ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកបណ្តេញមន្ត្រីការបរទេសរុស្ស៊ី៦០រូបធ្វើឲ្យទំនាក់ទំនងកាន់តែតានតឹង

ចែករំលែក៖

កាលពីថ្ងៃទី២៦ ខែមីនា អាមេរិកបានប្រកាសបណ្តេញមន្ត្រីការបរទេសរុស្ស៊ី៦០រូប ដែលជាសកម្មភាពតបតទៅលើប្រទេសរុស្ស៊ី ក្នុងករណីបំពុលចារបុរសជនជាតិរុស្ស៊ីលោក Sergei Skripal នៅទីក្រុងឡុង ប្រទេសអង់គ្លេស។ ជាមួយគ្នានោះ ប្រទេសជាច្រើននៅក្នុងតំបន់អាស៊ី ក៏បានដើរតាមគន្លងរបស់អាមេរិក បណ្តេញមន្ត្រីការបរទេសរុស្ស៊ី ផងដែរ។

សារព័ត៌រ៉យទ័របានផ្សាយថា នេះជាសកម្មភាពដ៏ខ្លាំងក្លាបំផុត របស់លោក ត្រាំ ទៅលើប្រទេសរុស្ស៊ី ចាប់តាំងពីលោកឡើងកាន់តំណែងប្រធានាធិបតីអាមេរិកមក។

នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May បានអបអរសាទរដល់ការសម្រេចខាងលើរបស់អាមេរិក និងបណ្តាប្រទេសជាមិត្ត ក្នុងនោះមានប្រទេសនៅក្នុងតំបន់អឺរ៉ុបជាដើម។ នេះជាការបណ្តេញមន្ត្រីការបរទេសរុស្ស៊ីជាទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានចាប់តាំងពីសង្គ្រាមត្រជាក់មកទល់ពេលនេះ ដោយមាន២៤ប្រទេស (វាយប្រហារសមូហភាព) ទៅលើប្រទេសរុស្ស៊ី។

ក្រោយពេលប្រទេសចំនួន២៤បានវាយប្រហារទៅលើរុស្ស៊ី ដោយបណ្តេញមន្ត្រីការបរទេស រុស្ស៊ីក៏បានប្រកាសថានឹងវាយបកវិញដូចទៅនឹងអ្វីដែលអាមេរិក និងអឺរ៉ុប បានធ្វើមកលើខ្លួនដែរ។

ក្នុងចំណោម២៤ប្រទេស ដែលវាយប្រហាររុស្ស៊ីតាមរយៈបណ្តេញមន្ត្រីការបរទេសក្នុងនោះមាន១៥ប្រទេសជាសមាជិកអឺរ៉ុប រួមជាមួយកាណាដា អូស្ត្រាលី ។ កាលពីថ្ងៃទី២៦ ខែមីនា ប្រទេសទាំងនោះបានសម្រេច បណ្តេញមន្ត្រីការបរទេសរុស្ស៊ី ក្រោយការចោទប្រកាន់ថា រុស្ស៊ីបានបំពុលចារបុរសជនជាតិរុស្ស៊ីនៅអង់គ្លេស។ មេដឹកនាំអឺរ៉ុប ទាំង២៨ប្រទេសបានគាំទ្រអង់គ្លេស នៅក្នុងរឿងរុស្ស៊ីបំពុលចារបុរស។ ក្នុងចំណោមប្រទេសដែល បណ្តេញមន្ត្រីការបរទេសរុស្សុីច្រើនជាងគេគឺ អ៊ុយក្រែន ឈរលំដាប់ទី២ បន្ទាប់ពីអាមេរិក ដោយបានបណ្តេញមន្ត្រីការបរទេសរុស្សុីដល់ទៅ១៣រូប។

នៅពេលនេះដែរ រុស្ស៊ីក្រោមការដឹកនាំរបស់លោក ពូទីន ក៏បានឡើងគម្រោងវាយបកដោយបណ្តេញមន្ត្រីការបរទេស បណ្តាប្រទេសលោកខាងលិច ចេញពីរុស្ស៊ី ដូចដែលបានធ្វើចំពោះអង់គ្លេសដូចគ្នា។ កន្លងមក អង់គ្លេសបានបណ្តេញមន្ត្រីការបរទេសរុស្ស៊ី២៣រូប ហើយរុស្ស៊ីក៏បណ្តេញមន្ត្រីការបរទេសអង់គ្លេស២៣រូបវិញ ដូចគ្នា។

វិបត្តិការបរទេស កំពុងតែផ្ទុះឡើង រវាងរុស្ស៊ី នឹងប្រទេសលោកខាងលិច ធ្វើឲ្យទំនាក់ទំនងកាន់តែតានតឹងថែមទៀត ក្នុងពេលដែលអាមេរិក អឺរ៉ុប ព្រួយបារម្ភពីការគំរាមកំហែងរបស់រុស្ស៊ីដល់ប្រទេសនៅតំបន់អឺរ៉ុបខាងកើតជាប់ព្រំដែនរុស្ស៊ី៕ ម៉ែវ សាធី


ចែករំលែក៖