ខេត្តបាត់ដំបង ៖ កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានអនុវត្តតាមបញ្ជាលោកព្រះរាជអាជ្ញា នួន សាន បង្គាប់ឲ្យនាំឈ្មោះ យឿន ភាព ភេទស្រី អាយុ ៤៥ឆ្នាំ រស់នៅភូមិស្ថពរ២ ឃុំអំពិលប្រាំដើម ស្រុកបវេល ដែលជាប់ពាក់ព័ន្ធ ពីបទជួញដូរមនុស្សដោយមានគោលដៅយកទៅប្រទេសម៉ាឡេស៊ី ប្រព្រឹត្តនៅភូមិ.ឃុំខាងលើ កាលពីឆ្នាំ២០១៦ ។
ស្រី្តរូបនេះត្រូវបានឃាត់ខ្លួននៅផ្ទះរបស់ខ្លួន កាលពីរសៀលថ្ងៃអង្គារ ១៥រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ ២០១៨ រស់នៅភូមិស្ថពរ២ ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្ត បាត់ដំបង ។
ក្រោយពីឃាត់ខ្លួនស្រី្តរូបនេះ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធី ៕ សហការី