ព័ត៌មានទាន់ហេតុការណ៍៖

វិភាគអន្តរជាតិ៖ ឥណ្ឌានិងចិនកំពុងតែដាក់គោលដៅក្លាយជាមហាអំណាចសេដ្ឋកិច្ចលើពិភពលោក

ចែករំលែក៖

ចិននិងឥណ្ឌាជាប្រទេសដែលមានពលរដ្ឋច្រើនជាងគេលំដាប់ទី១និងទីពីរលើពិភពលោក ដោយប្រទេសទាំងពីរបូកបញ្ចូលគ្នាមានពលរដ្ឋ ជិត៣ពាន់លាននាក់ ក្នុង ចំណោមពលរដ្ឋជាង៧ពាន់លាននាក់លើពិភពលោក។ប្រទេសទាំងពីរក៏មានសេដ្ឋកិច្ចរីកចម្រើនខ្ពស់នៅក្នុងពេលដែល ប្រទេស សេដ្ឋកិច្ចខ្ពស់ផ្សេងទៀតលើពិភពលោកកំពុងធ្លាក់ចុះ ។

ដោយសារតែមានពលរដ្ឋច្រើនអាចជួយដល់សេដ្ឋកិច្ចទីផ្សារក្នុងស្រុករីកចម្រើន ខ្ពស់ ជួយដល់កំណើនសេដ្ឋកិច្ច ពាណិជ្ជ កម្មប្រទេសទាំងពីរដើរឆ្ពោះទៅមុខជានិច្ច។ នៅពេលនេះឥណ្ឌាបានកំណត់គោលដៅក្លាយជាប្រទេសមហាអំណាចសេដ្ឋកិច្ច លំដាប់ទី៥របស់ពិភពលោកនៅឆ្នាំ២០១៨។ ចំណែកចិនក៏បានកំណត់គោលដៅក្លាយជាប្រទេសមហាអំណាចពាណិជ្ជកម្មលើ ពិភពលោក នៅឆ្នាំ២០៣៥ផងដែរ។

ឥណ្ឌានឹងក្លាយជាមហាអំណាចសេដ្ឋកិច្ច លំដាប់ទី៥ នៅលើពិភពលោក នៅឆ្នាំ ២០១៨ខាងមុខ គឺវ៉ាឈ្នះបារាំងនិង អង់គ្លេស ទាំងពីរប្រទេស ក្នុងពេលតែមួយ តែម្តង។ នេះបើតាមរបាយការណ៍អង់គ្លេសនៃមជ្ឈមណ្ឌល Economics and Business Research (CEBR) ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍មុននេះ។ គ្រប់គ្នារង់ចាំ ដំណឹងនេះយូរមកហើយ ព្រោះឥណ្ឌាមានកំណើនសេដ្ឋកិច្ចខ្លាំងនិងថេរតាំងពីជាង មួយទសវត្សរ៍ ប៉ុន្តែឥណ្ឌានៅប្រឈមខ្លាំងនឹងបញ្ហាគម្លាតសង្គម។

ជាប់ចំណាត់លេខ៧នៅថ្ងៃនេះ តែនៅ ឆ្នាំ ២០១៨ ឥណ្ឌានឹងដណ្តើមយកនាមជាមហាអំណាចសេដ្ឋកិច្ចពិភពលោក លំដាប់ ទី៥ និងលេខ៣ នៅឆ្នាំ២០៣២។ មានន័យ ថា ឥណ្ឌាកំពុងបោះជំហានវ៉ាឈ្នះបារាំង និងពិសេសអង់គ្លេស ក្នុងពេលតែមួយឆ្នាំ។ អ្នកដឹកនាំប្រទេសពិតជាមានមោទនភាពខ្លាំងណាស់ដែលឥណ្ឌាអាចដណ្តើម ចំណាត់ថ្នាក់ ជានិមិត្តរូបបានពីមហាអំណាចជាអតីតប្រទេសអាណានិគមលើខ្លួន។

ចំណាត់ថ្នាក់ជាមហាអំណាចសេដ្ឋកិច្ចពិភពលោកនេះ ជាលទ្ធផលនៃការប្រៀបធៀបប្រាក់ចំណូលសរុបរបស់ប្រទេស គិតជាដុល្លារ ហេតុដូច្នេះហើយបានជាអង់គ្លេសត្រូវចាញ់ឥណ្ឌា ព្រោះអត្រារូបិយ ប័ណ្ណ Sterling អង់គ្លេស បានធ្លាក់ថ្លៃខ្លាំងបើប្រៀបទៅប្រាក់ដុល្លារ ដោយហេតុវិបត្តិ Brexit។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏ឥណ្ឌា ដែលមានប្រជាជនសរុបជាង ១.៣០០លាននាក់ គួរតែទទួលបានចំណាត់ថ្នាក់ខ្ពស់ឱ្យសមមាឌ និងសមកំណើន សេដ្ឋកិច្ចជាមធ្យម ៧% តាំងពី២០ឆ្នាំមក ដែរ។

ឥណ្ឌាមានសេដ្ឋកិច្ចបើកសេរី ! វិស័យ រ៉ែ ឧស្សាហកម្មផលិតយានយន្ត ឬសេវាកម្ម ព័ត៌មានវិទ្យា លូតលាស់ខ្លាំង គឺជាក្បាលម៉ាស៊ីនអូសទាញសេដ្ឋកិច្ចជាតិ និងបាន បំផ្ទុះឱ្យមានតម្រូវការចាយវាយយ៉ាងខ្លាំង។

ប៉ុន្តែឥណ្ឌានៅមានចំណុចស្រមោលខ្មៅប្រឈមខ្លាំងមួយ នោះគឺពលរដ្ឋឥណ្ឌាម្នាក់ក្នុងចំណោម១០នាក់រស់ក្នុងក្រោម បន្ទាត់នៃភាពក្រីក្រ។ ១០%នៃប្រជាជនសរុបក្តោបក្តាប់ទ្រព្យធន និងភាពមានបាន របស់ប្រទេស។ វិសមភាពសង្គម មានគម្លាត ខ្លាំងណាស់ ! ខ្លាំងជាងនៅចិនទៅទៀត។ ឥណ្ឌាមិនទាន់អាចចែកចាយចំណូល ប្រទេសបានត្រឹមត្រូវទេគឺមានពលរដ្ឋ ពេញវ័យប្រមាណមិនដល់៧%ផង បង់ពន្ធ លើប្រាក់ចំណូល ! នេះជាអត្រាដ៏ទាបជាងគេបំផុតមួយនៅលើពិភពលោក។ ចំណាយសាធារណៈលើផ្នែកសុខភាព និងការសិក្សា មិនគ្រប់គ្រាន់ ជាហេតុធ្វើឱ្យ គ្រួសារក្រីក្រ កាន់តែក្រនៅពេលមានជំងឺ។ ប្រព័ន្ធសាលារៀនរដ្ឋអន់ខ្លាំងរុញអ្នកក្រ មិនបានឆ្ងាយ ឱ្យងាយឆាប់ងើបរួចពីទុរគតភាពបានទេ។

ចំពោះប្រទេសចិនវិញក៏បានបង្ហាញសុទិដ្ឋិនិយម នៅក្នុងវិស័យ សេដ្ឋកិច្ចពាណិជ្ជ កម្មរបស់ខ្លួនដែរដោយបានកំណត់គោលដៅ ឲ្យក្លាយជាប្រទេស មហាអំណាច ពាណិជ្ជកម្មសកលនៅក្នុងឆ្នាំ២០៣៥។ ការកំណត់គោលដៅ ខាងលើក្នុងពេល ដែលវិស័យពាណិជ្ជកម្ម របស់ចិនកំពុងតែរីកចម្រើនយ៉ាងខ្លាំង ដោយចិនបានបង្កើន ទំនាក់ទំនងពាណិជ្ជកម្មនៅជុំវិញពិភពលោក។

រដ្ឋមន្ត្រីពាណិជ្ជកម្មចិន បាននិយាយថា ប្រទេសចិនបានកំណត់គោលដៅ នៃ ការកសាងខ្លួនឯង ឲ្យទៅជាមហាអំណាច ពិភពលោក ក្នុងការធ្វើពាណិជ្ជកម្មអន្ដរ ជាតិ នៅត្រឹមឆ្នាំ២០៣៥ តាមរយៈកំណែ ទម្រង់និងកែលម្អ រចនាសម្ព័ន្ធពាណិជ្ជកម្ម រួមបញ្ចូលទាំងការធ្វើឲ្យប្រសើរឡើង នូវ គុណភាពនៃទំនិញ និងសេវាកម្មដែល ត្រូវ ប្រើប្រាស់នៅទីផ្សារក្នុងស្រុក និងការ បង្កើន គុណភាព នៃការវិនិយោគនេះបើ យោង តាមការចេញផ្សាយ ពីគេហទំព័រ ឆាយ ណាដេលី នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ ។

យោងតាមរដ្ឋមន្ត្រី លោក Zhong Shan បានឲ្យដឹងថា ការវិនិយោគនៅក្រៅ ប្រទេស តាមលំដាប់លំដោយក្នុងឆ្នាំ ២០១៨ ដើម្បី ឈានដល់គោលដៅរយៈពេលវែង ក្រសួង ពាណិជ្ជកម្មដំបូង ត្រូវ បង្កើនតួនាទីរបស់ ប្រទេសចិន ជាដៃ គូពាណិជ្ជកម្មដ៏សំខាន់ មួយ នៅមុនឆ្នាំ ២០២០ និងដាក់ពង្រាយ ធនធាន បន្ថែមទៀតរក្សាកំណើនសេដ្ឋកិច្ច អចិន្ត្រៃយ៍ ធ្វើឲ្យការប្រើប្រាស់ វិនិយោគ ទុនបរទេស មានប្រសិទ្ធភាព និងធានា ដល់ក្រុមហ៊ុន ចិន ។

លោកបន្តថា “នៅឆ្នាំក្រោយប្រទេសចិននឹងបន្តធ្វើឲ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូជាមួយបណ្តា ប្រទេសសេដ្ឋកិច្ចទាក់ទងទៅនឹងគម្រោង Belt និង Road និងរៀបចំការតាំងពិព័រណ៍ នាំចូល អន្ដរជាតិដើម្បី ជំរុញពាណិជ្ជកម្ម និងជំរុញ ការវិនិយោគ”។

លោកបានមានប្រសាសន៍ថា អាទិភាព ផ្សេងទៀតរបស់ក្រសួង ក្នុងរយៈពេល ៥ឆ្នាំខាងមុខ រួមមានការប្រើប្រាស់ម៉ាស៊ីន កំណើនពាណិជ្ជកម្មក្នុងតំបន់ ការជំរុញ សន្ទុះពាណិជ្ជកម្មថ្មី នៅក្នុងផលិតផល និង សេវាកម្មកម្រិតខ្ពស់ ការបង្កើតពិធីសារ ពាណិជ្ជកម្មទ្វេភាគី និងពហុភាគីថ្មី។

ការសម្រេចគោលដៅមធ្យម នៃការ ធ្វើជាអ្នកដើរតួពាណិជ្ជកម្ម ដ៏សំខាន់មួយ នៅត្រឹមឆ្នាំ ២០២០ នឹងបង្ហាញថា ប្រទេស ចិនមានភាពរឹងមាំ គ្រប់គ្រាន់នៅ ក្នុងផ្នែក ជាច្រើន នៃការជួញដូរសកលលោក ប៉ុន្តែនៅតែមានមធ្យោបាយខ្លះដើម្បីឲ្យប្រទេសចិនក្លាយជា ប្រទេស ដែលមានអំណាច ជួញដូរ សកល ដ៏ពិតប្រាកដ ។

លោក Ma Yu អ្នកស្រាវជ្រាវជាន់ខ្ពស់ នៃបណ្ឌិត្យសភាអន្តរជាតិ នៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ចបាន និយាយថា បញ្ហា និងបញ្ហាប្រឈម ដែល ខ្លួនអាចប្រឈមមុខ រួមមានបញ្ហាពលកម្ម បញ្ហាបរិស្ថាន បញ្ហាកង្វះខាតបច្ចេក វិទ្យា ស្នូល និងការការពារពាណិជ្ជកម្ម៕ ម៉ែវ សាធី


ចែករំលែក៖