ខេត្តស្វាយរៀង ៖ ទារិកាអាយុ៦ខែម្នាក់បានស្លាប់មួយម៉ោងក្រោយបន្ទាប់ពីបុគ្គលិក ដែលគ្មានជំនាញពេទ្យច្បាស់លាស់ដែលត្រូវជាកូនក្មួយរបស់ម្ចាស់គ្លីនិកឯកជនឈ្មោះ សុវណ្ណចំរើនសុខ បានចាក់ថ្នាំជាបន្តបន្ទាប់ដោយមិនទាន់បានទទួលការពិនិត្យធ្វើរោគវិនិច្ឆ័យពីសំណាក់គ្រូពេទ្យព្យាបាលនៃគ្លីនិកនេះនៅឡើយ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩ព្រឹកថ្ងៃអង្គារ ១៤កើត ខែ បឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ នៅ ក្នុងគ្លីនិកឯកជនឈ្មោះ សុវណ្ណចំរើនសុខ ដែលមានលោកវេជ្ជបណ្ឌិត ឡឹក សម្បត្តិ, លោកវេជ្ជបណ្ឌិត ស៊ុន សាត និងលោក ម៉ុក សុវណ្ណ ជាអ្នកឈរឈ្មោះប្រចាំគ្លីនិក ស្ថិត នៅផ្លូវលេខ១០៥ ក្នុងភូមិស្រះវង់ សង្កាត់ ស្វាយរៀង ក្រុង-ខេត្តស្វាយរៀង ។
ទារិកាឈ្មោះ លីលី មានម្ដាយឈ្មោះ ទី ឡូត បច្ចុប្បន្នជាបុគ្គលិកមណ្ឌលសុខភាពស្វាយអង្គ មានទីលំនៅនៅភូមិអង្គកប្បាស ឃុំគោកព្រីង ស្រុកស្វាយជ្រំ ។
តាមការបញ្ជាក់ពីក្រុមគ្រួសារនៃទារិការងគ្រោះថា ទារិកានេះមានជំងឺក្អកនិងក្ដៅខ្លួនបានព្យាបាលដោយខ្លួនឯងនៅផ្ទះខ្លះ ហើយនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ បានបញ្ជូនទៅពិនិត្យ និងព្យាបាលបន្តនៅ គ្លីនិកខាងលើដើម្បីយកថ្នាំត្រឡប់មកព្យាបាលនៅផ្ទះវិញ។ ពេលទៅដល់គ្លីនិក សុវណ្ណចំរើនសុខ មិនបានជួបគ្រូពេទ្យ ព្យាបាលណាម្នាក់នៅប្រចាំការទេ មានតែ បុគ្គលិកពីរបីនាក់គ្មានពាក់ស្លាកសញ្ញា សម្គាល់អ្វីទាំងអស់បានប្រាប់ថា «មិនអីទេ ខ្ញុំអាចមើលបាន» ។
ពួកគាត់បានប្រាបឲ្យដឹងទៀតថា បន្ទាប់ មកពួកគេវាស់កម្តៅ ហើយប្រាប់ថាកូនតូចរលាកបំពង់កខ្លាំងពួកគេបានបូមថ្នាំ១ សឺរ៉ាំងមកចាក់តាមរន្ធគូថ ហើយមួយសន្ទុះក្រោយមកបូមថ្នាំ១សឺរ៉ាំងទៀតយកមក ចាក់តាមសរសៃឈាមប៉ុន្តែថ្នាំទាំង២លើកមិនដឹងជាថ្នាំអ្វីនោះទេដែលរួចយកសេរ៉ូម១ប្លោកមកបន្តជាមួយម្ជុលស្កាល់វ៉ែន ។
សាច់ញាតិទារិកាបានរៀបរាប់ទៀតថា ប៉ុន្មាននាទីក្រោយមកស្រាប់តែអ្នកជំងឺក្លាយទៅជាស្វាយសាច់ទាំងមូលត្រជាក់ចុងដៃចុងជើងនិងបែកញើសពេញចិញ្ចើមបាត់ស្មារតីលែងយំ។ ពេលនោះម្តាយសួរថា «កូនខ្ញុំម៉េចអ៊ៅចឹង?»។ បុគ្គលិកទាំងនោះ បាននិយាយថា «ក្មេងវារលាកសួត វាតែង តែអ៊ីចឹង វាមិនអីទេ» ។
អាណាព្យាបាលរបស់ទារិកាពេលឃើញកូនមិនស្រួលកាន់តែខ្លាំងក៏ភ័យតក់ស្លុតយ៉ាងខ្លាំងរួចនាំគ្នាយំអង្វរបុគ្គលិកពេទ្យឲ្យហៅគ្រូពេទ្យធំមកជួយពិនិត្យឲ្យបានត្រឹមត្រូវ។ ប៉ុន្តែនៅគ្លីនិកនេះមិនមានគ្រូពេទ្យ ច្បាស់ណាស់ណាមកពិនិត្យទេ (វេជ្ជបណ្ឌិត ឡឹក សម្បត្តិ, លោកវេជ្ជបណ្ឌិត ស៊ុន សាត, និងលោក ម៉ុក សុវណ្ណ)។ ដូច្នេះទារិកា កម្សត់បានស្លាប់ក្រោមដៃបុគ្គលិកពេទ្យ ដែលគ្មានចំណេះជំនាញវេជ្ជសាស្រ្តពិតប្រាកដធ្វើការនៅក្នុងគ្លីនិកឯកជនឈ្មោះ សុវណ្ណចំរើនសុខដែលគេប្រើឲ្យចាំទទួលអ្នកជំងឺ និងថែទាំអ្នកជំងឺជំនួសលោក ម៉ុក សុវណ្ណ ដែលជាម្ចាស់គ្លីនិក ។
លោក ម៉ុក សុវណ្ណ ដែលជាប់រវល់ការងារនៅឯមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ពេលមកដល់គ្លីនិកក៏ប្រញាប់ប្រញាល់បីសពទារិកាដោយខ្លួនឯងផ្ទាល់ដើម្បីយកទៅមន្ទីរកាន់មន្ទីរពេទ្យខេត្តស្វាយរៀងរួចក្លែងថាទារិកនេះបានស្លាប់នៅមន្ទីរពេទ្យខេត្តទៅវិញ ។
បុគ្គលិកជាច្រើនរូបធ្វើការផ្នែកកុមារនៃមន្ទីរពេទ្យបង្អែ្កកខេត្តស្វាយរៀងបានឲ្យដឹងថា ទារិកានេះបានស្លាប់មុនពេលលោក ម៉ុក សុវណ្ណ យកមកដល់មន្ទីរពេទ្យ ហើយគាត់បានឲ្យធ្វើឯកសារសម្រាកពេទ្យរបស់គាត់ និងធ្វើសេចក្តីរាយការណ៍ថា ស្លាប់នៅ ក្នុងមន្ទីរពេទ្យទៀតផង ។
សាច់ញាតិសពទារិកាបានរំលឹកថា ក្រោយពីធ្វើបុណ្យសពកូនរួចរាល់អាណា ព្យាបាលទារិកានេះបានដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀងដើម្បីឲ្យលោក ម៉ុក សុវណ្ណ ដែលជាម្ចាស់ គ្លីនិកសុវណ្ណចំរើនសុខទទួលខុសត្រូវ ចំពោះការស្លាប់កូនរបស់គាត់។ ប៉ុន្តែក្រោមការសម្រុះសម្រួលទើបមិនមានបណ្ដឹងវែងឆ្ងាយជាមួយនឹងការជួយលាក់បាំងថា កូន របស់គាត់មិនបានស្លាប់ក្នុងគ្លីនិក សុវណ្ណ ចំរើនសុខទេដោយឲ្យឆ្លើយថា បានស្លាប់នៅក្នុងមន្ទីរពេទ្យខេត្តស្វាយរៀង។ ដូច្នេះ អាណាព្យាបាលរបស់ទារិកានេះក៏សម្រេចចិត្តទទួលប្រាក់ចំនួន៤.០០០ដុល្លារពីលោក ម៉ុក សុវណ្ណ ។
ក្រុមគ្រូពេទ្យនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀងបានរិះគន់ថា ករណីចាក់ថ្នាំដោយបុគ្គលិកគ្មានវេជ្ជបញ្ជា និងមិនបាន ពិនិត្យដោយគ្រូពេទ្យនៅគ្លីនិកសុវណ្ណចំរើនសុខ មន្ត្រីទទួលខុសត្រូវនៅមន្ទីរសុខាភិ បាលខេត្តស្វាយរៀងមិនត្រឹមតែធ្វើមិនដឹងមិនឮទេ ថែមទាំងជួយលាក់បាំងបិទរឿងយ៉ាងជិតទៀតផង ។
ចំពោះការដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀងពីសំណាក់ក្រុមគ្រួសារសពទារិកានេះត្រូវបានលោកប្រាក់ ជុត អធិការក្រុងស្វាយរៀងបដិសេធ ចំពោះអ្នកយកព័ត៌មានថា «ខ្ញុំមិនបានទទួល ពាក្យបណ្តឹងពីក្រុមគ្រួសារសពទារិកាដែលបានស្លាប់នោះទេហើយខ្ញុំក៏មិនបានដឹង រឿងនេះដែរ» ។
ចំណែកលោកវេជ្ជបណ្ឌិត ឡឹក សម្បត្តិ ដែលឈរឈ្មោះជាប្រធានគ្លីនិកសុវណ្ណ ចំរើនសុខឲ្យលោក ម៉ុក សុវណ្ណ បានឆ្លើយនឹងសំណួររបស់អ្នកកាសែតដែលសួរថា តើលោកបានពិនិត្យ និងព្យាបាលទារិកា នោះទេ? លោកឆ្លើយយ៉ាងខ្លីថា «ខ្ញុំមិន អាចនិយាយប្រាប់លោកបានទេរឿងនេះ» រួចក៏បិទទូរស័ព្ទ ។
ចំពោះករណីនេះលោកវេជ្ជបណ្ឌិត ស៊ុន សាត ដែលជាគ្រូពេទ្យព្យាបាលមួយ រូបនៅក្នុងគ្លីនិកនេះដែរបានឆ្លើយសំណួរថា តើលោកបានពិនិត្យនិងព្យាបាលទារិកានោះទេ? លោកឆ្លើយយ៉ាងខ្លីថា «ចាំខ្ញុំ ពិភាក្សាគ្នាសិន និងទុកពេលគិតបន្តិចសិន » ហើយចុចបិទទូរស័ព្ទតែម្តងនៅពេលទូរស័ព្ទទៅលើកទី២លោកមិនលើកទូរស័ព្ទឡើយ។
លោកវេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀងបានបញ្ជាក់ ប្រាប់ថា «ខ្ញុំមិនបានដឹងរឿងនេះទេជួនកាលគេមានចេតនាលាក់បាំងមិនឲ្យខ្ញុំដឹង។ ខ្ញុំនឹងចាត់ក្រុមការងារមន្ទីរសុខាភិបាលចុះទៅអង្កេតរឿងនេះនៅគ្លីនិកនោះតែម្ដង»។
យោងតាមគណនីហ្វេសប៊ុកមួយឈ្មោះ JJ Roth បានបង្ហោះរូបទារិកានេះកាលនៅ រស់ និងក្រោយពេលស្លាប់ដោយសរសេរ ថា «R.I.P សូមឲ្យវិញ្ញាណក្ខន្ធអូនទៅកាន់សុគតិភពណាអូនសម្លាញ់។ ធ្វើម៉េចអាយុ អូនខ្លី។ បើមានជាតិក្រោយសូមឲ្យអូនទៅកើតនៅកន្លែងដែលល្អជួបជុំគ្រួសារកុំឲ្យ ដូចជាតិនេះណា។ ទៅឲ្យបានសុខអូន ហើយបើអាចសូមឲ្យជាតិក្រោយឲ្យអូន មកនៅជាមួយប៉ាម៉ាក់វិញណាអូនលីលី»។
ពាក់ព័ន្ធនឹងករណីនេះមហាជនបាន និយាយរិះគន់ថា ក្នុងគ្លីនិកឯកជនមួយ ទទូលព្យាបាលអ្នកជំងឺដោយគ្មានគ្រូពេទ្យប្រចាំការបុគ្គលិកខ្លះមិនមានសញ្ញាបត្រ វេជ្ជសាស្ត្រហ៊ានចាក់ថ្នាំឲ្យអ្នកជំងឺដោយ ចិត្តឯងគ្មានការពិនិត្យ និងចេញវេជ្ជបញ្ជាពីគ្រូពេទ្យឯកទេស ហើយនៅពេលដែលអ្នក ជំងឺធ្វើទុក្ខបុគ្គលិកទាំងនោះមិនដឹងថា អ្នកជំងឺស្ថិតក្នុងស្ថានភាពអាសន្នអ្វីផងបាន ត្រឹមតែប្រាប់ថា មិនអីទេរហូតដល់អ្នកជំងឺ ស្លាប់តើអ្នកណាជាអ្នកទទួលខុសត្រូវ? តើលោក ឡឹក សម្បត្តិ, លោក ស៊ុន សាត, លោក ម៉ុក សុវណ្ណ ឬបុគ្គលិកដែលចាក់ថ្នាំស្រេចតែចិត្តនោះជាអ្នកទទួលខុសត្រូវ?៕ ហេង សូរិយា