ព័ត៌មានទាន់ហេតុការណ៍៖

អគ្គលេខាធិកាអូឡាំពិក៖ ប្រដាល់គុនខ្មែរអន្ដរជាតិលើកទី១ បញ្ចប់ដោយរលូន

ចែករំលែក៖

ភ្នំពេញ៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានថ្លែងថា ការប្រកួតកីឡាប្រដាល់គុនខ្មែរអន្ដរជាតិលើកទី១បានបញ្ចប់ដោយរលូន ។ ជាមួយគ្នានេះ សហព័ន្ធគុនខ្មែរអន្ដរជាតិ ទទួលបានសមិទ្ធិផលធំៗ ចំនួន២បន្ថែមទៀតគឺជាកិត្តិយសប្រទេសជាតិនិងក្បាច់គុនបុរាណខ្មែរ បានបង្ហាញឲ្យពិភពលោកស្គាល់កាន់តែច្បាស់ លោកថ្លែងបែបនេះកាលពីយប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧ក្រោមបិទការប្រកួតគុនខ្មែរអន្តរជាតិនៅក្នុងវិមានពហុកីឡដ្ឋានជាតិ ភ្នំពេញ ។

លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា អ្នកចូលរួមទាំងអស់ មិនថាខ្មែរ ឬជានបរទេសទេ សុទ្ធតែបានលើសរសើរចំពោះការបង្កើតឲ្យមានព្រឹត្តិការណ៍ប្រកួតគុនខ្មែរអន្ដរជាតិនេះឡើង ។ ព្រឹត្តិការណ៍នេះបានធ្វើឲ្យកម្ពុជា មានមោទនៈភាពយ៉ាងខ្លាំង ព្រោះការប្រកួតបានបញ្ចប់ យ៉ាងរលូន ក្រោមកិច្ចសហការរវាង ក្រសួងអប់រំយុវជននិងកីឡា , គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និង សហព័ន្ធគុនខ្មែរអន្ដរជាតិ។ពិសេសមហាសន្និបាទប្រចាំឆ្នាំរបស់ខ្លួន រកបានប្រទេសជាអនុប្រធានចំនួន៥ចូលរួមជាមួយកកម្ពុជាដើម្បីផ្សព្វផ្សាយគុនខ្មែរទៅលើពិភពលោក គឺប្រទេសអ៊ុយក្រែន បារាំង អូស្ដ្រាលី ណេប៉ាល់ និងអ៊ីរ៉ង់ ។

លោកបានបន្តថា ឆ្នាំទី១គុនខែ្មរទទួលបានជោគជ័យ ដោយគេទុកចិត្តចំពោះគណៈកម្មការរៀបចំការប្រកួតគុនខ្មែរអន្ដរជាតិធ្វើឡើងដោយភាពសុក្រឹត្យយុត្តិធម៌ត្រឹមត្រូវឥតលៀង ។សហព័ន្ធរំពឹងថា ការរៀបចំលើកទី២គ្រោងធ្វើនៅមុខប្រាសាទអង្គរវត្តនឹងកាន់តែមានភាពទាក់ទាញបន្ថែម និងមានអ្នកចូលរួមកាន់តែច្រើន តាមការក្រោងទុក មានអ្នកប្រដាល់មិនតិចជាង២០ប្រទេសឡើយ។ ក្នុងនោះមានប្រទេស ចំនួន២ កំពុងពិនិត្យលទ្ធភាព ដើម្បីអូសទាញព្រឹត្តិការណ៍នេះ ទៅរៀបចំលើទឹកដីខ្លួន គឺបារាំង និងអ៊ីរ៉ង់។

គួររំលឹកថា គុនខ្មែរអន្ដរជាតិ លើកទី១ មានកីឡាករ-កីឡាការិនីចូលរួមសរុប ៤៦នាក់មកពី១១ប្រទេសលើពិភពលោក ។ ប៉ុន្ដែគោលដៅបន្ទាប់ សហព័ន្ធគុនខ្មែរអន្តរជាតិ បាននឹងកំពុងពង្រឹងខ្លួនបន្ថែមទៀត ដើម្បីអូសទាញប្រទេសចូលរួម និងស្វែងរកប្រទេសជាដៃគូ ក្នុងការរៀបចំសង្វៀនគុនខ្មែរអន្ដរជាតិ នៅក្រៅប្រទេស ដើម្បីជំរុញការផ្សព្វផ្សាយ និងអភិវឌ្ឍន៍ ប្រកដដោយគុណភាព សមត្ថភាព និងបទពិសោធន៍ធ្វើយ៉ាងណាឲ្យកីឡានេះមានលក្ខណៈសមស្របតាមធម្មនុញ្ញអាស៊ាន ក្នុងការដាក់បញ្ចូលគុនខ្មែរចូលទៅក្នុង កីឡាស៊ីហ្គេមឆ្នាំ២០២៣ខាងមុខ ៕ សារីម


ចែករំលែក៖