ភ្នំពេញ៖ កីឡាករ ចាន់ សំអាត អ្នកប្រដាល់មកពីក្លិបអប់រំកាយកីឡាស្រុកអន្លង់វែង ត្រូវបានផ្គូផ្គងឲ្យជួបប្រកួតជាមួយអ្នកប្រដាល់ថៃឈ្មោះវីរៈ ប្រាវ៉ាត់ឡេក ក្នុងប្រភេទទម្ងន់ ៥៤ គីឡូក្រាម ខណៈដែលកីឡាករ ៤នាក់ផ្សេងទៀតដែលឈ្នះក្នុងវគ្គជម្រុះជុំទី១នៃ ពានរង្វាន់ជើងឯក TV5 Knock Out Series by K-cement ទម្ងន់៦៥គីឡូក្រាម នៅចុងសប្តាហ៍នេះ ត្រូវប្រកួតជម្រុះឈានទៅជុំទី៣បន្ត។
លោក សេង កដិកា អ្នកគ្រប់គ្រងកម្មវិធីប្រដាល់គុនខ្មែរប្រចាំសង្វៀនប៉ុស្តិ៍លេខ៥បានឲ្យដឹងថា អ្នកប្រដាល់ថៃឈ្មោះ Verak Prawathlekនេះ លោកមិនបានដឹងពីប្រវត្តិប្រកួតបានចំនួនប៉ុន្មាននោះទេ ដោយលោកគ្រាន់តែដឹងថាអ្នកប្រដាល់ថៃរូបនេះវាយល្អគួរសមដែរ។ ចំពោះ កីឡាករកម្ពុជា ចាន់ សំអាត ដែលជើងខ្លាំងរបស់ក្លិបប្រដាល់គុនខ្មែរស្រុកអន្លង់វែងវិញ ក៏ មិនធម្មតាប៉ុន្មានដែរ ព្រោះក្នុងចំណោមអ្នកប្រដាល់ថៃ៨នាក់សំអាត វាយឈ្នះ៤នាក់ ចាញ់៣នាក់ និងស្មើ១ម្នាក់ ។ ដូច្នេះបើចង់ដឹងច្បាស់នូវលទ្ធផលចុង ក្រោយ រវាង ចាន់ សំអាតនឹង Verak Prawathlek មានតែរង់ចាំទស្សនាទាំងអស់គ្នាទើបដឹងច្បាស់ថា តើនរណាជាអ្នកឈ្នះក្នុងជំនួបមិត្តភាពនេះ?
ដោយឡែកអ្នកប្រដាល់៤នាក់ដែលប្រកួតចុងក្រោយ ក្នុងវគ្គជម្រុះដំណាក់កាលទី ២ ដើម្បីស្វែងរកកៅអីសម្រាប់បន្តឈានទៅដំណាក់កាលទី៣ វគ្គ៨នាក់ចុងក្រោយ ដណ្ដើមជើងឯកTV5 Knock Out Series by K.cement ទម្ងន់៦៥គ.ក្រនោះ គឺ កីឡា វុត្ថា ប៊ុនឃាង មកពីក្លិបអង្គរធំគុនខ្មែរ, កីឡាករសៅ វណ្ណា មកពីក្លិបយុវវាលស្បូវខណ្ឌច្បារអំពៅ, កីឡាករ ពុយ វណ្ណៈមកពីក្លិបឃ្លាំងមឿងកីឡា និង កីឡាករ មាស សុជាតិ មកពីក្លិបក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ពួកគេទាំង៤នាក់នេះនឹងត្រូវជួបប្រកួតគ្នានៅលើសង្វៀន TV5 ព្រែកកំពឹសនាល្ងាចថ្ងៃសៅរ៍ទី២៥ខែវិច្ឆិកាឆ្នាំ២០១៧ខាងមុខនេះ ។
ការប្រកួតនេះ កីឡាករ វុត្ថា ប៊ុនឃាង អ្នកប្រដាល់ក្លិបអង្គរធំគុនខ្មែរ ត្រូវប្រកួតជាមួយ សៅ វណ្ណា មកពីក្លិបយុវវាលស្បូវខណ្ឌច្បារអំពៅ ។ រវាងអ្នកប្រដាល់ទាំងពីរនាក់នេះ បើតាមប្រវត្តិប្រកួតរបស់ពួកគេកន្លងមកនោះ វុត្ថា ប៊ុនឃាង ទំនងមិនអាចយកឈ្នះដោយងាយស្រួលលើ សៅ វណ្ណា បានឡើយ ព្រោះប៊ុនឃាង ធ្លាប់ជួបនិងវាយចាញ់សៅ វណ្ណា ដោយពិន្ទុចំនួន២ដងរួចមកហើយ។
ចំពោះការជួបប្រកួតគ្នារវាង ពុយ វណ្ណៈ អ្នកប្រដាល់ក្លិបឃ្លាំងមឿងកីឡានឹង មាស សុជាតិ អ្នកប្រដាល់ក្លិបក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យវិញទំនងជាពិបាករៀងៗខ្លួនហើយ ព្រោះកីឡាករទាំង២នាក់នេះមានលក្ខណសម្បត្តិល្អប្រហាក់ប្រហែលគ្នា ។ ពិសេសនោះ មាស សុជាតិ ធ្លាប់ចាញ់ក្រោមថ្វីដៃពុយ វណ្ណៈ ក្នុងទឹកទី១ម្តងរួចមកហើយ៕ សារីម