ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋប្រហារនៅយេមែនគណៈរដ្ឋមន្ត្រីត្រូវឃុំខ្លួននៅក្នុងវិមានប្រធានាធិបតី

ចែករំលែក៖

កាលពីថ្ងៃទី៣០ ខែមករា ប្រព័ន្ថផ្សព្វផ្សាយ នៅក្នុងតំបន់បានផ្សាយថា ក្រុមបះបោរនៅតំបន់ភាគខាងត្បូងប្រទេសយេមែន បានឃុំខ្លួនគណៈរដ្ឋមន្ត្រីរបស់ប្រធានាធិបតី Abedrabbo Mansour Hadi នៅក្នុងវិមានប្រធានាធិបតីក្រោយពេល ដែលកម្លាំងក្រុមប្រឆាំងបានឡោមព័ទ្ធ នឹងដណ្តើមគ្រប់គ្រងទីក្រុងកំពុងផែ Aden។

មន្ត្រីមួយរូបនៅក្នុងជួរកងទ័ពដែលមិនបញ្ចេញឈ្មោះបានឲ្យដឹងថា កម្លាំងទាហានក្រុមបះបោរបានឡោមព័ទ្ធវិមានប្រធានាធិបតី ហើយគ្រប់គ្រងច្រកចេញចូលនៅក្នុងវិមានប្រធានាធិបតី។ នាយករដមន្ត្រី Ahmed Bin Dagher បានចោទប្រកាន់ក្រុមផ្តាច់ខ្លួននៅភាគខាងត្បូង ប៉ុនប៉ងធ្វើរដ្ឋប្រហារ ក្រោយកម្លាំងទាហានរបស់ខ្លួនដណ្តើមគ្រប់គ្រងទីតាំងរបស់រដ្ឋជាច្រើន។

ភាពតានតឹងនៅក្នុងប្រទេសយេមែនកើនឡើងខ្ពស់ កាលពីថ្ងៃទី២៨ ខែមករា គឺជាពេលវេលាចុងក្រោយដែលក្រុមប្រឆាំងដាក់ឱសានុវាទដល់រដ្ឋាភិបាលរបស់ប្រធានាធិបតី Hadi ឲ្យលាលែងពីតំណែង។

នៅពេលនោះមានការប៉ះទង្គិចគ្នាកើតឡើង រវាងកម្លាំងទាហានរដ្ឋាភិបាល នឹងក្រុមប្រឆាំង ដោយភាគីទាំង២បានប្រើប្រាស់រថក្រោះ រថពាសដែក កំភ្លើងធំ វាយប្រហារគ្នា ក្រោយមកកម្លាំងទាហានប្រឆាំងក៏បានដណ្តើមគ្រប់គ្រោងវិមានប្រធានាធិបតីតែម្តង។

មកទល់ពេលនេះមិនទាន់មានរបាយការណ៍ណាមួយស្តីពីការស្លាប់ ឬរបួសនៅក្នុងការប៉ះទង្គិចគ្នានៅឡើយ។ ប៉ុន្តែអង្គការកាកបាទក្រហមអន្តរជាតិបានបញ្ជាក់ថា មានអ្នកស្លាប់៣៦នាក់ និង១៨៥នាក់រងរបួស ក្នុងការប៉ះទង្គិចគ្នា។

វិបត្តិនៅក្នុងប្រទេសយេមែនកំពុងឈានទៅរកដំណាក់កាលថ្មីក្រោយពេលកម្លាំងទាហានក្រុមប្រឆាំងដែលគាំទ្រដោយអារ៉ាប់ ដឹកនាំដោយសាវឌីអារ៉ាប៊ី។ សារព័ត៌មាន Washington post បានផ្សាយថា សកម្មភាពខាងលើ ធ្វើឲ្យប្រទេសក្រីក្របំផុតលើពិភពលោកមួយនេះធ្លាក់នៅក្នុងតំណាក់កាលអាក្រក់បំផុត។ វិបត្តិនៅក្នុងប្រទេសនេះ កើតចេញពីក្រុមពីផ្សេងគ្នា គឺក្រុមហ៊ូធីគាំទ្រដោយអុីរ៉ង់ និងក្រុមរបស់អតីតប្រធានាធិបតីលោក Hadi គាំទ្រដោយអារ៉ាប់។

សង្គ្រាមនៅក្នុងប្រទេសយេមែនអូសបន្លាយរយៈពេលជាង៣ឆ្នាំកន្លងមក នៅពេលដែលកម្លាំងហូធីស្ថិតនៅក្រោមការគាំទ្ររបស់អុីរ៉ង់បានផ្តួលរំលំរដ្ឋាភិបាល របស់លោក hadi ធ្វើឲ្យលោកត្រូវរស់នៅរសាត់អណ្តែតនៅប្រទេសអារ៉ាប់។ សម្ព័ន្ធមិត្តអារ៉ាប់ដឹកនាំដោយសាវឌីអារ៉ាប៊ី បានបើកការវាយប្រហារទៅលើក្រុមហូធី និងបិទច្រកព្រំដែនក្នុងគោលដៅបង្កើតរដ្ឋាភិបាលថ្មីឡើងវិញឲ្យប្រធានាធិបតី Hadi៕ ម៉ែវ សាធី


ចែករំលែក៖