ភ្នំពេញ៖ តារាចម្រៀង និងកំប្លែង នាយ ចឺម និងនាយក្តី បានថ្លែងអួតសសើរពីចំណុចល្អៗរបស់ភាគីម្ខាងៗទៀតទៅវិញទៅមក ឥតដាច់រហូតដល់ពួកគេស្រឡាញ់គ្នាកាន់តែខ្លាំងដូចបងប្អូនរួមផ្ទៃតែមួយ។ ការថ្លែងនេះ ធ្វើឡើងក្រោយពីពួកគេបានរៀបចំពិធីខួបគម្រប់មួយឆ្នាំ នៃការស្បថរួមគ្នាថា នឹងស្រឡាញ់គ្នាយកគ្នាជាបងប្អូន។
កម្មវិធីនេះ ធ្វើឡើងកាលពីរាត្រីថ្ងៃទី៣០ ខែមករានេះ នៅភូមិគ្រឹះឪពុកមា្តយនាយក្តី នាបុរីវិមានភ្នំពេញក្រោមវត្តមានភ្ញៀវជិតដិតជាង១០០នាក់ ។ ឈុន សុវណ្ណភក្តី ហៅនាយក្តី បានបញ្ជាក់ថាថ្ងៃនេះគឺជាថ្ងៃខួបកំណើតលោកគម្រប់២៤ឆ្នាំ និងជាខួបគម្រប់មួយឆ្នាំនៃការស្បថរួមគ្នាយកគ្នាជាបងប្អូន។
លោកថារយៈពេលមួយឆ្នាំនេះលោកសម្គាល់ឃើញពីអត្តចរិក បុគ្គលិកលក្ខណៈប្អូនប្រុស(នាយចឺម) គឺល្អច្រើនចំណុចជាងអ្វីដែលលោកធ្លាប់បានឃើញពីមុនមក លោកថា នាយចឺមជាមនុស្សស្មោះត្រង់ ជំរុញលើកទឹកចិត្ត ផ្តល់ការប្រឹក្សា ពិសេសគឺធ្វើឲ្យលោកសប្បាយចិត្តនិងភ្ញាក់ផ្អើលជានិច្ច។
លោកថា វាគឺជាអ្វីដែលលោកពិបាកនឹងបំភ្លេចបាន។ ទោះជាយ៉ាងណាលោកបានថ្លែងបដិសេធចំពោះដំណឹងកន្លងមកថាលោកនិងនាយចឺមមានទំនាក់ទំនងស្នេហាជាមួយគ្នា។ លោកថាលោក និងនាយចឺម ស្រឡាញ់ស្រីមិនមែនស្រឡាញ់ភេទដូចគ្នាទេ។
ងាកមកនាយចឺមវិញ បានលើកឡើងថា លោករាប់អាន គោរពនាយក្តី និងគ្រួសារដោយសុទ្ធចិត្តមិនដែលសំឡឹងមើលទ្រព្យសម្បត្តិអ្វីនោះទេ ប៉ុន្តែអាចថាជារឿងនិស្ស័យ និងចិត្តគំនិតគិតដូចគ្នាច្រើន។ លោកបញ្ជាក់ថា ចំណុចល្អដែលនាយក្តីមានគឺការជំរុញលើកទឹកចិត្ត ស្មោះត្រង់ ផ្តល់តម្លៃ និងជួយគ្នាគ្រប់គ្រាលំបាក។
តារាចម្រៀងវ័យ២២ឆ្នាំរូបនេះថ្លែងថា ស្រឡាញ់រាប់អានគោរពគ្នា ដូចបងប្អូនបង្កើតនេះមិនមែនគិតលើទ្រព្យសម្បត្តិ ភាពល្បីល្បាញរបស់គ្នានោះទេគឺកើតចេញពីចិត្តនិងចិត្ត ហើយក៏មិនមែនជាស្នេហាដូចពាក្យចចាមអារ៉ាមនោះដែរ។ តារាចម្រៀងរូបនេះលើកឡើងថាពួកគេនឹងរៀបចំពិធីខួបគម្រប់១០ឆ្នាំឲ្យកាន់តែ ធំជាងនេះ៕ វឌ្ឍនា