ក្រោយពេលអីុរ៉ង់ព្រមានថា នឹងបន្ត កម្មវិធីបរមាណូ ប្រសិនបើអាមេរិក លុប ចោលកិច្ចព្រមព្រៀង ដែលបានចុះហត្ថ លេខាជាមួយប្រទេស ៥+១ នោះ នៅ ពេលនេះប្រធានាធិបតីអាមេរិក ក៏បាន ព្រមានតបវិញថា អីុរ៉ង់នឹងជួបបញ្ហាធ្ងន់ ប្រសិនបើប្រទេសនេះហ៊ានបន្តកម្មវិធី បរមាណូ ។
សារព័ត៌មាន ស៊ីនហួ នៅថ្ងៃទី ២៥ ខែមេសាបានផ្សាយថា ប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ បានព្រមាន ថា អុីរ៉ង់នឹងជួបបញ្ហាធំជាងមុនជាក់ជាពុំខាន ប្រសិនបើប្រទេសនេះហ៊ានចាប់ផ្តើមកម្មវិធីផលិតអាវុធនុយក្លេអ៊ែររបស់ខ្លួនឡើងវិញ។
ថ្លែងក្នុងជំនួបជាមួយប្រធានាធិបតី បារាំង លោក អេមម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ដែលកំពុងបំពេញដំណើរទស្សនកិច្ចនៅសេតវិមាន លោក ត្រាំ បាននិយាយថា «វានឹងពុំមែនជារឿងងាយស្រួលប៉ុន្មាននោះឡើយ ដើម្បីឲ្យ ពួកគេ (អុីរ៉ង់) ចាប់ផ្តើមកម្មវិធីនុយក្លេអ៊ែរឡើងវិញ។ ពួកគេនឹងមិនធ្វើយ៉ាងដូច្នោះ ឡើយ ពីព្រោះថាប្រសិនបើពួកគេហ៊ាន ពួកគេនឹងត្រូវប្រឈមមុខជាមួយបញ្ហាយ៉ាងធំ គឺធំសម្បើមជាងអ្វី ដែលពួកគេធ្លាប់បានជួបប្រទះពីមុនមក។
ជាមួយគ្នានេះ ឆ្លើយតបទៅនឹងសំណួរ ថា តើលោកនឹងសុខចិត្តនៅបន្តគោរពតាមកិច្ចព្រមព្រៀងអុីរ៉ង់ ដែលគេហៅថា JCPOA ទៀតដែរឬអត់នោះ? លោកប្រធានា ធិបតីអាមេរិករូបនេះ បានលើកឡើងថា កិច្ចព្រមពៀងនេះ គឺជារឿងហួសនឹងថ្លែងហើយគួរឲ្យអស់សំណើច និងពុំគួរត្រូវបានបង្កើតឡើងនោះឡើយ។ ជុំវិញរឿងនេះ ប្រធានាធិបតីអុីរ៉ង់ លោក ហាស្សាន់ រួហានី ក៏បានព្រមានសហរដ្ឋអាមេរិកឲ្យ បន្តស្ថិតក្នុងកិច្ចព្រមព្រៀង JCPOA នេះ ផងដែរ បើមិនចង់ប្រឈមមុខនឹងផលវិបាកយ៉ាងធ្ងន់ធ្ងរនោះ។
គួរជម្រាបថា JCPOA គឺជាកិច្ចព្រម ព្រៀងអន្តរជាតិ ដែលសម្រេចបានកាល ពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៥ រវាងអុីរ៉ង់ នឹងមហាអំណាចធំៗលើពិភពលោក រួមមានសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ចិន បារាំង រុស្ស៊ី និងអាល្លឺម៉ង់ បូកជាមួយ សហភាពអឺរ៉ុប។ ក្នុងកិច្ចព្រមព្រៀងនេះ ក្រុមប្រទេសលោកខាងលិចទាំងនេះ បានសន្យាបន្ធូរបន្ថយទណ្ឌកម្មលើប្រទេសអុីរ៉ង់ ជាថ្នូរនឹងការផ្អាកកិច្ចប្រឹងប្រែងរបស់ទី ក្រុងតេអេរ៉ង់ ក្នុងការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ៕ ម៉ែវ សាធី