តាមទម្លាប់អតីតប្រធានាធិបតីអាមេរិកគឺមិនអាចបញ្ចេញមតិ ឬគោលនយោបាយ អ្វីឡើយ ទៅលើការដឹកនាំរបស់ប្រធានា ធិបតីបច្ចុប្បន្ន។ ប៉ុន្តែពេលនេះ អតីតប្រធា នាធិបតី អូបាម៉ា មិនអាចរក្សាការស្ងប់ ស្ងាត់បានទៀតឡើយ ក្នុងពេលការបោះឆ្នោតពាក់កណ្តាលអាណត្តិជិតមកដល់។
អតីតប្រធានាធិបតី អូបាម៉ា បាន បង្ហាញមុខនៅក្នុងកម្មវិធីនយោបាយមួយ ដើម្បីស្វែងរកមូលនិធិរបស់គណៈកម្មការជាតិប្រជាធិបតេយ្យ DNC នៅទីក្រុង Beverly Hill រដ្ឋកាលីហ្វ័រនីញ៉ាកាលពីថ្ងៃទី២៦ ខែមិថុនា។
នៅក្នុងការបង្ហាញខ្លួនតាមកញ្ចក់ទូរ ទស្សន៍រយៈពេល៤៨នាទី លោក អូបាម៉ា បានព្រមានគណបក្សប្រជាធិបតេយ្យថា បើគ្រាន់តែរអ៊ូរទាំនឹងគោលនយោបាយ របស់ទីក្រុងវ៉ាស៊ីនតោននាពេលនេះ មិន ទាន់គ្រប់គ្រាន់នោះទេ គឺត្រូវតែមានសកម្មភាពខ្លាំងជាងនេះ ហើយមានជំនឿថា នឹងទទួលបានជ័យជម្នះលើគណបក្សសាធារណរដ្ឋនៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិនាខែវិច្ឆិកាខាងមុខ។
សារព័ត៌មាន Los Angeles Times បាន ផ្សាយថា លោក អូបាម៉ា មិនបាននិយាយ ដល់ឈ្មោះប្រធានាធិបតី ដូណាល់ ត្រាំ ម្តងណាឡើយ នៅក្នុងសុន្ទរកថាពេល នេះ។ ប៉ុន្តែលោកគ្រាន់តែលើកឡើងពីការខុសប្លែកគ្នានៅក្នុងគោលនយោបាយ ដឹកនាំរបស់លោកកាលពី៨ឆ្នាំមុន និង បច្ចុប្បន្នតែប៉ុណ្ណោះ។
នេះជាព្រឹត្តិការណ៍ស្វែងរកមូលនិធិ ដំបូងរបស់លោក អូបាម៉ា សម្រាប់ DNC នៅក្នុងឆ្នាំនេះ។ រយៈពេលកន្លងមក លោក អូបាម៉ា បានចំណាយពេលវេលា ទាំងអស់ សម្រាប់សរសេរឲ្យរួចរាល់នូវសៀវភៅរបស់លោក និងសកម្មភាព សម្រាប់មូលនិធិ អូបាម៉ា។
វត្តមានរបស់លោក អូបាម៉ា ត្រូវបាន គណបក្សប្រជាធិបតេយ្យអបអរសាទរ យ៉ាងខ្លាំង និងជាការរង់ចាំរបស់អ្នកគាំទ្រ គណបក្សសាធារណរដ្ឋ។ លោក អូបាម៉ា បានបញ្ជាក់ថា «យើងមិនគិតច្រើនពីការបោះឆ្នោតនាពេលខាងមុខឡើយ»។
ជាមួយគ្នានេះលោក អូបាម៉ា មានសកម្មភាពជាច្រើនផ្សេងទៀតនៅក្នុងរដ្ឋ កាលីហ្វ័រនីញ៉ា ដើម្បីស្វែងរកមូលនិធិ សម្រាប់គណបក្សប្រជាធិបតេយ្យ ដើម្បី ប្រកួតប្រជែងជាមួយគណបក្សសាធារណរដ្ឋដណ្តើមសំឡេងភាគច្រើននៅក្នុងសភាមកវិញ៕ ម៉ែវ សាធី