ភ្នំពេញ: ជនជាតិបរទេសម្នាក់ បើករថយន្តឡង់គ្រីស័រមួយគ្រឿង ក្នុងសភាពស្រវឹងស្រាជោកជាំ បានរេចង្កូតទៅបុកក្បាលថ្មចែកទ្រូងផ្លូវបាក់មួយកង់ ហើយបុករះបាក់១៣កង់ទៀត រថយន្តដាច់ក្រឡេទៅមុខលែងរួច តែសំណាងល្អបង្កឲ្យអ្នកណាម្នាក់រងរបួសនោះទេ។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង២និង៥០នាទីទៀបភ្លឺ ថ្ងៃសៅរ៍ ១១រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវ ម៉ៅសេទុង កែងនិងផ្លូវ ៦៣ក្នុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
បើតាមប្រភពពីកន្លែងកើតហេតុឲ្យដឹងថាមុនពេលកើតហេតុគេឃើញជនជាតិបរទេសម្នាក់បើករថយន្តម៉ាកឡង់គ្រីស័រ ពណ៌សមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AU-0777 បើកដោយជនជាតិបរទេសម្នាក់ ក្នុងស្ថានភាពស្រវឹងស្រាជោកជាំពីកើតទៅលិចក្នុងល្បឿនលឿន បានរេចង្កូតទៅបុករះបាក់១៤កង់រថយន្តទៅមុខលែងរួចតែសំណាងល្អមិនបង្កឲ្យមានអ្នរងរបួស ភ្លាមនោះម្ចាស់រថយន្តបង្ករត់គេចខ្លួនពីកន្លែងកើតហេតុតែម្តង ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញវាស់វែងស្ទូចយករថយន្តទៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការរាជធានីភ្នំពេញដើម្បីរង់ចាំឲ្យម្ចាស់រថយន្តចូលខ្លួនដោះស្រាយតាមច្បាប់ ៕ ស រស្មី