ព័ត៌មានទាន់ហេតុការណ៍៖

អឺរ៉ុប ៖ អាមេរិកកំពុងតែតម្រង់កាំភ្លើងទៅលើអឺរ៉ុប

ចែករំលែក៖

បណ្តាមេដឹកនាំអឺរ៉ុបបានអំពាវនាវដល់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ប្រកាសលុបចោល ការតម្លើងពន្ធដែកថែប និងអាលុយមីញ៉ូម ដល់ប្រទេសក្នុងតំបន់អឺរ៉ុប និងលើកលែងពន្ធជារៀងរហូត ។

ប្រធានាធិបតីបារាំង លោក ម៉ាក្រុង បានប្រកាស នៅក្នុងកិច្ចប្រជុំជាប្រចាំនៅទីក្រុងព្រុចស៊ែល ប្រទេសប៊ែលហ្សិចថា «ការដែលទីក្រុងវ៉ាស៊ីនតោន លើកលែងពន្ធបណ្តោះអាសន្ន រយៈពេល៤០ថ្ងៃដល់អឺរ៉ុប គឺដូចជាការតម្រង់កាំភ្លើង ទៅលើអឺរ៉ុប អីចឹង។ តាផ្លូវច្បាប់ យើងនឹងពិភាក្សារាល់បញ្ហា ជាមួយប្រទេសដែលគោរពទៅតាមច្បាប់កំណត់របស់អង្គការពាណិជ្ជកម្មពិភពលោក ។ យើងមិនអាចពិភាក្សាអ្វីបានឡើយ នៅពេលដែលត្រូវតម្រង់ចុងកាំភ្លើងចំក្បាលហើយនោះ» ។

មន្ត្រីទទួលបន្ទុកពាណិជ្ជកម្មរបស់អឺរ៉ុបបានទាមទារឲ្យអាមេរិកលុបចោល «ការកំណត់ក្លែងក្លាយ» លើការលើកលែងពន្ធរយៈពេល៤០ថ្ងៃ ជាមួយគ្នានេះ ប្រធានគណៈកម្មការអឺរ៉ុប លោក Jean Claude Juncker បានបញ្ជាក់ថា នឹងមិនមាន ការព្រមព្រៀងមុនថ្ងៃទី១ ខែឧសភា ឡើយ ។

កន្លងមក ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសថា លោកនឹងលើកលែងពន្ធដល់អឺរ៉ុប ដែលជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អាមេរិក ក៏ដូចជាប្រទេសអាហ្សង់ទីន ប្រេស៊ីល កាណាដា កូរ៉េខាងត្បូង មិចស៊ីកូ អូស្ត្រាលីជាដើម ការលើកលេងពន្ធ រហូតដល់ថ្ងៃទី១ ខែឧសភា ។

បណ្តាមេដឹកនាំអឺរ៉ុប បានបញ្ជាក់នៅក្នុងសេចក្តីប្រកាសរួមថា វិធីសាស្ត្រខាងលើ របស់អាមេរិក គឺជារឿងមួយគួរឲ្យសោកស្តាយ ហើយអាមេរិក មិនអាចយកបញ្ហាសន្តិសុខជាតិមកតម្លើងពន្ធ នោះឡើយ ។ មិនតែប៉ុណ្ណោះ អឺរ៉ុបស្នើឲ្យអាមេរិកលុបចោលពន្ធជារៀងរហូត ។ បណ្តាប្រទេសអឺរ៉ុប គាំទ្រ នូវវិធីសាស្ត្ររបស់គណៈកម្មការអឺរ៉ុប ដើម្បីតបតនឹងសកម្មភាពរបស់អាមេរិក ។

លោកស្រី Cexilia Malmstrom សមាជិកគណៈកម្មការអឺរ៉ុប ទទួលបន្ទុក ពាណិជ្ជកម្ម ជំនួសមុខដល់២៨ប្រទេសក្នុងសហគមន៍អឺរ៉ុប បានប្រឆាំងនឹងសកម្មភាពរបស់អាមេរិក ដែល កើតចេញពីការចោទប្រកាន់ ចិន លក់បង្ខូចតម្លៃនៅលើទីផ្សារ ហើយទីក្រុង វ៉ាស៊ីនតោន និងអឺរ៉ុប គួរតែអង្គុយពិភាក្សាគ្នាឲ្យបានច្បាស់ ។

អឺរ៉ុបបានបញ្ជាក់ថា មិនចង់ឲ្យមានសង្គ្រាមពាណិជ្ជកម្មនោះឡើយ ហើយអឺរ៉ុនឹងមានវិធានការ ប្រសិនបើ សេតវិមាននៅតែបន្តសម្តៅទៅលើ ក្រុមអ្នកផលិតនៅអឺរ៉ុបនោះ ។ អឺរ៉ុបនឹងដាក់លិខិតតវ៉ាឡើងទៅកាន់អង្គការ WTO ដើម្បីរារាំងអាមេរិកតម្លើងពន្ធដល់អឺរ៉ុប ។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសថា កូរ៉េខាងត្បូង នឹងស្ថិតនៅក្នុងបញ្ជី លើកលែងពន្ធ ដោយសារតែប្រទេសទាំងពីរមានទំនាក់ទំនងសន្តិសុខ នឹងគ្នា ។ ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មជប៉ុនបានប្រកាសថា រដ្ឋាភិបាល នឹងស្នើដល់អាមេរិក លុបចោលការតម្លើងពន្ធដល់ប្រទេសជប៉ុន ផងដែរ ។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មជប៉ុន លោក Seko Hiroshige បានបញ្ជាក់ថា សកម្មភាពរបស់អាមេរិកគឺជារឿងមួយគួរឲ្យសោកស្តាយបំផុត ។

ក្រុមអ្នកវិភាគបានលើកឡើងថា អាមេរិក អាចនឹងលើកលែងពន្ធដល់ប្រទេសជាសម្ពន្ធមិត្តរបស់ខ្លួន ជាបន្តបន្ទាប់ ហើយចុងក្រោយ នៅសល់តែប្រទេស ដែលអាមេរិកចាត់ទុកថា ជាសត្រូវប៉ុណ្ណោះ ដូចជាចិន និងរុស្ស៊ីជាដើម ។ គោលដៅតម្លើងពន្ធរបស់អាមេរិក ត្រូវបានគេដឹងថា គឺសម្តៅទៅលើប្រទេសចិន តែមួយគត់ ដោយតែចិនមានការរីកចំរើនខ្លាំង ឈានដល់ប្រទេសមានសេដ្ឋកិច្ចលំដាប់ទីពីរលើពិភពលោក ។ ទាំងនោះហើយ ធ្វើឲ្យចិនមានប្រាក់ជាច្រើន ចំណាយទៅលើប្រទេសដទៃ ដើម្បីពង្រីកឥទ្ធិពលរបស់ចិនលើពិភពលោក បង្កក្តីបារម្ភដល់មហាអំណាចទី១របស់អាមេរិក។

ចំណែកចិនវិញ ក៏មិនអង្គុយស្ងៀមទុកឲ្យអាមេរិក «ទាត់ធាក់» តាមតែចិត្តនោះឡើយ ដោយចិនបានប្រកាសប្តេជ្ញាការពារផលប្រយោជន៍របស់ខ្លួនដូចគ្នា ។ កន្លងមក ឧបនាយករដ្ឋមន្ត្រីចិន លោក លីវ ហេ( Liu He) បាននិងយាយតាមទូរស័ព្ទជាមួយនឹងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក លោក Steven Mnuchin ដោយបានព្រមព្រៀងគ្នាថា នឹងបន្តជជែកទាក់ទងគ្នាស្តីអំពីបញ្ហាពាណិជ្ជកម្មទៀត ប៉ុន្តែលោក លីវ ហេ បានឆ្លៀតព្រមានថា ចិនត្រៀមលក្ខណៈជាស្រេចនឹងការពារផលប្រយោជន៍ជាតិរបស់ខ្លួន។

កិច្ចពិភាក្សាតាមទូរស័ព្ទ ប្រព្រឹត្តទៅក្នុងខណៈដែលភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក នឹងចិន បានប៉ោងឡើងយ៉ាងខ្លាំង ដោយសារតែលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសយកពន្ធលើផលិតផលនាំចូលមកពីចិន ក្នុងទំហំអាចឡើងដល់៦០ពាន់លានដុល្លារ។ ជាការយកពន្ធដៅលើវិស័យមួយចំនួនដែលវ៉ាស៊ីនតោនយល់ថា ចិនបានលួចបច្ចេកវិទ្យា និងកម្មសិទ្ធិបញ្ញាអាមេរិក ។

ជាទីប្រឹក្សាសេដ្ឋកិច្ចដ៏ជំនិតរបស់ប្រធានាធិបតីចិន ស៊ី ជីនពីង បានទទួលការសិក្សា និងបំពាក់បំប៉ននៅសាកលវិទ្យាល័យ Harvard អាមេរិក លោក លីវ ហេ ដែលទើបត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកត្រួតពិនិត្យវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច បានគូសបញ្ជាក់ ទៅកាន់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិកថា វិធានការពាណិជ្ជកម្មអាមេរិកប្រឆាំងនឹងចិន ជាការរំលោភច្បាប់ពាណិជ្ជកម្មអន្តរជាតិ និងគ្មានចំណេញប្រយោជន៍ដល់អាមេរិក ឬដល់ចិន និងពិភពលោកទាំងមូលទេ ។ វ៉ាស៊ីនតោន និងប៉េកាំង គួរតែដឹងថា ត្រូវប្រកាន់ខ្លួនរបៀបណា ក្នុងការរក្សាទំនាក់ទំនងពាណិជ្ជកម្មឱ្យមានស្ថិរភាពល្អ។

ប៉ុន្តែចិនបានត្រៀមលក្ខណៈរួចជាស្រេចហើយ ហើយចិនក៏មានកម្លាំងខ្លាំងគ្រប់គ្រាន់នឹងការពារប្រយោជន៍ជាតិខ្លួនដែរ ។ នេះជាការពាក្យព្រមានរបស់លោក លីវ ហេ ដោយចំៗទៅកាន់ភាគីអាមេរិក ៕ ម៉ែវ សាធី


ចែករំលែក៖