ព័ត៌មានទាន់ហេតុការណ៍៖

អង្គការសហប្រជាជាតិទទួលបានការអនុញ្ញាតឲ្យចូលទៅកាន់តំបន់ដែលជនជាតិរ៉ូហ៊ីងយ៉ារស់នៅ

ចែករំលែក៖

ក្រោយរយៈពេលជាច្រើនខែដែលរដ្ឋាភិបាលមីយ៉ាន់ម៉ាមិនអនុញ្ញាតឲ្យអង្គការ អន្តរជាតិទៅកាន់តំបន់រស់នៅរបស់ក្រុម ជនជាតិរ៉ូហ៊ីងយ៉ាឡើយ ដោយយកមូល ហេតុមានអសន្តិសុខ ។ តែពេលនេះ រដ្ឋាភិបាលមីយ៉ាន់ម៉ា បានអនុញ្ញាតឲ្យ អ.ស.ប ចូលទៅកាន់តំបន់រស់នៅរបស់ ក្រុមជនជាតិ ភាគតិច ដើម្បីធ្វើការត្រួត ពិនិត្យហើយ។

ក្រុមការងារបស់ អ ស ប ជាបឋមធ្វើការវាយតម្លៃមួយនៅលើស្ថានការណ៍នៅរដ្ឋរ៉ាឃីន។ រដ្ឋរ៉ាឃីន ដែលស្ថិតនៅភាគខាង លិចមីយ៉ាន់ម៉ាត្រូវបានបិទខ្ទប់ជិតសូម្បីតែប្រជាជនភូមិក៏អត់ចូលបានដែរចាប់តាំងពីមានការរំលោភបំពានយ៉ាងព្រៃផ្សៃប្រឆាំងទៅលើសហគមន៍រ៉ូហ៊ីងយ៉ាមក។ ក្នុងពេល នោះហើយ ដែលប្រជាជនរ៉ូហ៊ីងយ៉ាយ៉ាង តិច ៧សែននាក់ បាននាំគ្នារត់ភៀសខ្លួនពីមីយ៉ាន់ម៉ាតាំងពីខែសីហាឆ្នាំ២០១៧ ដើម្បីទៅជ្រកកោននៅក្នុងទឹកដីបង់ក្លាដែស។

អ្នកសម្របសម្រួលមនុស្សធម៌របស់ អ.ស.ប នៅមីយ៉ាន់ម៉ាលោក Knut Ostby បានពន្យល់ប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង AFP ថា«ការងាររបស់ អ.ស.ប រហូតមក ទល់ពេលនេះ គឺដើម្បីការបើកច្រកក្នុង តំបន់ »។ លោក Knut Ostby បានគូស បញ្ជាក់ដែរថា លោកក៏ពុំមានសមត្ថភាព ដើម្បីបញ្ជាក់ថា តើនៅតំបន់ណាដែល អ.ស.ប អាចនឹងត្រូវចូលទៅនិងថាតើតំបន់មួយណាដែលជាតំបន់អាទិភាពនោះ។

សូមបញ្ជាក់ថា ឯកសារដែលអ.ស.ប បានចុះហត្ថលេខានៅថ្ងៃពុធ ទី៦ ខែមិថុនា ជាមួយអាជ្ញាធរមីយ៉ាន់ម៉ាគឺជាកិច្ចព្រម ព្រៀងក្របខ័ណ្ឌមួយដែលតម្រូវឲ្យមានការរៀបចំអស់រយៈពេលជាច្រើនខែតែលោក Knut Ostby ពុំបានលម្អិតអ្វីច្រើនទៀត ដែរ។

ចំណែកលោក Giuseppe De Vincentiis វិញដែលជាអ្នកតំណាងស្នងការជាន់ ខ្ពស់ទទួលបន្ទុកខាងជនភៀសខ្លួន(HCR)នៅមីយ៉ាន់ម៉ា បានថ្លែងថា ដំណាក់កាល ដំបូងរបស់ HCR គឺ ការវាយតម្លៃនៅលើស្ថានការណ៍ក្នុងតំបន់ហើយការងារនេះ នឹងត្រូវបិទបញ្ចប់នៅក្នុងអំឡុងប៉ុន្មានខែខាងមុខ។ ក៏ប៉ុន្តែការធ្វើមាតុភូមិនិវត្តន៍របស់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា នៅពុំទាន់អាច ប្រព្រឹត្តទៅបានភ្លាមៗទេ ដោយត្រូវរង់ចាំ យ៉ាងយូរពេលទៀត-នេះជាការបញ្ជាក់បន្ថែមរបស់អ្នកតំណាងនៃស្នងការជាន់ខ្ពស់របស់អង្គការ (HCR)នៅមីយ៉ាន់ម៉ា។

គួររំលឹកថា បញ្ហាវិលត្រឡប់របស់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាពីបង់ក្លាដែសចូលមកកាន់មីយ៉ាន់ម៉ាវិញនោះ ត្រូវបានសហគមន៍អន្តរជាតិតាមដានជាប្រចាំ។ ហើយក្រុម អង្គការក្រៅរដ្ឋាភិបាល មានការព្រួយ បារម្ភជាប់ជានិច្ច ដែលរដ្ឋអំណាចមីយ៉ាន់ ម៉ា ពុំបានរៀបចំជំរំនានាសម្រាប់ទទូលជនភៀសខ្លួនរ៉ូហ៊ីងយ៉ាឲ្យបានទាន់ពេល ដោយ ហេតុថា ភូមិផ្ទះសម្បែងរបស់ជនភាគតិច នេះ ត្រូវបានគេបំផ្លាញអស់នៅក្នុងអំពើ ហិង្សានានាដែល អ.ស.ប លើកឡើងថា ជាការបោសសម្អាតជាតិពិន្ធុ តែរដ្ឋាភិបាល មីយ៉ាន់ម៉ា បានបដិសេធជានិច្ច៕ ម៉ែវ សាធី

 


ចែករំលែក៖