ភ្នំពេញ៖ បើតាមគណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិនិងអន្តរជាតិបានឲ្យដឹង ថា ព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំនេះនឹង ប្រព្រឹត្តទៅនៅទីព្រះស្រែ ស្ថិតក្នុងភូមិ ស្រះវង់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ដែលមានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី៣ ខែ ឧសភា ឆ្នាំ២០១៨ ។ ព្រះរាជពិធីនេះនឹងមានការយាងចូលរួមក្រោមព្រះរាជាធិបតី ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថន រោត្ដម សីហមុនី ។
ព្រះរាជពីធីច្រត់ព្រះនង្គ័លនឹងធ្វើឡើងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី១-២ ខែឧសភា ឆ្នាំ២០១៨ ជា ទិវាប្រារព្ធហោមពិធីដែលជាភារកិច្ចរបស់អាចារ្យនិងក្រុមបារគូ។ ឯថ្ងៃទី៣ ខែ ឧសភា ជាទិវាប្រារព្ធព្រះរាជពិធីច្រត់ព្រះ នង្គ័លជាផ្លូវការ ។
ក្រៅពីព្រះរាជធិបតីរបស់ព្រះមហាក្សត្រ កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីព្រះរាជវង្សានុវង្ស ថ្នាក់ដឹកនាំ ព្រឹទ្ធសភា រដ្ឋ សភា រាជរដ្ឋាភិបាល មន្ត្រីរាជការ សាស្ត្រា ចារ្យ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត និង ប្រជារាស្ត្រ តាមចំនួនកំណត់ជាក់លាក់ ។
គណៈកម្មាធិការរៀបចំបុណ្យជាតិ-អន្តរជាតិបានណែនាំឲ្យក្រសួងពាក់ព័ន្ធនានាត្រូវធ្វើការតាមជំនាញនិងតួនាទីរបស់ខ្លួនដើម្បីឲ្យពិធីទាំងមូលមានភាពសប្បាយរីករាយប្រកបដោយសុវត្ថិភាព។ក្នុងពិធីនេះ នឹងមានការរៀបចំការសម្ដែងសិល្បៈជូនសាធារណៈជនបានទស្សនាការតាំងពិព័រណ៍រូបភាពបង្ហាញពីនយោបាយទឹកផលិតផលកសិកម្មដូចជាស្រូវ អង្ករ ពោត សណ្ដែក ជាដើមព្រមទាំង សម្ភារគ្រឿងបរិក្ខាររចនាកែច្នៃនិងសមិទ្ធផលទាំងឡាយដែលខេត្តស្វាយរៀងសម្រេចបានដោយមានគូសបញ្ជាក់តាំងពីឆ្នាំ១៩៧៩ រហូតដល់ឆ្នាំ២០១៧ ៕ ហេង សូរិយា