ក្រុមអ្នកបង្កើតច្បាប់ រដ្ឋ ញ៉ូវកាលីហ្វ័រនីញ៉ា បានរៀបចំ សេចក្តីប្រកាសឯករាជ្យ ជារដ្ឋ មួយថ្មីផ្តាច់ខ្លួនចេញពីរដ្ឋ កាលីហ្វ័រនីញ៉ា ទៅជារដ្ឋទី៥១របស់អាមេរិក។
បណ្តាញព័ត៌មានsacramentoកាលពីថ្ងៃទី១៦ ខែមករា បានប្រកាសថារដ្ឋ កាលីហ្វ័រនីញ៉ាថ្មី មិនមានបំណងចាកចេញពីអាមេរិកឡើយ គ្រាន់តែចាកចេញពីរដ្ឋ កាលីហ្វ័រនីញ៉ាទៅជារដ្ឋឯករាជ្យមួយ ថ្មីប៉ុណ្ណោះ។
អ្នកបង្កើតច្បាប់រដ្ឋ ញ៉ូវកាលីហ្វ័រនីញ៉ា លោក Robert Paul Preston បានបញ្ជាក់ថា «មិនអាចគ្រប់គ្រងទីនេះយូរអង្វែងបានទៀតឡើយ នៅពេលដែលមានពន្ធដារខ្ពស់ តម្លៃសិក្សាកប់ពពក ហើយ យើងឈរនៅលំដាប់ទី៤៨ ឬ៥០ ស្តីពីមុខជំនួញ និងសម្លេងនៅក្នុងសង្គមអាមេរិក»។
រដ្ឋបាលថ្មីរដ្ឋញ៉ូវកាលីហ្វ័រនីញ៉ា នឹងដាក់បញ្ចូលតំបន់ជនបទ ឆ្ងាយៗរបស់រដ្ឋ កាលីហ្វ័រនីញ៉ា ដោយទុកស្រុកនៅតាមទីប្រជុំជន ទីក្រុង និងឆ្នេរសមុទ្រ ឲ្យទៅរដ្ឋកាលីហ្វ័រនីញ៉ាបច្ចុប្បន្ន។
លោក Preston បញ្ជាក់ទៀតថា «មានអ្វីមួយខុសឆ្គងពេលដែលទុកឲ្យស្រុកនៅជនបទស្ថិតនៅក្នុងស្ថានភាព មិនប្រសើរតម្លៃពន្ធដារខ្ពស់ ក៏ដូចជាតម្លៃសិក្សាខ្ពស់»។
ប៉ុន្តែមិនដូចជាក្រុមទាមទារឯករាជ្យផ្សេងទៀតឡើយកាលពីអតីតកាលដែលចង់ឯករាជ្យចេញពីអាមេរិក។ នៅពេលនេះ រដ្ឋញ៉ូវកាលីហ្វ័រនីញ៉ា និងអនុវត្តទៅតាមច្បាប់ធម្មនុញ្ញ ក្នុង ជំពូកទី៤ មាត្រាទី៣ ហើយនឹងសហការជាមួយ ស្ថានប័ន បង្កើតច្បាប់ដើម្បីអនុវតន៍គោលដៅខាងលើដូចការបង្កើតរដ្ឋ Virginia ខាងលិចជាដើម។ បើទោះបីជួបឧបស័គ្គក្តី តែ ក្រុមអ្នករៀបចំ ទាមទារឯករាជ្យសម្រាប់ញ៉ូវកាលីហ្វ័រនីញ៉ា នៅតែប្តេជ្ញាបង្កើតរដ្ឋឯករាជ្យឲ្យទាល់តែបាន៕ ម៉ែវ សាធី