ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីបារាំងប្រកាសចាប់ផ្តើមសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិកនឹងអឺរ៉ុប

ចែករំលែក៖

សារព័ត៌មាន Sputnik បានផ្សាយថា រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបារាំង លោក Bruno Le Maire កាលពីថ្ងៃទី២២ ខែកក្កដា បានប្រកាសថា សង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក នឹងអឺរ៉ុបបានចាប់ផ្តើមជាផ្លូវការណ៍ហើយ។

សារព័ត៌មានរ៉យទ័របានដកស្រង់សម្តីលោក Bruno Le Maire ប្រកាសនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រី G 20 ថា«ប្រទេសទាំងអស់នៅក្នុង ក្រុម G20 បានយល់ថា សង្គ្រាមពាណិជ្ជកម្មគឺជាការពិត ហើយអាចរាលដាលនៅទូទាំងពិភពលោក»។

តាមសារព័ត៌មាន Europa Press បានផ្សាយថា រដ្ឋមន្ត្រី Bruno Le Maire បានផ្តល់មតិថា អាមេរិកចាំបាច់ត្រូវតែ អនុវត្តកិច្ចពិភាក្សាជាលើកដំបូង ហើយបើខ្វះកិច្ចពិភាក្សានោះ គណកម្មការអឺរ៉ុបនឹងមានវិធានការរបស់ខ្លួន ដើម្បីការពារ»។ លោក Bruno Le Maire បន្តទៀតថា លោកបានស្នើដល់អាមេរិកឲ្យវិលត្រឡប់ទៅកាន់ទស្សនរួមគោរពច្បាប់ពិភពលោក និងទំនាក់ទំនងសម្ពន្ធមិត្ត។

នៅក្នុងកិច្ចប្រជុំ G20 ដែលបានធ្វើឡើងនៅក្នុងរដ្ឋធានី Buenos Aires ប្រទេសអាហ្សង់ទីន បណ្តារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអគ្គនាយកធានាគារជាតិប្រទេសទាំង២០ បានចាត់ទុកថា ភាពតានតឹងនៅក្នុងវិស័យពាណិជ្ជកម្ម ចាំបាច់ត្រូវតែមានកិច្ចពិភាក្សា រកដំណោះស្រាយក្នុងពេលដែលកំពុងរាលដាលជាទ្រង់ទ្រាយធំនៅលើពិភពលោក។

ប្រទេសស្ថិតនៅក្នុងក្រុមភាគច្រើនជាសម្ព័ន្ធមិត្តរបស់អាមេរិក ហើយប្រទេសទាំងនោះអាចនឹងចាកចេញពីអាមេរិក ដើម្បីស្វែងរកដៃគូរពាណិជ្ជកម្មផ្សេងទៀត នៅពេលដែលអាមេរិកសម្រេចតម្លើងពន្ធដល់អឺរ៉ុបគ្មានការយោគយល់៕ ម៉ែវ សាធី


ចែករំលែក៖