ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ចង់«ចាប់ផ្តើមជាថ្មី» ក្រោយមួយឆ្នាំកាន់អំណាចបង្កចលាចលនយោបាយ

ចែករំលែក៖

ដោយសារតែចំនួន អ្នកគាំទ្រ ធ្លាក់ចុះ យ៉ាងខ្លាំង ព្រមទាំងរងការស្រាវជ្រាវ ជុំ វិញករណីរុស្ស៊ីជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងអាមេរិកពេលបោះឆ្នោត និងគោល នយោបាយការបរទេស អាតា្មនិយម របស់ លោកត្រាំ ធ្វើឲ្យអាមេរិក បាត់បង់ការគាំទ្រ ពីប្រទេសជុំវិញពិភពលោក។ ចំណុចទាំងនោះហើយបានធ្វើឲ្យលោកត្រាំ ស្វែងរក ឱកាស ដើម្បី«ចាប់ផ្តើមសាជាថ្មី» តាមរយៈ សារទៅកាន់ពលរដ្ឋអាមេរិក។

នៅក្នុងសារទៅកាន់សហរដ្ឋអាមេរិក របស់លោកត្រាំ ត្រូវធ្វើឡើងនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧នេះ ដោយក្នុងនោះមាន «ការកសាងអាមេរិកសុវត្ថិភាព ខ្លាំងក្លា »។ តាមគម្រោងលោកត្រាំនឹង លើកសរសើរ នូវស្នាដៃ ដែលទទួលបាន ក្នុងមួយឆ្នាំដំបូងនៃការកាន់អំណាច នឹងកំណត់គោលដៅនៅឆ្នាំបន្តបន្ទាប់។

សុន្ទរកថាគឺជាសារដ៏សំខាន់សម្រាប់ប្រធានាធិបតីអាមេរិក គ្រប់រូប ជាឱកាស និយាយផ្ទាល់ទៅកាន់ពលរដ្ឋរាប់រយលាននាក់។ ដូច្នេះរាល់ពាក្យពេចន៍ គឺមានការ គិតគូរយ៉ាងល្អិតល្អន់ និងភ្ញៀវអញ្ជើញចូលរួមគឺត្រូវបានជ្រើសរើសយ៉ាងយកចិត្តទុកដាក់។

ចំពោះលោកត្រាំ នៅថ្ងៃទី៣០ខែមករា គឺជាឱកាសដើម្បី ឆ្លងផុតឧបសគ្គរយៈ ពេល១២ខែ កាន់អំណាចជួបព្យុះភ្លៀង ក្នុងនោះ មានការខិតខំដើម្បីដំណើរការ រដ្ឋាភិបាល ពេលអស់ថវិកា។

រយៈពេលកន្លងមកលោកត្រាំបានធ្វើ ឲ្យបាក់មុខមាត់អាមេរិកយ៉ាងខ្លាំងនៅលើឆាកអន្តរជាតិ។ចាប់តាំងតែពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឡើង កាន់អំណាចបន្តពី លោក បារ៉ាក់ អូបាម៉ា កម្រិតយល់ស្របពីអន្តរជាតិ ចំពោះភាពជាអ្នកដឹកនាំរបស់សហរដ្ឋអាមេរិក បាន ធ្លាក់ចុះជាបន្តបន្ទាប់ រហូតដល់កម្រិតដ៏ ទាប គឺត្រឹមតែ ៣០ភាគរយប៉ុណ្ណោះ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺថា តំបន់មួយចំនួនបែរជាគាំទ្រភាពដឹកនាំ របស់ចិន ជាជាងសហរដ្ឋអាមេរិកទៅវិញ បើតាមការស្ទង់មតិខាងលើ ដែលបាន ចេញផ្សាយកាលពីពេលថ្មីៗនេះ តួយ៉ាងប្រជាជននៃតំបន់អាមេរិកឡាទីន ប្រមាណ ២៨ភាគរយ ត្រូវបានគេរកឃើញថា មាន ការគាំទ្រខ្លាំង ចំពោះភាពដឹកនាំរបស់ ប្រទេសចិន ខណៈមានតែ ២៤ភាគរយ ប៉ុណ្ណោះ ដែលពួកគេយល់ស្រប ចំពោះ ភាពជាអ្នកដឹកនាំរបស់អាមេរិក។

បើតាមការស្ទង់មតិដដែល នៅក្នុង តំបន់អាស៊ី មនុស្សរាល់គ្នាភាគច្រើនមើលឃើញរដ្ឋាភិបាលចិន មានលក្ខណៈល្អជាងរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិក។ នៅ ក្នុងការស្ទង់មតិទ្រង់ទ្រាយធំនេះ មានតែ តំបន់អាហ្រ្វិកប៉ុណ្ណោះ ដែលគេសង្កេត ឃើញថា នៅតែមានភាពស្មោះត្រង់ ចំពោះ សហរដ្ឋអាមេរិក។

ជុំវិញរឿងនេះក្រុមអ្នកជំនាញ បាន ឆ្លៀតឱកាសចែករំលែកទស្សនៈរបស់ពួកគេថា តើការសម្រេចចិត្តលើគោលនយោបាយបរទេសណាខ្លះរបស់ លោក ដូណាល់ ត្រាំ ដែលបានបង្កឲ្យមានការធ្លាក់ចុះ នៃ កម្រិតប្រជាប្រិយភាពរបស់សហរដ្ឋអាមេ រិកបែបនេះ ជាពិសេសនៅតាមបណ្តា ប្រទេស មួយចំនួន នៅអឺរ៉ុបខាងលិច?

មូលហេតុមួយក្នុងចំណោមនោះគឺថា ក្នុងនាមជាប្រធានាធិបតី នៃប្រទេសមហា អំណាចមួយរបស់ពិភពលោក លោក ត្រាំ ប្រើប្រាស់យុទ្ធសាស្រ្តនយោបាយ ដែល ត្រូវគេចាត់ទុកថា ជាវិធីសាស្រ្តរើសអើង ពូជសាសន៍ និងជាតិនិយម។ កត្តាផ្សេង ទៀត រួមមានភាពបរាជ័យរបស់លោក ត្រាំ ក្នុងការបង្ហាញពីការប្រកាន់ខ្ជាប់របស់លោក ចំពោះទំនួលខុសត្រូវទៅលើកិច្ចព្រមព្រៀងអន្តរជាតិ, គោលការណ៍តម្កល់ផលប្រយោជន៍ជាតិអាមេរិកជាធំ ដោយមិនខ្វល់ពីសារសំខាន់អន្តរជាតិ, ការសម្រេចចិត្តជាឯក តោភាគី ទៅលើទីក្រុងហ្សេ៊រុយសាឡឹមដ៏ ចម្រូងចម្រាស, ការចង់បំផ្លាញកិច្ចព្រម ព្រៀងជាប្រវត្តិសាស្រ្ត ស្តីពីកម្មវិធីនុយក្លេ អ៊ែរ ដែលសម្រេចដោយអុីរ៉ង់និងមហា អំណាចពិភពលោកមួយចំនួនទៀតជា ដើម។

គួរជម្រាបថា មិនតែនៅក្រៅប្រទេស ប៉ុណ្ណោះ ទេ កម្រិតប្រជាប្រិយភាពរបស់ ប្រធានាធិបតីអាមេរិករូបនេះ ក៏មានការធ្លាក់ចុះផងដែរនៅក្នុងសហរដ្ឋអាមេរិកផ្ទាល់ ដោយភាគច្រើនពលរដ្ឋអាមេរិក បានបង្ហាញ ការមិនយល់ស្របនោះឡើយ ចំពោះ របៀបដឹកនាំរបស់លោក ដូណាល់ ត្រាំ ​​ ក្នុងរយៈពេលប្រមាណជាមួយឆ្នាំកន្លងទៅនេះ៕ ម៉ែវ សាធី

 


ចែករំលែក៖