បើទោះបីមានជំនួបជាមួយប្រធានាធិបតីអាមេរិកនៅក្នុងប្រទេសសិង្ហបុរី ប៉ុន្តែកូរ៉េខាងជើងនៅតែមិនមានទំនុកចិត្តលើអាមេរិកនៅឡើយទេ ដោយសារតែអាមេ រិកបន្តដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើង។
ទាំងនោះហើយ បានធ្វើឲ្យទីក្រុងព្យុង យ៉ាង កាន់តែមិនទុកចិត្តអាមេរិកខ្លាចដូចស្ថានភាព ប្រទេសអុីរ៉ង់។ នៅពេលនេះដែរ ក្រុមសើុបការសំខាន់អាមេរិកបានបញ្ជាក់ថា កូរ៉េខាងជើងនៅតែបន្តសកម្មភាពផលិត បរមាណូដដែល។
តាមសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសៅរ៍ ទី៣០ ខែមិថុនា ឆ្នាំ ២០១៨ បានផ្សាយថា បណ្តាស្ថាប័នស៊ើបការណ៍សម្ងាត់អាមេរិកមានការជឿជាក់ថា កូរ៉េខាងជើងបានលួចសម្ងំបង្កើនចង្វាក់ ផលិតកម្មនៃឥន្ធនៈសម្រាប់អាវុធនុយក្លេអ៊ែរនៅតាមទីតាំងសម្ងាត់ៗជាច្រើនកន្លែង ក្នុងអំឡុងពេលប៉ុន្មានខែចុងក្រោយនេះ ហើយប្រហែលជាបាន និងកំពុងព្យាយាមលាក់បាំងរឿងទាំងនេះ តាមរយៈការស្វែងរកសម្បទាននានានៅក្នុងកិច្ចចរចានុយ ក្លេអ៊ែរជាមួយសហរដ្ឋអាមេរិក កាលពី ប៉ុន្មានសប្តាហ៍មុន។
ការវាយតម្លៃរបស់សហគមន៍ស៊ើបការណ៍សម្ងាត់អាមេរិកខាងលើនេះ ហាក់ដូចមិនស្របជាមួយទស្សនៈរបស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ បានបង្ហោះសារនៅក្រោយជំនួបកំពូលជាប្រវត្តិសាស្រ្ត កាល ពីថ្ងៃទី១២ ខែមិថុនា ជាមួយប្រមុខដឹកនាំ កូរ៉េខាងជើង លោក គីម ជុងអ៊ុន ថា លែង មានការគំរាមកំហែង នៃអាវុធនុយក្លេអ៊ែរ ពីសំណាក់កូរ៉េខាងជើងទៀតហើយ។
សារព័ត៌មាន NBC តាមរយៈការស្រង់សម្តីពីមន្រ្តីរដ្ឋាភិបាលអាមេរិក ដែលមិន បញ្ចេញអត្តសញ្ញាណ៥រូប បានរាយការណ៍ ថា នាអំឡុងពេលប៉ុន្មានខែកន្លងទៅនេះ កូរ៉េខាងជើងបានបង្កើនផលិតកម្មនៃការ ចម្រាញ់អ៊ុយរ៉ានីញ៉ូម សម្រាប់អាវុធនុយ ក្លេអ៊ែរ សូម្បីតែខ្លួនបានចូលមកចរចាតាមផ្លូវការទូតជាមួយសហរដ្ឋអាមេរិកក៏ដោយក្តី។ ការវាយតម្លៃរបស់បណ្តាទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក បានសន្និដ្ឋាន ទៀតថា កូរ៉េខាងជើងមានទីតាំងអភិវឌ្ឍ នុយក្លេអ៊ែរ សម្ងាត់ៗជាច្រើនកន្លែង បន្ថែម ពីលើទីតាំងផលិតឥន្ធនៈ ដែលគេបានដឹង នៅក្រុង យ៉ុងប្យុន (Yongbyon)។
គួរជម្រាបថា យ៉ាងណាមិញទីភ្នាក់ ងារចារកម្ម CIA បានបដិសេធមិនបញ្ចេញ យោបល់ លើសេចក្តីរាយការណ៍របស់ NBC ឡើយ ហើយក្រសួងការបរទេស អាមេរិកក៏បានឲ្យដឹងដែរថា ខ្លួនមិនអាច បញ្ជាក់ ហើយក៏មិនធ្វើអត្ថាធិប្បាយទៅលើបញ្ហាការណ៍សម្ងាត់នោះដែរ។ ចំណែក សេតវិមានវិញ មិនបានឆ្លើយតបចំពោះ សំណើសុំឲ្យអត្ថាធិប្បាយលើបញ្ហានេះឡើយ៕ ម៉ែវ សាធី