ក្រោយកិច្ចប្រជុំកំពូលអាមេរិក-រុស្សី មន្ត្រីទីក្រុងមូស្គូបានឡើងគម្រោងរៀបចំជំនួបរវាង លោកពូទីន នឹងមេដឹកនាំកូរ៉េខាង ជើងគីម ជុងអ៊ុន។
សារព័ត៌មានរុស្សី Ria Novosti នៅថ្ងៃ ទី១៨ ខែកក្កដា បានដកស្រង់សម្តី ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅកូរ៉េខាងជើង លោក Alexander matsegora មកបញ្ជាក់ថា ជំនួប រវាង មេដឹកនាំកូរ៉េខាងជើង នឹងប្រធានា ធិបតីពូទីន កំពុងតែស្ថិតនៅក្នុងកិច្ចពិភាក្សារវាងមន្ត្រីជាន់ខ្ពស់ប្រទេសទាំងពីរដើម្បីរៀបចំ ។
តំណាងភាគីរុស្ស៊ីនៅទីក្រុងព្យុងយ៉ាងបញ្ជាក់ថា ក្នុងស្ថានភាពបច្ចុប្បន្ន ជំនួប នឹងត្រូវបានធ្វើឡើងហើយអាចលុបទណ្ឌកម្មកូរ៉េខាងជើងបន្តិចម្តងៗគឺជារឿងសមហេតុសមផល។ នៅពេលនេះ មន្ត្រីប្រទេសទាំងពីរមិនទាន់កំណត់ពេលវេលា នៃជំនួប កំពូលរវាង ប្រធានាធិបតីពូទីន នឹងមេដឹក នាំគីម ជុងអ៊ុននៅឡើយទេ ។ប៉ុន្តែក្រុមអ្នកឯកទេសបានលើកឡើងថា ជំនួបអាចនឹងធ្វើឡើងនៅក្នុងខែកញ្ញាខាងមុខ ។ វិមាន ក្រឹមឡាំង ធ្លាប់បានបញ្ជាក់ថា ទីក្រុងមូស្គូបានអញ្ជើញមេដឹកនាំគីម ជុងអ៊ុន ទៅកាន់ រុស្ស៊ី នៅខែកញ្ញាខាងមុខ។
ព័ត៌មានខាងលើកើតឡើង ក្រោយ ពេលប្រធានាធិបតីរុស្ស៊ីលោកពូទីន និង សមភាគីអាមេរិកលោកដូណាល់ ត្រាំ បានជួបពិភាក្សាគ្នានៅក្នុងប្រទេសហ្វាំងឡង់ ។ នៅក្នុងជំនួបនោះការលុបបំបាត់អាវុធ បរមាណូ ត្រូវបានលើកយកមកពិភាក្សា ផងដែរ។
កន្លងមក ជំនួបកំពូលរវាង លោកត្រាំ នឹង លោកគីម ជុងអ៊ុន នៅក្នុងប្រទេស សិង្ហបុរីទទួលបានជោគជ័យ ក្នុងនោះក៏មានការរំសាយអាវុធបរមាណូនៅកូរ៉េខាងជើងផងដែរ។
រុស្ស៊ីនិងកូរ៉េខាងជើង មានខ្សែបន្ទាត់ ព្រំដែនរួមគ្នា ដល់ទៅ១៧គីឡូម៉ែត្រ និងមានទំនាក់ទំនងការបរទេសជិតស្និទ្ធបំផុតតាំងពីដើមរៀងមក។ កាលពីថ្ងៃទី៣១ ខែឧសភា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានទៅកាន់ទីក្រុងព្យុង យ៉ាង ក្នុងពេលដែលកូរ៉េខាងជើងត្រៀម ជួបជាមួយអាមេរិក។
ពាក់ព័ន្ធនឹងទណ្ឌកម្ម កូរ៉េខាងជើង ក្រោយពេលមានជំនួបរវាង លោកគីម ជុងអ៊ុន ជាមួយប្រធានាធិបតីអាមេរិក ប្រធានាធិបតីកូរ៉េខាងត្បូង ក៏ដូចជាប្រធានាធិបតីចិនជាច្រើនលើកមក ទណ្ឌកម្ម ទៅលើកូរ៉េខាងជើង ដូចជាត្រូវបានប្រទេស នៅក្នុងតំបន់ បន្ធូរបន្ថយ បិទភ្នែកធ្វើមិនឃើញទុកឲ្យកូរ៉េខាងជើង រកសុីដោយលួច លាក់។
ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង យ៉ុនហាប់ នៅថ្ងៃពុធ កន្លងមកនេះបានរាយការណ៍ថា មានការសង្ស័យកាន់តែច្រើន ឡើងថា ចិនអាចមានជាប់ពាក់ព័ន្ធនឹងសកម្មភាពដឹកជញ្ជូនធ្យូងថ្មរបស់កូរ៉េខាងជើងដោយខុសច្បាប់ ពីរុស្ស៊ីទៅកាន់ប្រទេស កូរ៉េខាងត្បូង កាលពីឆ្នាំ២០១៧។
យោងតាមយ៉ុនហាប់ឲ្យដឹងថា នាវាពីរគឿងចុះបញ្ជីនៅក្នុងប្រទេសប៉ាណាម៉ា និងសៀរ៉ាឡេអូន ត្រូវបានគេប្រើប្រាស់ក្នុងការដឹកជញ្ជូនធ្យូងថ្មរបស់កូរ៉េខាងជើង ដែលជាប់បម្រាមក្រោមទណ្ឌកម្មអង្គការសហប្រជាជាតិ កាលពីខែតុលា ឆ្នាំ២០១៧។
នាវាចុះបញ្ជីនៅប្រទេសប៉ាណាម៉ា មាន ឈ្មោះថា Sky Angel បានដឹកជញ្ជូនធ្យូង ថ្មពីទីក្រុងខូលមីក (Kholmsk) នៃប្រទេសរុស្ស៊ីឆ្ពោះទៅកាន់ទីក្រុងកំពង់ផែ អុីនឈ័ន (Incheon) ប្រទេសកូរ៉េខាងត្បូង ហើយនាវានេះគឺជាកម្មសិទ្ធិក្រុមហ៊ុនចិន Dalian Sky Ocean International Shipping Agency មានមូលដ្ឋានក្នុងស្រុកចុងសាន (Zhongshan) នៃទីក្រុងដាលៀន (Dalian) ខេត្តលាវនីង (Liaoning) ប្រទេស ចិន។
ចំណែកឯនាវាមួយគ្រឿងទៀត ចុះបញ្ជី ក្នុងប្រទេសសៀរ៉ាឡេអូន Rich Glory បានចូលទៅដល់កំពង់ផែ Pohang របស់ កូរ៉េខាងត្បូង កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧ ដោយមានផ្ទុកទៅដោយធ្យូងថ្មកូរ៉េខាងជើង។ នាវានេះប្រតិបត្តិការ ដោយក្រុម ហ៊ុនចិន Sanhe Marine មាន មូលដ្ឋានក្នុងទីក្រុង Dalian។
គួរបញ្ជាក់ថា បើតាមដំណោះស្រាយ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិលេខ ២៣៧១ ដែលត្រូវបានអនុម័ត កាលពីខែសីហា ឆ្នាំ២០១៧ ការនាំចេញ រ៉ែរបស់កូរ៉េខាងជើង ក្នុងនោះរួមមានធ្យូងថ្មត្រូវបានចាត់ទុកថា ជាទង្វើខុសច្បាប់ និងត្រូវហាមឃាត់៕ ម៉ែវ សាធី