ព័ត៌មានទាន់ហេតុការណ៍៖

ជំនួបរវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ចាប់ផ្តើម

ចែករំលែក៖

សេតវិមានបានប្រកាសឲ្យដឹងថា ប្រធានាធិបតីដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ បាននិងកំពុងជួបពិភាក្សាគ្នា រយៈពេល៤៥នាទី ។

តាមកាលវិភាគដែលសេតវិមានបានផ្តល់ឲ្យ លោក ត្រាំ នឹងជួប គីម ជុងអ៊ុន នៅវេលាម៉ោង ៩និង ១៥នាទី ព្រឹកថ្ងៃទី១២ ខែមិថុនា នៅសណ្ឋាគារ Capella ក្រោយមក នឹងជួបពិភាក្សាទ្វេភាគី បើកទូលាយ នៅវេលាម៉ោង ១០ ថ្ងៃ ខែ ឆ្នាំដដែល ។ បន្ទាប់មក គឺមេដឹកនាំ និងគណៈប្រតិភូប្រទេសទាំងពីរ ពិសាអាហារថ្ងៃត្រង់នៅវេលាម៉ោង១១និង៣០នាទីព្រឹក ។

ជំនួបពិភាក្សាបើកទូលាយ គឺមានការចូលរួមពីរដ្ឋមន្ត្រីការបរទេស អាមេរិក លោក Mike Pompeo , ប្រធានការិយាល័យសេតវិមាន លោក John Kelly ទីព្រឹក្សាសន្តិសុខជាតិ លោក John Bolton , លេខាព័ត៌មានសេតវិមាន លោកស្រី Sarah Sanders, ឧប្បការីអាមេរិកទទួលបន្ទុកបញ្ហាកូរ៉េខាងជើង លោក Sung Y Kim និង អគ្គនាយកសន្តិសុខទទួលបន្ទុកអាស៊ី លោក Matt Pottinger ចូលរួមនៅក្នុងកិច្ចប្រជុំនេះផងដែរ ។

ប្រធានាធិបតីអាមេរិក នឹងជួបពិភាក្សាជាមួយអ្នកសារព័ត៌មាន នៅវេលាម៉ោង១៦ ហើយនឹងចាកចេញពីសណ្ឋាគារ Capella នៅវេលាម៉ោង ១៨និង៣០នាទី រួចឡើងយន្តហោះ Air force One នៅវេលាម៉ោង១៩ តែម្តង ។

ជំនួបពិភាក្សារវាងមេដឹកនាំទាំងពីរ ធ្វើឡើងលឿនជាងការរំពឹងទុក ។ ចំណែកមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ក៏នឹងចាកចេញពីសឹង្ហបុរីនៅរសៀលថ្ងៃនេះផងដែរ ៕ ម៉ែវសាធី


ចែករំលែក៖