ព័ត៌មានទាន់ហេតុការណ៍៖

អគ្គលេខាធិការ កីឡាហែលទឹក៖ ភាពជាម្ចាស់ការខ្លួនឯងចំពោះការ ប្រកួតជើងឯកថ្នាក់ជាតិឆ្នាំដំបូងនេះមានភាពងាយស្រួល

ចែករំលែក៖

ភ្នំពេញ៖ ក្រោយពីក្រសួងអប់រំយុវជននិងកីឡា បានធ្វើកំណែទម្រង់លើប្រព័ន្ធ អប់រំកាយ និងកីឡា តាមរយៈការផ្ទេរអំណាចមួយចំនួនដល់ថ្នាក់ក្រោមជាតិ និងផ្តល់កញ្ចប់ថវិកាមួយចំនួនសម្រាប់ឲ្យសហព័ន្ធកីឡាជាតិមានលទ្ធភាពអាចរៀបចំបណ្តុះបណ្តាលធនធានមនុស្ស បែបបទរដ្ឋបាល និងការប្រកួតជើងឯកថ្នាក់ជាតិប្រចាំឆ្នាំដោយខ្លួនឯង មកការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំដំបូងរបស់សហព័ន្ធខែ្មរកីឡាហែលទឹកនេះគឺមានភាពងាយស្រួល។

ទន្ទឹមនឹងការផ្ទេរអំណាចដល់សហព័ន្ធកីឡាជាតិមានសិទ្ធិគ្រប់គ្រាន់ក្នុងការដំណើរការរៀបចំការប្រកួតជើងឯកថ្នាក់ជាតិនេះដែរ លោក ហែម គិរី អគ្គលេខាធិការ សហព័ន្ធខ្មែរហែលទឹកបានប្រាប់ឲ្យដឹងថា ឆ្នាំដំបូងនៃការផ្តល់សិទ្ធិពីជាតិ តាមរយៈអគ្គនាយកដ្ឋានអប់រំកាយនិងកីឡា ឲ្យសហព័ន្ធរៀបចំការ ប្រកួតជើងឯកថ្នាក់ជាតិដោយខ្លួនឯងនេះ ពិតជាមានភាពងាយស្រួលមែនទែន ដោយសហព័ន្ធសាមី គ្រាន់តែជូនដំណឹង ទៅស្ថាប័នពាក់ព័ន្ធ ដើម្បីឲ្យលោកជ្រាបពីកិច្ចដំណើរការប្រកួតរបស់សហព័ន្ធប៉ុណ្ណោះ។

លោកបានបន្តថា ចំពោះការរៀបចំការប្រកួតជើងឯកថ្នាក់ដោយខ្លួនឯងនេះ គឺសហព័ន្ធទទួលខុសត្រូវទាំងស្រុង ដូចជា ការរៀបចំកម្មវិធី ការរៀបចំវិញ្ញាសា ការរៀបចំគណៈកម្មការបច្ចេកទេស និងបែបបទរដ្ឋបាល ដោយគ្រាន់តែសុំកិច្ចអន្តរាគមន៍ផ្នែកហិរញ្ញវត្ថុបន្តិចបន្តួចប៉ុណ្ណោះ ។

លោកអគ្គលេខាធិការបានបញ្ជាក់ថា នៅឆ្នាំដំបូងនេះ សហព័ន្ធមិនទាន់មានដៃគូ ឧបត្ថម្ភពីក្រុមហ៊ុនឯកជនទេ ដោយសារតែសហព័ន្ធមានការប្រកួតច្រើន។ ដូច្នេះទើបសហព័ន្ធរៀបចំតែ៣ថ្ងៃ តាមពិតការប្រកួតជើងឯកថ្នាក់ជាតិយើងត្រូវធ្វើយ៉ាងតិច បំផុត៥ថ្ងៃដែរ ព្រោះការប្រកួតនេះ ដើម្បីចម្រាញ់រកកីឡាករកីឡាការិនីល្អៗសម្រាប់ចូលក្រុម ជម្រើសជាតិ ។

ទន្ទឹមនឹងការលើកឡើង របស់លោក ហែម គិរីនេះដែរ លោក ជា ប៊ុន ហេង ប្រធានអង្គភាពកីឡាក្រសួងមហាផ្ទៃ និងជាអនុប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក មានប្រសាសន៍ ថា សហព័ន្ធនឹងខិតខំជំរុញឲ្យការហ្វឹកហាត់របស់កីឡាករកីឡាការិនីហែលទឹកទាំងអស់ មានសមត្ថភាពខ្ពស់ឈានទៅដណ្តើមមេដាយក្នុងព្រឹត្តិការណ៍ផ្សេងៗបាន តាមរយៈការបញ្ជូនយុវជនថ្នាលនិងជម្រើសជាតិចេញទៅហ្វឹកហាត់ នៅក្រៅប្រទេស៕ សារីម

 


ចែករំលែក៖