បាននិយាយថា ប្រទេសរបស់ខ្លួន នឹងបើកឲ្យកាន់តែទូលាយ ចំពោះក្រុមហ៊ុនបរទេស។
យោងតាមការចុះផ្សាយរបស់កាសែតរ៉យទ័រ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧ បានឲ្យដឹងថា ស្តីពីបញ្ហាកូរ៉េខាងជើង លោក ត្រាំ បាននិយាយថា ប្រទេសចិន អាចដោះស្រាយបញ្ហានេះ បានយ៉ាងលឿន និងងាយ ដោយបានជម្រុញទីក្រុងប៉េកាំង ឲ្យកាត់ផ្តាច់ទំនាក់ទំនងផ្នែកហិរញ្ញវត្ថុ ជាមួយកូរ៉េខាងជើង និងក៏បានអំពាវនាវឲ្យរុស្ស៊ី ជួយផងដែរ។
មន្ត្រីសហរដ្ឋអាមេរិកមួយរូប បាននិយាយថា លោក ត្រាំ កំពុងតែសង្កត់សង្កិតចិន ឲ្យរឹតបន្តឹងបន្ថែម លើកូរ៉េខាងជើង និងការអភិវឌ្ឍនុយក្លេអ៊ែរបស់ប្រទេសនេះ ហើយយ៉ាងហោចណាស់ ក៏មានសង្ឃឹមថា នឹងមានភាពរីកចម្រើនតិចតួច បើទោះជាគ្មានសញ្ញាជាលទ្ធផលធំដុំ ក៏ដោយ។
នៅក្នុងដំណើរទស្សនកិច្ច របស់លោកត្រាំ ទៅកាន់ប្រទេសចិន គឺទទួលបានជោគជ័យ ទាំងស្រុង ដោយមេដឹកនាំទាំងពីរមិនមានចំណុចខ្វែងគំនិត្យគ្នាឡើយ។ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Rex Tillerson បាននិយាយថា មិនមានការខ្វែងគំនិតគ្នា រវាងប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ នឹងប្រធានាធិបតីចិន ស៊ី ជីនពីង ជុំវិញបញ្ហាកូរ៉េខាងជើងនោះទេ។
យោងតាមកាសែត រ៉យទ័រ បានឲ្យដឹងថា លោក Tillerson បានប្រាប់អ្នកសារព័ត៌មាន នៅទីក្រុងប៉េកាំងថា លោក ស៊ី បានបង្ហាញប្រាប់លោក ត្រាំ នូវចំណាត់ការដ៏ជាក់លាក់ថា ប្រទេសចិន នឹងអនុវត្តទណ្ឌកម្ម ប្រឆាំងប្រទេសកូរ៉េខាងជើង ដូចជាការដាក់បម្រាម លើគណនេយ្យធនាគារជាដើម ហើយមេដឹកនាំទាំងពីរ នឹងមិនទទួលព្រមឲ្យកូរ៉េខាងជើង មានអាវុធនុយក្លេអ៊ែនោះទេ។
គួរបញ្ជាក់ថា ប្រធានាធិបតី ត្រាំ បានធ្វើដំណើរដល់រដ្ឋធានីប្រទេសចិន កាលពីថ្ងៃពុធនេះ ជាផ្នែកមួយនៃដំណើរទស្សនកិច្ច តំបន់អាស៊ី ហើយលោក បានទទួលការស្វាគមន៍ដ៏ខ្ពង់ខ្ពស់ ពីប្រធានាធិបតីចិន លោក ស៊ី ជីនពីង រួមទាំំងបានទស្សនកិច្ច នៅទីក្រុង ដែលគេហាមឃាត់ដោយផ្ទាល់ទៀតផង ៕ ម៉ែវ សាធី