ព័ត៌មានទាន់ហេតុការណ៍៖

កិច្ចព្រមព្រៀងបរមាណូ អីុរ៉ង់ ចិននិងរុស្ស៊ី ស្វែងរកកិច្ចការពារពីអង្គការសហប្រជាជាតិ

ចែករំលែក៖

កាលពីថ្ងៃទី២៤ ខែមេសាចិននិងរុស្ស៊ី បានជំរុញឲ្យស្ថាប័នទទួលបន្ទុកកិច្ចការកាត់បន្ថយអាវុធនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ បង្ហាញនូវការគាំទ្ររបស់ខ្លួន ដោយចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមនោះ ដែលស្នើឡើងដោយមហាអំណាច ទាំងពីរ ក្នុងការប្រឆាំងទៅនឹងអាមេរិក កុំ ឲ្យដកខ្លួនដើរចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអុីរ៉ង់។

ចិននិងរុស្ស៊ី ដែលជាអ្នកគាំទ្រធំជាងគេចំពោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរអុីរ៉ង់ ជា ពិសេសរុស្ស៊ី បានខិតខំស្វែងរកការគាំទ្រពីបណ្ដាប្រទេសដទៃ ដើម្បីការពារកិច្ចព្រម ព្រៀងនេះ។ នៅថ្ងៃអង្គារទី២៤ ខែមេសា រុស្ស៊ីបានជំរុញឲ្យស្ថាប័នទទួលបន្ទុកកិច្ចការកាត់បន្ថយអាវុធនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមរបស់ចិននិងរុស្ស៊ី ដើម្បីដាក់សម្ពាធទៅលើប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ កុំឲ្យដើរចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអុីរ៉ង់។


រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានថ្លែងកាលពីថ្ងៃចន្ទថា ប្រទេសចិននិងរុស្ស៊ីនឹងរាំងខ្ទប់រាល់ការប៉ុនប៉ងដើម្បី “បំផ្លាញ” នូវកិច្ចព្រមព្រៀងនុយក្លេអ៊ែររបស់អ៊ីរ៉ង់

កាលពីថ្ងៃចន្ទទី២៣ ខែមេសា ក្នុងសន្និសីទពិភាក្សាអំពីសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ ដែលធ្វើឡើងក្នុងទីក្រុងហ្សឺណែវនៃប្រទេសស្វុីស ប្រធានអង្គភាពគ្រប់គ្រងអាវុធនៃក្រសួងការបរទេស រុស្ស៊ី លោក Vladimir Yermakov បាន ពិពណ៌នាថា កិច្ចព្រមព្រៀងអុីរ៉ង់ជាកិច្ច ព្រមព្រៀងមានភាពផុយស្រួយ ហើយរាល់ការប៉ុនប៉ងធ្វើវិសោធនកម្មនឹងប៉ះពាល់ ដល់ការគ្រប់គ្រងការរីកសាយនុយក្លេអ៊ែរសកល។ លោកក៏បានអំពាវនាវឲ្យសមាជិកអង្គការសហប្រជាជាតិគាំទ្រដល់កិច្ចព្រមព្រៀងអុីរ៉ង់មួយនេះ។

ប្រធានអង្គភាពគ្រប់គ្រងអាវុធរុស្ស៊ីរូបនេះ បានប្រាប់ទៅសារព័ត៌មានរ៉យទ័រថា ក្រោយពីសន្និសីទនៅក្រុងហ្សឺណែវរយៈពេល២សប្តាហ៍នេះត្រូវបានបញ្ចប់ លោកសង្ឃឹមថានឹងទទួលបានការគាំទ្រពីបណ្ដាប្រទេសធំៗ រួមទាំងសម្ពន្ធមិត្តរបស់អាមេរិកក្នុងទ្វីបអឺរ៉ុបដែលបានសម្តែងការគាំទ្រ ចំពោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរអុីរ៉ង់នេះ មុនថ្ងៃកំណត់ទី១២ខែឧសភាខាងមុខដែលប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ នឹងធ្វើសេចក្តីសម្រេចថា តើអាមេរិកបោះបង់ចោលកិច្ចព្រមព្រៀងនេះឬអត់។

ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីឡើងពិពណ៌នាអំពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់នៅវេទិកាអង្គការសហប្រជាជាតិ

ដោយឡែក នៅថ្ងៃអង្គារទី២៤ ខែ មេសា លោកប្រធានាធិបតីបារាំង អេមម៉ា នុយអែល ម៉ាក្រុង ក្នុងអំឡុងពេលជួបជជែកពិភាក្សាដោយផ្ទាល់ជាមួយលោកត្រាំ បាន និយាយបញ្ចុះបញ្ចូលអាមេរិក កុំឲ្យដើរ ចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអុីរ៉ង់ តែ លោកត្រាំ បានចាត់ទុកកិច្ចព្រមព្រៀង នេះថា ជាគ្រោះមហន្តរាយ និងមិនសម ហេតុផល។

លោកត្រាំបានបន្ថែមថា អាមេរិកមិន គិតថាកិច្ចព្រមព្រៀងនុយក្លេអ៊ែរអុីរ៉ង់ អាចបញ្ឃប់នូវកម្មវិធីមីស៊ីលប៉ាលីស្ទីករបស់តេអេរ៉ង់ ឬប្តូរជំហរបស់អុីរ៉ង់ក្នុងការគាំទ្រក្រុមសកម្មប្រយុទ្ធក្នុងតំបន់មជ្ឈិមបូព៌ាបានឡើយ។

កន្លងមក រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានព្រមានថា “ប្រទេសចិននិងរុស្សីលនឹងរារាំងរាល់ការប៉ុនប៉ងបំផ្លិចបំផ្លាញដោយចេតនាលើកិច្ចព្រមព្រៀងនុយក្លេអែរអុីរ៉ង់ដែលត្រូវបានចុះហត្ថលេខានៅឆ្នាំ ២០១៥ ។ ប្រមុខ ការទូតរុស្ស៊ី បានអះអាងដែរថា” រាល់ការសើរើអត្ថបទនៃកិច្ចព្រមព្រៀងនេះ គឺជាការមួយដែលពុំអាចទទួលយកបានឡើយ។

កិច្ចព្រមព្រៀងនុយក្លេអ៊ែរអុីរ៉ង់ឆ្នាំ ២០១៥ ដែលត្រូវបានចុះហត្ថលេខា ដោយប្រទេសមហាអំណាចធំៗ ជាមួយ ទីក្រុងតេអេរ៉ង់ គឺដើម្បីរារាំង អុីរ៉ង់នៅក្នុងការផលិតអាវុធនុយក្លេអ៊ែរ។ ម្យ៉ាងទៀត កិច្ចព្រមព្រៀងនេះ ក៏ជាសមិទ្ធផលមួយដ៏ អសា្ចរ្យ នៃការទូតអន្តរជាតិនាអំឡុងប៉ុន្មានឆ្នាំចុងក្រោយនេះដែរ។

ប្រព័ន្ធមីស៊ីលផ្លោងរបស់ប្រទេសអ៊ីរ៉ង់ដែលមានសមត្ថភាពបំពាក់ក្បាលគ្រាបនុយក្លេអ៊ែរ

រដ្ឋមន្ត្រីការទូតរុស្ស៊ីនៅឱកាសនៃកិច្ចប្រជុំមួយជាមួយសមភាគីចិនលោក Wang Yiនៅទីក្រុងប៉េកាំង បានថ្លែងយ៉ាងមឺុងម៉ាត់ ថា “ រាល់ការសើរើ លើឯកសារនេះឡើងវិញ គឺ ជាការមួយដែលលោកពុំអាចទទួលយកបានឡើយដោយលោកអះអាងទៀតថា “រួមជាមួយប្រទេសចិន យើង នឹងបិទខ្ទប់ រាល់ការប៉ុនប៉ងនានា ដើម្បីធ្វើវិទ្ធង្សនា ប្រឆាំង នឹងកិច្ចព្រមព្រៀងអុីរ៉ង់ ដែលត្រូវបានអនុម័តនៅក្រោមសេចក្តីសម្រេចមួយរបស់ អ.ស.ប”។ សេចក្តីថ្លែងរបស់ប្រមុខការទូតរុស្ស៊ីនេះ ត្រូវបានធ្វើឡើងនៅមុនថ្ងៃនៃកិច្ចប្រជុំមួយរបស់អង្គការនៃសហ ប្រតិបត្តិការក្រុងសៀងហៃឬហៅកាត់ជាភាសាបារាំងថា (OCS )ដែលរួមប្រជុំដោយក្រុមប្រទេសអាស៊ីកណ្តាលចំនួនរួមជាមួយប្រទេសចិននិងរុស្ស៊ី។

ចំណែកប្រមុខការទូតអុីរ៉ង់ លោក Mohammad javad Zarif ពីទីក្រុង ញូវយក បានព្រមានកាលពីថ្ងៃសៅរ៍មុន ដែរថា តេអេរ៉ង់នឹងចាប់ផ្តើមចម្រាញ់ធាតុ Uranium របស់ខ្លួនឡើងវិញ ក្នុងករណីមានការរំលោភលើកិច្ចព្រមព្រៀងនេះ ហើយអុីរ៉ង់នឹងអនុម័តវិធានការយ៉ាងខ្លាំងក្លាទៀតផង។

ចំណែក លោកដូណាល់ ត្រាំវិញ បាន កំណត់កាលបរិច្ឆេទនៅថ្ងៃទី១២ ឧសភា ជាថ្ងៃឧសានវាទមួយ សម្រាប់ក្រុមសម្ពន្ធ មិត្តអឺរ៉ុប នៅក្នុងការរកកិច្ចព្រមព្រៀងជា មួយអុីរ៉ង់ ដើម្បីដោះស្រាយកំហុសខ្វះខាតនានានៅក្នុងអត្ថបទនៃកិច្ចព្រមព្រៀង។ ប្រធានាធិបតីអាមេរិក ថែមទាំងបានទាម ទារ ឲ្យមានការត្រួតពិនិត្យជាច្រើនថែមទៀត ជាពិសេស ការលុបចោល លើការ កំណត់ពេលវេលាដែលបានដាក់ទៅលើទីក្រុងតេអេរ៉ង់ នៅលើសកម្មភាពនុយក្លេអ៊ែរ ដែលសន្មតថានឹងត្រូវផុតកំណត់នៅរវាងឆ្នាំ ២០២៥ និង២០៣០។

ចំពោះអឺរ៉ុប កិច្ចព្រមព្រៀងអន្តរជាតិឆ្នាំ ២០១៥ នៅតែជាមធ្យោបាយមួយដ៏ប្រសើរមួយដើម្បីរារាំងអុីរ៉ង់នៅក្នុងការអនុវត្តកម្មវិធីនុយក្លេអ៊ែរដើម្បីគោលដៅយោធារបស់ខ្លួនឡើងវិញ៕ ម៉ែវសាធី

 

 


ចែករំលែក៖