ព័ត៌មានទាន់ហេតុការណ៍៖

វិស័យកសិកម្មនៅអាស៊ីនឹងកើនឡើងពីពេលនេះដល់ឆ្នាំ២០២៧

ចែករំលែក៖

តាមរបាយការណ៍របស់អង្គការចំណីអាហារ និងស្បៀងអាហាររបស់អង្គការ សហប្រជាជាតិ FAO និង អង្គការដើម្បី សហប្រតិបត្តិការ និងអភិវឌ្ឍសេដ្ឋកិច្ច OCDE ពីពេលនេះ រហូតដល់ឆ្នាំ ២០២៧ ផលិតផលកសិកម្មនៅ អឺរ៉ុប នឹងថយចុះ ក្នុងពេលដែលផលិតផលកសិកម្មរបស់ អាស៊ី ខ្ពស់ជាងមុន។

របាយការណ៍ព្យាករ កសិកម្មពិភព​លោក សម្រាប់រយៈពេល ១០ឆ្នាំទៅមុខ (២០១៨-២០២៧)៖ អង្គការសហប្រជា ជាតិ និងអង្គការដើម្បី សហប្រតិបត្តិការ និងអភិវឌ្ឍសេដ្ឋកិច្ច បានវាយតម្លៃថា ចំណែករបស់អឺរ៉ុប សម្រាប់ផលិតផលកសិកម្មពិភពលោកនឹងធ្លាក់ចុះ ជាបន្តបន្ទាប់ ចាប់ពីពេលនេះ រហូតដល់ឆ្នាំ ២០២៧។ ការធ្លាក់ចុះ នៃតម្រូវការ ប្រេង ដែលផលិត ចេញពីគ្រាប់ធញ្ញជាតិ ដូចជាផ្កាឈូករ័ត្ន ឬកុលហ្សា ជាដើមហេតុមួយ នៃការធ្លាក់ ចុះផលិតកម្ម កសិកម្មនៅក្នុងទឹកដីអឺរ៉ុប។ បរិមាណផលិតទំនិញកសិកម្ម ធ្លាក់ចុះនៅ អឺរ៉ុបខាងលិច ប៉ុន្តែសម្រាប់រុស្ស៊ីក្នុងទឹកដី អឺរ៉ុបនៅតែនាំមុខគេ ក្នុងនាមជាប្រទេស ដែលផលិតនាំចេញស្រូវសាឡី ច្រើនជាង គេទៅលើទីផ្សារពិភពលោក ។

នៅពេលនេះដែរ ចិនបានដើរប្រមូល ទិញដីសម្រាប់ធ្វើកសិកម្ម បំពេញការខ្វះខាតរបស់ពលរដ្ឋនៅក្នុងស្រុកធានាផ្គង់ ផ្គង់ផលិតផលកសិកម្មទៅឲ្យទីផ្សារស្រុកចិន ដែលនៅពេលនោះ អតិថិជនកាន់តែ ច្រើន មានតម្រូវការទាមទារកាន់តែខ្ពស់ពីរឿងគុណភាព និងបរិមាណ។

ចិនមានប្រជាជនសរុប ១.៣៧៩លាន នាក់ នៅឆ្នាំ ២០១៦ ស្មើនឹង១ភាគ៥នៃ ប្រជាជនសរុបលើផែនដី។ ប៉ុន្តែ ផ្ទៃដីកសិ កម្ម ដែលចិនអាចដាំដុះ ដើម្បីចិញ្ចឹមជន ជាតិរបស់ខ្លួន មានតែ១០ភាគរយប៉ុណ្ណោះ។ ផ្ទៃដីកសិកម្មតិចតួច មិនឆ្លើយតបនឹងការ កើនឡើងមិនឈប់នៃចំនួនមាត់មនុស្ស នៅ ប្រទេសចិន។ នៅពេលដែលដីធ្វើ កសិកម្មមានតិចតួច រួចទៅហើយនោះ នៅមានកត្តាមួយចំនួន ដូចជា ការប្រើជី គីមី ច្រើនជ្រុលរហូតធ្វើឲ្យដីហិរ ខ្សោះគ្មាន ជីជាតិ ការបំពុលបរិស្ថាន ការសាងសង់ ពង្រីកក្រុងទៅលើដីស្រែកសិកម្ម ហើយ និងការប្រែប្រួលអាកាសធាតុ ដែលជា ដើមហេតុនៃគ្រោះរាំងស្ងួត គ្មានទឹកភ្លៀង ។ល។និង។ល។ ដែលរឹតតែកាត់បន្ថយ ទំហំដីកសិកម្មរបស់ចិនឲ្យកាន់តែរួមតូចទៅទៀត។

នៅពេលប្រទេសចិនចាប់ផ្តើមមាន សេដ្ឋកិច្ចរីកចម្រើន ជនជាតិចិន មានជីវ ភាពល្អប្រសើរជាងមុន ចាប់មានតម្រូវការ ចំណង់ខ្ពស់ចង់បរិភោគសាច់សត្វ ដែល ពួកគេកម្រនឹងបានស្គាល់រសជាតិ កាល នៅក្រក្រី។ ប៉ុន្តែកសិកម្ម ចិញ្ចឹមសត្វ យក សាច់ បានទាមទារខ្ពស់ ចំណីអាហារ សត្វ ដូចជាពោត សណ្តែកជាដើម។ ដីកសិកម្ម សម្រាប់ដំណាំស្រូវ សម្រាប់ចំណីមនុស្ស មានមិនគ្រប់គ្រាន់ ចុះទម្រាំដីកសិកម្ម សម្រាប់ដំណាំពោតសណ្តែក សម្រាប់ធ្វើជាចំណីសត្វគឺវាមិនគ្រប់គ្រាន់ទេ។

គឺដោយសារតែដីកសិកម្មសម្រាប់ដាំដុះមានតិច និងរួមផ្សំនឹងការកើនឡើង នៃតម្រូវការ ចំណីអាហារសម្រាប់មនុស្ស និងសត្វនេះហើយ បានជាក្រុមហ៊ុនរដ្ឋ និងឯកជនចិន នៅប៉ុន្មានឆ្នាំចុងក្រោយនេះបានដើរប្រមូលទិញកសិកម្មនៅបរទេស មិនថា នៅអាស៊ី អាហ្រ្វិក អាមេរិឡាទីន អាមេរិក អូស្ត្រាលី និងនៅអឺរ៉ុបនោះទេ។

តាមការវាស់ស្ទង់របស់សមាគមអាមេរិកពីរ គឺ Heritage Foundation និងវិទ្យាស្ថានសហគ្រាសអាមេរិកាំងAmerican Entreprise Institute នៅក្នុងបរិបទដែលតម្រូវ ការចំណីអាហារកើនឡើង នៅក្នុងប្រទេស ក្រុមហ៊ុនវិនិយោគរបស់ចិន បានបង្កើន សកម្មភាពទិញ វិនិយោគ ដីកសិកម្ម នៅ បរទេស។ តាំងពីឆ្នាំ ២០១០មក តម្លៃវិនិ យោគសរុបរបស់ចិន ទៅលើផ្នែកកសិកម្ម នៅបរទេស មានចំនួនសរុប ៩៤ពាន់លាន ដុល្លារ។

នៅពេលដែលប្រទេសមួយចំនួនមានច្បាប់ហាមឃាត់មិនឲ្យលក់ដីកសិកម្មទៅឲ្យជនបរទេស ប្រទេសមួយចំនួនទៀត ដូចជានៅតំបន់អាស៊ីអាគ្នេយ៍ អាហ្រ្វិក និងអាមេរិកឡាទីនបានក្លាយជាផ្ទាំងស៊ីប របស់ក្រុមហ៊ុនចិន។ តាមទិន្នន័យរបស់ ក្រុមអ្នកស្រាវជ្រាវឯករាជ្យ អាមេរិកាំង ឈ្មោះ Land Matrix ក្រុមហ៊ុនរដ្ឋ និងឯក ជនរបស់ចិន បាន ចាយលុយរាប់លាន ដុល្លារ ដើម្បីក្លាយជាម្ចាស់ដី ស្រូវសាឡី ចម្ការសណ្តែក ដំណាំបន្លែ ឬកសិដ្ឋាន ចិញ្ចឹមសត្វ ដែលនៅក្នុងប្រទេស អាហ្សង់ ទីន ឈីលី ប្រេស៊ីល ម៉ូហ្សំប៊ិក នីហ្សេរីយ៉ា ស៊ីមបាវ៉េ កម្ពុជា និងឡាវជាដើម។

តាំងពីឆ្នាំ ២០១២មក អ្នកស្រាវជ្រាវ អាមេរិកាំងបានជំរឿន រកឃើញ គម្រោង វិនិយោគរបស់ចិន ទៅលើផ្ទៃដីកសិកម្ម ប្រមាណ ៩លាន ហិកតា នៅក្នុងបណ្តា ប្រទេសកំពុងអភិវឌ្ឍន៍ ដែលនៅក្នុងនោះ មានកម្ពុជាផងដែរ ។ នៅប៉ុន្មានឆ្នាំចុង ក្រោយនេះទៀត ចិនបានពង្រីកដែនវិនិយោគលើកសិកម្មបរទេស ទៅដល់អាមេ រិក អូស្ត្រាលី និងនៅអឺរ៉ុប។

នៅឆ្នាំ ២០១៦ ក្រុមហ៊ុនផលិតសាច់ គោ ដ៏ល្បីឈ្មោះមួយរបស់អូស្ត្រាលី បានធ្លាក់ក្នុងដៃគ្រប់គ្រងរបស់ក្រុមហ៊ុនអចលនទ្រព្យចិន Shanghai CRED ដែលធ្វើជំនួញផងដែរទៅលើអាជីវកម្មរ៉ែ។ វាមិនមែនចៃ ដន្យទេ ដែលក្រុមហ៊ុនចិនបោះទុនវិនិយោគលើក្រុមហ៊ុនផលិតសាច់គោអូស្ត្រាលី។ ក្រុមហ៊ុនSkidman &Com ជាម្ចាស់ កសិដ្ឋាន ចិញ្ចឹមគោ ជិត ពីរសែនក្បាល (១៨៥ ០០០) និងជាអ្នកមានសិទ្ធិ គ្រប់គ្រង លើ២៥ភាគរយនៃដីកសិកម្ម សរុប នៅអូស្ត្រាលី។ នៅនូវែលហ្សេឡង់ វិញ ក្រុមហ៊ុន កសិចំណីអាហារចិន Bright Food បានទិញ កសិដ្ឋានចិញ្ចឹមគោយក ទឹកដោះ ដែលជាផលិតផលពេញនិយម នៅក្នុងប្រទេសចិន។ នៅក្នុងចំណែក សាច់គោ ក្រុមហ៊ុនឯកជនចិនមួយផ្សេង ទៀត បានទិញ ក្រុមហ៊ុនផលិតសាច់ក្រក Hot dogs Smithfield Foods ដ៏ល្បី ឈ្មោះរបស់អាមេរិក ដើម្បី បានសិទ្ធិចូលទៅទិញដីសម្រាប់ចិញ្ចឹមសត្វនៅអាមេ​រិក។

នៅទ្វីបអឺរ៉ុប មានព័ត៌មានចុះផ្សាយថា ប្រទេសអ៊ុយក្រែន ដែលជាជង្រុក ផលិតស្រូវសាឡីដ៏សំខាន់របស់អឺរ៉ុបបានជួលដីកសិកម្ម៣លានហិកតាទៅឲ្យក្រុមហ៊ុនចិន។ ដំណឹងនេះបានបង្កឲ្យមានមតិប្រឆាំងតវ៉ាយ់ាងខ្លាំងក្នុងចំណោមប្រជាជនអ៊ុយក្រែន មុននឹងត្រូវរដ្ឋាភិបាលចេញមុខបដិសេធ ថា មិនពិតទៅវិញ។ នៅប្រទេស បារាំង ក្រុមហ៊ុនចិន Reward Group បានប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង AFPថា ខ្លួនបានទិញដីកសិកម្ម ជិត ៣ពាន់ហិកតា ក្នុងប្រទេសបារាំង ដើម្បី ដាំស្រូវសា ឡីសរីរាង្គ។ ចម្ការទំពាំងបាយជូរ និងកន្លែងផលិតស្រា ដែលជាអត្ត សញ្ញាណសំខាន់របស់បារាំង បានធ្លាក់ ម្តងមួយៗ ក្នុងដៃគ្រប់គ្រងរបស់ក្រុមហ៊ុន ចិន។ នៅពេលដែលចិនទិញធ្វើជាម្ចាស់ដីស្រែស្រូវសាឡី បារាំង រាប់ពាន់ហិកតា ទៀតនោះ ប្រជាជនបារាំង រឹតតែខឹងសម្បា និងរិះគន់ អាជ្ញាធរដែនដី ដែលតាមពិត ហាក់មិនបានដឹងពីការទិញ ផ្ទេរសិទ្ធិដីកសិកម្មរវាងក្រុមហ៊ុនចិន នឹងកសិករបារាំង នោះផងទេ។ នៅមួយថ្ងៃ មុនបើកពិព័រណ៍ កសិកម្មអន្តរជាតិ នៅទីក្រុងប៉ារីស ប្រធា នាធិបតីបារាំង លោកអេមម៉ានុយអែល ម៉ាក្រុង ដែលនិយាយយោងដល់ការទិញដីកសិកម្មបារាំង ពីសំណាក់ក្រុមហ៊ុនចិន បានសន្យាទៅកាន់កសិករបារាំង វ័យក្មេង ថា រដ្ឋាភិបាលរបស់លោកនឹងចាត់វិធាន ការគ្រប់បែបយ៉ាង ដើម្បីទប់ស្កាត់កុំឲ្យដី កសិកម្មបារាំង ដែលលោកចាត់ចូលជាអធិបតេយ្យភាពរបស់បារាំង ធ្លាក់ជាដាច់ខាត ទៅក្នុងដៃ របស់ជនបរទេស៕ ម៉ែវ សាធី


ចែករំលែក៖