ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងជើង កោះហៅមន្ត្រីទូតទាំងអស់ត្រឡប់ទៅទីក្រុងព្យុងយ៉ាង

ចែករំលែក៖

សារព័ត៌មានកូរ៉េខាងត្បូង បានផ្សាយ ថា នៅថ្ងៃទី១៩ ខែកក្កដា មេដឹកនាំកូរ៉េ ខាងជើងលោកគីម ជុងអ៊ុន បាន កោះហៅមន្ត្រីការទូតទាំងអស់នៅក្រៅប្រទេស និង មន្ត្រីពាក់ព័ន្ធផ្សេងទៀតមកទីក្រុងព្យុងយ៉ាង។

មន្ត្រីទាំងអស់នៅក្រៅប្រទេសបានកោះហៅមកស្រុកវិញដើម្បីចូលរួម កិច្ច ប្រជុំ មន្ត្រីស្ថានទូត ដើម្បីអាចផ្លាស់ប្តូរពី​ទស្សនៈនយោបាយមួយចំនួន ។ នៅពេលនេះគេមិនទាន់ដឹងថាកិច្ចប្រជុំនេះធ្វើឡើង បើកចំហក៏សម្ងាត់ ហើយអាចធ្វើឡើងនៅក្នុងសប្តាហ៍នេះឬយ៉ាងណានោះ?

កន្លងមកកូរ៉េខាងជើងបានប្រកាសពី កិច្ចប្រជុំ មន្ត្រីការបរទេស មន្ត្រីស្ថានទូតនៅក្រៅប្រទេសជាលើកទី៤៤ នៅក្នុង ខែកក្កដានេះ។ កន្លងមកកិច្ចប្រជុំមន្ត្រីស្ថានទូតធ្វើឡើងនៅខែកក្កដាឆ្នាំ២០១៥ ហើយ តាំងពីពេលនោះមកមិនដែល មានកិច្ច ប្រជុំនោះបែបនេះទៀតឡើយ។

ក្រុមអ្នកអង្កេតការណ៍បាន លើកឡើង ថា នៅក្នុងកិច្ចប្រជុំនោះ មេដឹកនាំគីម ជុងអ៊ុន នឹងលើកឡើងពីគោលនយោបាយ ក៏ដូចជា គាំទ្រស្មារតីធ្វើការ នៅមុនខួប គម្រប់ ៧០ឆ្នាំ ទិវាជាតិ ថ្ងៃទី៩ ខែកញ្ញា ខាងមុខ។

នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត ដែលពាក់ព័ន្ធនោះដែរ សហរដ្ឋអាមេរិក បានបញ្ជាក់ពីគោលជំហរដដែលៗថា ពុំមាន ការកំណត់ពេលវេលា សម្រាប់ការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុង នៃប្រទេស កូរ៉េខាងជើងនោះឡើយ។

ការបញ្ជាក់អះអាងម្តងទៀតដោយអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក ស្រី ហ៊ីធើរ ណើត (Heather Nauert) នេះគឺ ស្របទៅនឹងអ្វីដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយនាប៉ុន្មាន ថ្ងៃមុននេះ ទាក់ទិននឹងពេលវេលាកំណត់ ព្រមទាំងល្បឿន នៃកិច្ចចរចានុយក្លេអ៊ែរ របស់ទីក្រុងវ៉ាស៊ីនតោន ជាមួយទីក្រុងព្យុង យ៉ាង។

គួររំលឹកថា ការព្រមព្រៀងរំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ ត្រូវបានធ្វើឡើងនៅក្នុងជំនួបកំពូលជាប្រវត្តិសាស្រ្តរវាងលោក ត្រាំ នឹងប្រមុខដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន កាលពីពាក់កណ្តាលខែមិថុនានៅឯប្រទេសសិង្ហបុរី ហើយអ្វី ដែលកំពុងចេញជាផ្លែផ្កាមុនគេនោះ គឺការព្រមប្រគល់អដ្ឋិធាតុទាហានអាមេរិក ដែល កូរ៉េខាងជើងធ្វើឡើង នាពេលឆាប់ៗនេះ៕ ម៉ែវ សាធី


ចែករំលែក៖