ខេត្តសៀមរាប ៖ ហាងកាហ្វេកូនលោក អភិបាលខេត្តសៀមរាប និងហាងផ្សេងទៀត ក្នុងក្រុងសៀមរាបជាច្រើនឃើញសរសេរស្លាកសុទ្ធតែអក្សរសាស្ត្របរទេសធ្វើឱ្យ ភ្ញៀវជាតិ និងអន្តរជាតិ ព្រមទាំងពលរដ្ឋក្នុង ខេត្តសៀមរាបរិះគន់ទៅលើអាជ្ញាធរខេត្តថា មិនបានយកចិត្តទុកដាក់អក្សររបស់ ជាតិខ្លួនឯង ។
តាមប្រភពពីប្រជាពលរដ្ឋមើលឃើញដោយផ្ទាល់ភ្នែកនៅក្នុងក្រុងសៀមរាបបានរៀបរាប់ប្រាប់កាសែតនគរវត្តកាលពីព្រឹកថ្ងៃអាទិត្យ ៤រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨ថា អ្នកដែលមានលុយ ទើបអាចបើកហាងបែបនេះបានគឺសុទ្ធតែសុំច្បាប់ពីខាងរដ្ឋបាលសាលាខេត្តនៅ ច្រកចេញចូលតែមួយទាំងអស់ ហើយ ចំពោះការធ្វើស្លាកយីហោលក់វិញគឺបានសុំច្បាប់ពីខាងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្ត និងខាងមន្ទីរអន្តរវិស័យខេត្ត ព្រម ទាំងមន្ទីរព័ត៌មានខេត្តផងដែរ បើពុំដូច្នេះទេ ពួកគាត់ពិតជាមិនអនុញ្ញាតឱ្យលើកស្លាក យីហោបានឡើយ ។
ប្រភពបានបន្តថា ចំពោះស្លាកយីហោ ដែលសរសេរតែអក្សរបរទេសគ្មានអក្សរខ្មែរមួយតួនោះត្រូវបានមហាជនរិះគន់ថា បើខ្មែរខ្លួនឯងមិនគោរព មិនអនុវត្តច្បាប់ គ្មានការណែនាំឲ្យប្រើប្រាស់អក្សរខ្មែរដែលជាអក្សរសាស្ត្ររបស់ជាតិខ្លួនឯងផងនោះតើចាំឲ្យបរទេសគេមកគោរពមែនទេ? ជាក់ស្តែងហាងកូនរបស់លោក ឃឹម ប៊ុន សុង ដែលជាថ្នាក់ដឹកនាំខេត្តទាំងមូលហេតុអ្វីបានជាមិនប្រាប់កូនឱ្យរៀបរៀងស្លាកជាអក្សរខ្មែរឱ្យធំនៅពីលើអក្សរបរទេសទៅ? តែនេះបែរជាគ្មានអក្សរខ្មែរឃើញតែអក្សរ បរទេសទៅវិញ នេះឬថ្នាក់ដឹកនាំខេត្តដែល ជាគំរូដល់អ្នកផ្សេងៗ ។
បើតាមប្រភពពីមន្ត្រីអន្តរវិស័យខេត្តសៀមរាបបានប្រាប់នគរវត្តតាមទូរស័ព្ទ កាលពីព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨ថា បើអក្សរទាំងអស់នោះជាពាណិជ្ជនាមមកពីក្រៅតែម្តងចេញដោយក្រសួងវាអត់អីទេប្រសិនបើពួកគាត់អត់មានពាណិជ្ជនាមដូចជាកម្មសិទ្ធិរបស់ខ្លួនអត់មានអក្សរខ្មែរលើ អក្សរបរទេសនោះបានន័យថា អក្សរខ្មែរត្រូវធំជាងអក្សរបរទេសពាក់កណ្តាល ។
ប្រភពបានបញ្ជាក់ថា ចំពោះការចេញ សេចក្តីជូនដំណឹងដល់សាធារណជនដែលជាអាជីវករទាំងអស់នោះរដ្ឋបាលសាលាខេត្តបានចេញសេចក្តីណែនាំជាយូរឆ្នាំមកហើយ ប៉ុន្តែថ្មីៗនេះក៏បានចេញម្តងកែតម្រូវ ម្តងទៀតផងដែរ ។
ជុំវិញករណីខាងលើនោះដែរលោក លី សំរិទ្ធ អ្នកនាំពាក្យសាលាខេត្ត និងជាអភិ បាលរងខេត្តបានប្រាប់នគរវត្តតាមទូរស័ព្ទនៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨ថា បើ អាជីវករណាបើកហាងគ្មានអក្សរខ្មែរនៅលើស្លាកយីហោទេនោះគឺវាខុសច្បាប់របស់រាជរដ្ឋាភិបាលកម្ពុជាហើយ ។
ចំពោះករណីខាងលើអ្នកយកព័ត៌មានកាសែតនគរវត្តមិនអាចសុំការបំភ្លឺពីប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀម រាបបានទេនៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ ២០១៨ដោយសារទូរស័ព្ទរបស់លោកនៅក្រៅតំបន់សេវា ៕ ប៊ុន រិទ្ធី