កាលពីថ្ងៃទី៧ ខែមិថុនាប្រធានាធិបតី អាមេរិក ដូណាល់ ត្រាំបាន ទម្លាយខ្លឹម សារនៅក្នុងលិខិត របស់មេដឹកនាំគីម ជុងអ៊ុន ផ្ញើទៅកាន់រូបលោក តាមរយៈអនុប្រធានគណបក្សពលករកូរ៉េខាងជើង កាលពីថ្ងៃទី១ខែមិថុនា។
ប្រធានាធិបតីត្រាំ បាននិយាយទៅកាន់ក្រុមអ្នកសារព័ត៌មាន ក្នុងសន្និសីទកាសែត នាថ្ងៃទី ៧ខែមិថុនាថា «ខ្លឹមសារនៅក្នុង លិខិត មានតែពាក្យ សួស្តីប៉ុណ្ណោះ ប៉ុន្តែ វាពិតជាល្អប្រសើរ ជាលិខិត បង្កប់ទៅ ដោយភាពកក់ក្តៅ ។ ខ្ញុំវាយតម្លៃខ្ពស់ ចំពោះលិខិត ខាងលើ។ នៅក្នុងលិខិតនោះ បានបញ្ចាក់ទៀតថា យើងសង្ឃឹមថាបាន ជួបលោក យើងរង់ចាំនៅជំនួបកំពូល ហើយសង្ឃឹមថានឹងមានរឿងដ៏អស្ចារ្យ កើតឡើង»។
លោកត្រាំបញ្ជាក់ទៀតថា អាមេរិក នឹងមិនលុបទណ្ឌកម្មទៅលើកូរ៉េខាងជើងនោះឡើយ ។ នៅពេលនេះ លោកមាននៅក្នុង ដៃ បញ្ជីដែលមានការដាក់ទណ្ឌកម្មជាង ៣០០ទៅលើកូរ៉េខាងជើង ប៉ុន្តែលោកមិនអនុម័តដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើង នាពេលនេះឡើយ។ លោកត្រាំបញ្ជាក់ ទៀតថា លោកនឹងត្រួតពិនិត្យដាក់ទណ្ឌ កម្មបន្ថែម ក្រោយជំនួបកំពូល ប្រសិន បើមិន ទទួលបានលទ្ធផលល្អនោះ។
ពាក់ព័ន្ធនឹងជំនួបកំពូលនៅថ្ងៃទី ១២ ខែមិថុនា និងការធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរី របស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ប្រទេសជាសម្ពន្ធមិត្តជិតស្និទ្ធបំផុតរបស់កូរ៉េខាងជើង និង ជាអាណាព្យាបាល របស់ទីក្រុងព្យុងយ៉ាង បានត្រៀមយន្ត ហោះចម្បាំង ដើម្បីអមដំណើរការពារយន្តហោះដឹកលោកគីម ជុងអ៊ុនទៅកាន់សិង្ហ បុរី។
កងទ័ពជើងអាកាសចិនត្រូវគេអះ អាងថា កំពុងធ្វើការរៀបចំបញ្ជូនកងយន្តហោះចម្បាំងរបស់ខ្លួន ឲ្យទៅបំពេញបេសកម្មអមដំណើរប្រមុខដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន ទៅចូលរួមកិច្ច ប្រជុំនៅសិង្ហបុរី ជាទីដែលរូបលោក នឹង ជួបមុខគ្នាជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ក្រោយពីមានភាពតាន តឹង អស់រយៈពេលជាច្រើនឆ្នាំមកនេះ។
មន្រ្តីមួយរូបនៃកងទ័ពអាកាសកូរ៉េខាងត្បូង បានថ្លែងប្រាប់សារព័ត៌មានចិន South China Morning Post ថា កងយន្តហោះ ចម្បាំងចិន នឹងធ្វើការរក្សាសុវត្ថិភាពនៃផ្លូវហោះហើរ ទៅកាន់ទីដែលត្រូវរៀបចំជំនួបកំពូលរបស់ លោក គីម ហើយទង្វើនេះ ប្រហែលអាចជាការក្រើនរំលឹកមួយផងដែរ ចំពោះសហរដ្ឋអាមេរិកថា ទីក្រុងប៉េកាំងនឹងគាំទ្រទីក្រុងព្យុងយ៉ាងពេញទំហឹង។
មន្រ្តីខាងលើបានលើកឡើងយ៉ាងដូច្នេះថា «ការអមដំណើរប្រមុខរដ្ឋនៃប្រទេសមួយ ដោយកងយន្តហោះចម្បាំង គឺជា ក្បួនសន្តិសុខដ៏ខ្ពស់បំផុត ដែលកងទ័ព អាកាសអាចផ្តល់ឲ្យ ហើយប្រសិនបើចិន បញ្ជូនយន្តហោះចម្បាំង ឲ្យទៅធ្វើការអម ដំណើរមែននោះ វាក៏អាចជាសារមួយ សំដៅទៅរកសម្ពន្ធមិត្តអាមេរិក-កូរ៉េខាង ត្បូងផងដែរថា ចិនមានការគាំទ្រយ៉ាង ពេញទំហឹង ដល់របបដឹកនាំរបស់លោក គីម ជុងអ៊ុន»។
គួរជម្រាបថា បើតាមសេតវិមាន លោក គីម ជុងអ៊ុន និងលោក ដូណាល់ ត្រាំ នឹងត្រូវជួបមុខគ្នានាវេលាម៉ោង ៩ព្រឹកថ្ងៃ ទី១២ ខែមិថុនា សប្តាហ៍ក្រោយនេះ នៅឯសណ្ឋាគារ ខាភែលឡា (Capella Hotel) ស្ថិតនៅលើកោះសេនតូសា (Sentosa) ប្រទេសសិង្ហបុរី ហើយដែលអន្តរ ជាតិកំពុងតែរង់ចាំទស្សនា ទិដ្ឋភាពជារួម យ៉ាងអន្ទះសា៕ ម៉ែវ សាធី